កាសែត New York Times៖ អ៊ីស្រាអែលដឹងផែនការវាយប្រហាររបស់ហាម៉ាសតាំងពីមួយឆ្នាំមុន
  • ថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ ​​ ម៉ោង ១១:២៩ នាទី ព្រឹក
កាសែត New York Times៖ អ៊ីស្រាអែលដឹងផែនការវាយប្រហាររបស់ហាម៉ាសតាំងពីមួយឆ្នាំមុន

អ៊ីស្រាអែល បានដឹងពីផែនការវាយប្រហាររបស់ក្រុមហាម៉ាសតាំងពី១ឆ្នាំមកម្ល៉េះ។ កាសែតអាម៉េរិក The New York Times ផ្សាយបែបនេះនៅថ្ងៃទី១ ខែធ្នូ។ ការវាយប្រហារនៅថ្ងៃទី៧ ខែតុលា បានសម្លាប់មនុស្សរាប់រយនាក់នៅអ៊ីស្រាអែល ហើយនាំឱ្យអ៊ីស្រាអែលបើកយុទ្ធនាការកម្ចាត់ក្រុមសកម្មជនរបស់ប៉ាឡេស្ទីននៅកាហ្សាថែមទៀត។
TTN-Free-Banner-In-Article-PC
របាយការណ៍របស់កាសែតអាម៉េរិកជុំវិញការដឹងឮពីផែនការរបស់ក្រុមហាម៉ាសពេលនេះ ជាសញ្ញាថ្មីមួយទៀតដែលបង្ហាញពីការមិនអើពើរបស់អ៊ីស្រាអែលចំពោះគ្រោះថ្នាក់បែបនេះ។
 
បើតាមកាសែត The New York Times មន្ត្រីអ៊ីស្រាអែលទទួលបានផែនការប្រយុទ្ធកម្រាស់៤០ទំព័រ ដែលមានឈ្មោះថា «កំពែង Jericho (Jericho Wall)» ដែលរៀបរាប់លម្អិតអំពីការវាយប្រហាររបស់ពួកហាម៉ាសលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល។ ប៉ុន្តែកាសែតដដែលមិនបញ្ជាក់ថា ឯកសារខាងលើធ្លាក់ដល់ដៃអ៊ីស្រាអែលដោយរបៀបណាមួយ។ ក្នុងការផ្សាយរបស់ខ្លួន អត្ថបទនោះត្រូវបានបកប្រែ ដែលនេះបង្ហាញវាអាចត្រូវបានសរសេរជាអក្សរអារ៉ាប់។
 
យោធាអ៊ីស្រាអែលបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះឡើយ តែបញ្ជាក់ថា ខ្លួនកំពុងផ្តោតការយកចិត្តទុកដាក់លើការលុបបំបាត់ការគំរាមកំហែងពីហាមម៉ាស។ បើតាមយោធាអ៊ីស្រាអែល ចម្ងល់លើរឿងនេះ នឹងត្រូវស្រាយនៅពេលបន្ទាប់។
 
កាសែតអាម៉េរិកក៏រាយការណ៍ដែរថា ឯកសារដែលត្រូវបានស្ទាក់បាននេះ ក៏ត្រូវបានពិនិត្យដោយមន្ត្រីយោធា និងចារកម្មអ៊ីស្រាអែលជាច្រើននាក់ តែមិនច្បាស់ថា នាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ ឬមន្រ្តីថ្នាក់ខ្ពស់ឯទៀតបានឃើញឬអត់ឡើយ។
 
ឯកសារនេះបានបង្ហាញពីផែនការរបស់ក្រុមហាម៉ាសដែលចង់ទម្លាក់គ្រាប់បែកលើអ៊ីស្រាអែលដោយគ្រាប់រ៉ុក្កែត ប្រើប្រាស់ដ្រូន ដណ្តើមកាន់កាប់សហគមន៍ភាគខាងត្បូង និងមូលដ្ឋានយោធាអ៊ីស្រាអែល។ ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះមនុស្ស១២០០នាក់ត្រូវបានសម្លាប់ និង២៤០នាក់ទៀត ត្រូវបានចាប់ពង្រត់ និងនាំយកទៅកាន់តំបន់ហ្គាហ្សា សុទ្ធសឹងជាអ្វីដែលមានក្នុងផែនការនេះ៕
 
 
 
 

អ្នកសរសេរអត្ថបទ

តន ចាន់រិទ្ធារ៉ា ចូលប្រឡូូកក្នុងវិស័យសារព័ត៌មានក្នុងឆ្នាំ២០១៥។ ធារ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រសិក្សាអន្តរជាតិពីវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០១៦៕ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

តន ចាន់​រិ​ទ្ធា​រ៉ា