ឱកាសទៅរៀននៅរុស្ស៊ីលើជំនាញនុយក្លេអ៊ែរស៊ីវិល, សិល្បៈ, វេជ្ជសាស្ត្រ, វិស្វកម្មយន្តហោះ..
- ថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៧:២៩ នាទី ល្ងាច

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហាររូបករណ៍៤០កន្លែង ដែលផ្តល់ដោយរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ សម្រាប់សិស្ស-និស្សិត មន្ត្រីរាជការកម្ពុជា។

បើតាមលិខិតចុះហត្ថលេខាដោយលោក ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ អាហារូបករណ៍ទាំងនោះ មានគ្រប់កម្រិតសិក្សា រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងជំនាញឯកទេស ដែលត្រូវសិក្សាផ្ទាល់នៅប្រទេសរុស្ស៊ី។
អាហារូបករណ៍១កន្លែង នឹងផ្តល់សម្រាប់ជំនាញ សិល្បៈ, វប្បធម៌, តូរ្យតន្ត្រី, ចម្រៀង, ភាពយន្ត។ អាហារូបករណ៍១៥កន្លេងសម្រាប់ជំនាញ នុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធ ដូចជា Mathematics and Physics, Nuclear Power Engineering and Thermal Physics, Electric Power Engineering and Electrical Engineering, Nuclear Medicine, Biotechnical Systems and Technology, Materials Science and Technology, Astronomy, Chemical Technology ។ល។
ចំនួន២៤កន្លែងទៀត នឹងផ្តល់សម្រាប់ជំនាញទូទៅរួមមាន វិស្វកម្មយន្តហោះ វិស្វកម្មមេកានិច ស្ថាបត្យកម្ម សំណង់ស៊ីវិល ព័ត៌មានវិទ្យា ទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្ត្រនយោបាយ សេដ្ឋកិច្ច គ្រប់គ្រង ច្បាប់ បរិស្ថាន កសិកម្ម ទេសចេណ៍ វិទ្យាសាស្ត្រអាហារូបត្ថម្ភ។ល។
បេក្ខជនត្រូវចុះឈ្មោះតាមរយៈគេហទំព័រ៖ https://education-in-russia.com ដោយកាលបរិច្ចេទចុងក្រោយគឺទី១៥ ខែធ្នូ ឬអាចទាក់ទងផ្ទាល់ជាមួយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: