អូស្ត្រាលី និងប៉ាពូអាស៊ីនូវែលហ្គីណេចុះកិច្ចព្រមព្រៀងសន្តិសុខ ខណៈមានការគំរាមសន្តិសុខពីចិនក្នុងតំបន់
  • ថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ ​​ ម៉ោង ៣:៣៩ នាទី រសៀល
អូស្ត្រាលី និងប៉ាពូអាស៊ីនូវែលហ្គីណេចុះកិច្ចព្រមព្រៀងសន្តិសុខ ខណៈមានការគំរាមសន្តិសុខពីចិនក្នុងតំបន់
នាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ លោក James Marape (ឆ្វេង) ជាមួយសមភាគីអូស្រ្តាលី លោកអាន់តូនី អាល់បានីស នៅថ្ងៃទី៧ ខែធ្នូ។ រូបភាព AFP

ក្រោយកិច្ចខិតខំតាំងពីដើមឆ្នាំមក អូស្ត្រាលី នាថ្ងៃទី៧ ខែធ្នូ បានចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប៉ាពូអាស៊ីនូវែលហ្គីណេហើយ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ខណៈ មើលឃើញពីការគំរាមកំហែងរបស់ចិននៅក្នុងតំបន់។
TTN-Free-Banner-In-Article-PC
 
កាលពីដើមឆ្នាំ ២០២៣​ រដ្ឋាភិបាលទីក្រុងកង់បេរ៉ា បានជំរុញឱ្យមានសន្ធិសញ្ញាសំខាន់មួយសម្រាប់ពង្រឹង ផ្នែកសន្តិសុខនៃប្រទេសទាំងពីរ ប៉ុន្តែប៉ាពូអាស៊ីនូវែលហ្គីណេមិនចង់ចូលរួមក្នុងកិច្ចព្រមព្រៀងឡើយ ព្រោះបារម្ភពីការប៉ះពាល់ដល់សិទ្ធិអធិបតេយ្យភាព។ 
 
កិច្ចព្រមព្រៀងសន្តិសុខនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុងរបស់ប៉ាពូអាស៊ីនូវែលហ្គីណេ តាមរយៈជំនួយបន្ថែមទៀត ពាក់ព័ន្ធនឹងផ្នែកប៉ូលិសក្នុងការទប់​ស្កាត់​ការ​ជួញដូរ​អាវុធ ការ​រត់ ពន្ធ​គ្រឿងញៀន និង​អំពើ​ហិង្សា​កុលសម្ព័ន្ធ ការការពារ និងប្រព័ន្ធតុលាការ ខណៈប្រទេសដ៏ ធំបំផុតនៅតំបន់កោះប៉ាស៊ីហ្វិកនេះ ស្វែងរកការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ 
 
នាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ លោក James Marape បានមានប្រសាសន៍ក្នុង សន្និសីទសារព័ត៌នៅទីក្រុងកង់បេរ៉ាថា កិច្ចព្រមព្រៀងជាមួយអូស្ត្រាលី បានបង្ហាញពីទំនាក់ទំនងបងប្អូនជិតស្និទ្ធ។ ប៉ុន្តែ មេដឹកនាំរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរពីការមិនជ្រើសរើសភាគីណាមួយ និងការប្រកាន់យក គោលនយោបាយការបរទេសជាមិត្ត ចំពោះប្រទេសទាំងអស់។
 
ចំណែក នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស នៅថ្ងៃទី៧ ខែធ្នូ បានលើកឡើងថា កិច្ចព្រមព្រៀងខាងលើ នឹងធ្វើឱ្យអូស្ត្រាលីជួយប៉ាពូអាស៊ីនូវែលហ្គីណេដោះស្រាយតម្រូវការសន្តិសុខផ្ទៃក្នុងបាន ស្រួលជាងមុន និងសម្រាប់ប្រទេសទាំងពីរគាំទ្រដល់សន្តិសុខរបស់គ្នាទៅវិញទៅមក ដើម្បីរក្សាស្ថិរភាពក្នុងតំបន់។
 
ជុំវិញរឿងនេះផងដែរ រដ្ឋមន្ត្រីអភិវឌ្ឍអន្តរជាតិ និងប៉ាស៊ីហ្វិកអូស្ត្រាលី លោក Pat Conroy បានប្រាប់ក្រុមហ៊ុន Australian Broadcasting ថា កិច្ចព្រមព្រៀងមានអំណាចដូចសន្ធិសញ្ញា ហើយអូស្ត្រាលីនឹង ចំណាយប្រាក់ ១៣០ លានដុល្លារលើការបណ្ដុះបណ្ដាល និងរចនាសម្ព័ន្ធប៉ូលិស ដើម្បីជួយប៉ាពូអាស៊ីនូវែលហ្គីបង្កើនកម្លាំងប៉ូលិសដល់ ១ម៉ឺននាក់។ ប៉ូលិសអូស្ត្រាលី និង មកពីបណ្ដាប្រទេស Commonwealth ផ្សេងទៀតនឹងត្រូវ បានជ្រើសរើសដោយ ប៉ាពូអាស៊ីនូវែលហ្គីណេ។ 
 
បន្ថែមពីនេះ កិច្ចព្រមព្រៀងខាងលើបញ្ជាក់ផងដែរថា ប្រទេសទាំងពីរនឹងពិភាក្សាគ្នា ប្រសិន បើមានការគំរាមកំហែងដល់សន្តិភាពនៅក្នុងតំបន់ប៉ាស៊ីហ្វិក ឬការវាយប្រហារប្រដាប់អាវុធ ខាងក្រៅលើភាគីណាមួយនោះ។ កិច្ចព្រមព្រៀងនេះក៏គ្របដណ្តប់លើការចែករំលែកព័ត៌មាន ដែលបានចាត់ថ្នាក់ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ អ៊ីនធឺណិត សុវត្ថិភាពដែនសមុទ្រ អាកាសចរណ៍ និងសុខភាពផងដែរ។ 
 
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងគំរាមកំហែងនៅក្នុងតំបន់ និង បានស្វះស្វែងរកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក។ កន្លងមក ចិនបានចុះកិច្ចព្រមព្រៀង ក្នុងការហ្វឹកហាត់ប៉ូលិស នៅប្រជុំកោះសូឡូម៉ុន និងវ៉ានូទូ ដែលបង្កឱ្យមានក្តីបារម្ភចំពោះអាម៉េរិក និងអូស្រ្តាលី៕ 

អ្នកសរសេរអត្ថបទ

ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោង​នៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា ពេជ្រដាឡែន