Rodrygo រងការរើសអើងជាតិសាសន៍ បន្ទាប់ពីប្រកែកគ្នានឹង Messi
- ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៣:៥៣ នាទី រសៀល

Rodrygo ខ្សែប្រយុទ្ធ Real Madrid និងក្រុមជម្រើសជាតិប្រេស៊ីល រងការផ្ញើសាររើសអើងជាតិសាសន៍នៅលើបណ្តាញសង្គម បន្ទាប់ពីរូបគេបានប្រកែកគ្នា នៅលើទីលានប្រកួតជាមួយនឹង Lionel Messi នៅក្នុងជំនួបដែលប្រេស៊ីលចាញ់អាហ្សង់ទីន ១-០ វគ្គជម្រុះពានរង្វាន់ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង។

ប្រេស៊ីលចាញ់ការប្រកួតក្រោមថ្វីជើងអាហ្សង់ទីន ១-០ ក្នុងទីក្រុង Rio de Janeiro ហើយជាការចាញ់លើកទី៣ ជាប់គ្នានៅវគ្គជម្រុះតំបន់។ ជំនួបរវាងប្រេស៊ីល និងអាហ្សង់ទីន ត្រូវបានរំខានដោយបញ្ហាអំពើហិង្សារវាងអ្នកគាំទ្រអាហ្សង់ទីន និងប្រេស៊ីល និងរវាងមន្ត្រីប៉ូលិសទល់អ្នកគាំទ្រអាហ្សង់ទីន នៅក្នុងកីឡដ្ឋាន Maracana បណ្តាលឱ្យការប្រកួតពន្យាពេលជាង ៣០នាទី។
អំឡុងការប្រកួតវិញ Messi ត្រូវបានគេឃើញឈ្លោះប្រកែកគ្នាជាមួយនឹងកីឡាវ័យក្មេង Rodrygo របស់ប្រេស៊ីល រហូតដល់ខ្សែការពារប្រធានក្រុម Marquinhos ចូលមកបំបែក។ បន្ទាប់ពីការប្រកែកគ្នាលើទីលាន Rodrygo ត្រូវបានគេផ្ញើសារជាច្រើនក្នុងន័យរើសអើង ដោយមានការដាក់រូបស្វា និងរូបភាពផ្លែចេកជាដើម ព្រមទាំងពាក្យប្រមាថផ្សេងៗ។
«ការរើសអើងពូជសាសន៍តែងតែមាននៅពេលខ្ញុំបំពេញកាតព្វកិច្ចដល់ប្រទេសជាតិ។ បណ្តាញសង្គមរបស់ខ្ញុំត្រូវបានគេឈ្លានពានដោយការប្រមាថ និងគ្រប់រូបភាពដែលមិនសមហេតុផល។»។ Rodrygo បានសរសេរបង្ហោះនៅបណ្តាញសង្គម Instagram របស់គេបែបនេះ។
ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Real Madrid ក៏បានប្តេជ្ញាបន្ថែមទៀតថា រូបគេនឹងបន្តប្រឆាំងរាល់អំពើរើសអើងពូជសាសន៍ ហើយនឹងបន្តធ្វើភារកិច្ចក្រុមជម្រើសជាតិ ឱ្យកាន់តែល្អបន្ថែមទៀត។
ក្រុមប្រេស៊ីលបច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ក្រោយឆ្លងកាត់ ៦ប្រកួត រកបានត្រឹមតែ ៧ពិន្ទុ តែប៉ុណ្ណោះ ដោយឈ្នះ ២ប្រកួត ចាញ់៣ ស្មើ ១ប្រកួត។ ចំណែកក្រុមអាហ្សង់ទីនជាក្រុមស្ថិតនៅកំពូលតារាង ដោយមាន ១៥ពិន្ទុ ពីការប្រកួតចំនួន ៦ លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: