លោក កែវ រ៉េមី គាំទ្រដល់អ្នកស្រឡាញ់ភេទដូចគ្នា ដោយមិនទុកឱ្យឯកោ...
- ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៧:៥៩ នាទី ល្ងាច

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ រូបភាពពីលោក IM Manith
ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រកាសគាំទ្រដល់អ្នកស្រឡាញ់ភេទដូចគ្នា និងមិនទុកឱ្យពួកគេឯកោឡើយ។ លោក លើកឡើងបែបនេះ នៅក្នុងកិច្ចសន្ទនាបន្តរវាងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងរាជរដ្ឋាភិបាលកម្ពុជា អំពីការអនុវត្តអនុសាសន៍ការពិនិត្យឡើងវិញជាសាកលតាមកាលកំណត់ (យូ ភី អ) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីថ្ងៃទី៤ ធ្នូ។

ក្នុងឱកាសអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងបណ្ដាញ អង្គការសង្គមស៊ីវិល បានរៀបចំកិច្ចសន្ទនាជាមួយតំណាងក្រសួង-ស្ថាប័នថ្នាក់ជាតិ និងអ្នកពាក់ព័ន្ធអំពីវឌ្ឍនភាពនៃជំហានបន្ទាប់ ដើម្បីជំរុញការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូស្រករភេទដូចគ្នានៅកម្ពុជា។ កិច្ចសន្ទនានេះ មានអ្នកចូលរួមប្រមាណ២០០នាក់ ដែលមានតំណាងពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា, ក្រសួងមហាផ្ទៃ, អាជ្ញាធរមូលដ្ឋាន, សមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាមកពី២០រាជធានី/ខេត្ត, ឪពុកម្តាយ-សមាជិកក្រុមគ្រួសាររបស់អ្នកស្រឡាញ់ភេទដូចគ្នា។
ក្នុងកម្មវិធីខាងលើ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកទឹកចិត្តដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាឱ្យចេះតស៊ូ បន្តការពារគ្នាទៅវិញទៅមក និងត្រូវធ្វើការវិជ្ជមានតាមជំនាញរៀងៗខ្លួន ដើម្បីសង្គមជាតិកម្ពុជា។ «ក្នុងនាមខ្ញុំជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមគាំទ្រដល់បងប្អូនកូនក្មួយទាំងអស់ មិនឱ្យនៅឯកោ»។ នេះជាការបញ្ជាក់របស់លោក កែវ រ៉េមី ទៅកាន់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ តែងចូលរួមដោះស្រាយបញ្ហា និងផ្សព្វផ្សាយសិទ្ធិសេរីរបស់ពីអ្នកស្រឡាញ់ភេទដូចគ្នាដោយផ្ទាល់ និងប្រយោល។ លោក កែវ រ៉េមី ក៏បានសរសើរដល់អ្នកស្រឡាញ់ភេទដូចគ្នាដែលចេះប្រឹងប្រែងជម្នះបញ្ហានានា និងខំពង្រីកសមត្ថភាពចូលរួមអភិវឌ្ឍន៍សង្គម។
ក្នុងកិច្ចសន្ទនានេះ សមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាបានចែករំលែកសាច់រឿងរបស់ខ្លួន និងបានបន្ដកំណត់យកការទទួលបានសិទ្ធិសមភាពច្បាប់អាពាហ៍ពិពាហ៍ គឺជាអាទិភាពចម្បង ដើម្បីការពារសិទ្ធិស្មើគ្នាក្នុងផ្នែកអាពាហ៍ពិពាហ៍ និងគ្រួសារ។ សូមបញ្ជាក់ថា សមភាពច្បាប់អាពាហ៍ពិពាហ៍ គឺជាអាទិភាពចម្បងដែលបានកំណត់ដោយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីធានានូវការមិនរើសអើង សមភាពពេញលេញ និងបរិយាប័ន្នសង្គមសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព «មិនទុកនរណាម្នាក់ចោល»៕






© រក្សាសិទ្ធិដោយ thmeythmey.com
Tag: