ពលរដ្ឋខ្មែរ អាចចាយប្រាក់រៀលនៅចិនបានតាមការស្កេនឃ្យូអរកូត UnionPay ពីឆ្នាំ២០២៤តទៅ
- ថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៩:០០ នាទី យប់

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ NBC
ពីដើមឆ្នាំ២០២៤តទៅ ពលរដ្ឋកម្ពុជាអាចប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធទូទាត់បាគង ឬក៏កម្មវិធីធនាគារចល័តនានា ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្មនៅប្រទេសចិន និងបណ្តាប្រទេសនានាក្នុងពិភពលោកដែលមានបណ្តាញទូទាត់ UnionPay។ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក៏ប៉ុន្តែ ការទូទាត់លើថ្លៃទំនិញ ឬសេវាកម្មនេះ អាចធ្វើបានលុះត្រាតែ ពលរដ្ឋមានគណនីជាប្រាក់រៀលដែលធ្វើឡើងតាមរយៈការស្កេនឃ្យូអរកូត (UnionPay QR Code) របស់ក្រុមហ៊ុន UPI ដោយមិនមែនជាទូទាត់ជាក្រដាសប្រាក់ឡើយ ។

ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ជាផ្លូវការរវាងប្រព័ន្ធទូទាត់បាគងរបស់ធនាគារជាតិនៃកម្ពុជា និងបណ្តាញទូទាត់របស់ក្រុមហ៊ុន UPI នៅរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ បើតាមលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូតនេះ គឺជាសមិទ្ធផលថ្មីមួយទៀត នៃចក្ខុវិស័យពង្រីកវិសាលភាពប្រតិបត្តិការទូទាត់ឆ្លងដែន តាមឃ្យូអរកូតរបស់ប្រព័ន្ធបាគង ឱ្យកាន់តែទូលំទូលាយ។
លោកស្រីបានបន្តរៀបរាប់ថា តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់ក្រុមហ៊ុន UPI អាចស្កេន KHQR Code ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្ម ទៅឱ្យអាជីវករឬម្ចាស់ហាងលក់ទំនិញ-សេវាកម្មនៅកម្ពុជាជាប្រាក់រៀលបាន។ ដូចគ្នាដែរ ចាប់ពីដើមឆ្នាំ២០២៤ តទៅ ប្រជាជនកម្ពុជាក៏អាចប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធទូទាត់បាគង ឬក៏កម្មវិធីធនាគារចល័តឯកជន ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្មនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗដែលមានបណ្តាញទូទាត់ UnionPay ដោយគ្រាន់តែស្កេនឃ្យូអរកូត (UnionPay QR Code) របស់ក្រុមហ៊ុន UPI។
«ដើម្បីទទួលអត្ថប្រយោជន៏នៃកិច្ចសហការនេះ ទេសចរកម្ពុជាទៅប្រទេសចិន ត្រូវមានប្រាក់រៀលក្នុងគណនីទើបអាចចាយតាម QR របស់ UnionPay បាន។ អ្នកលក់នៅកម្ពុជា ក៏ត្រូវបើកគណនីជាប្រាក់រៀល និងទទួលការទូទាត់ជាប្រាក់រៀល ទើបទេសចរចិនអាចបង់លុយតាម KHQR បាន»។ លោកស្រី ជា សិរី បញ្ជាក់បែបនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។
Relate
ក្រៅពីប្រតិបត្តិទូទាត់សងប្រាក់ឆ្លងដែនតាមQR Code ជាមួយ UnionPay ហើយនោះ បច្ចុប្បន្ន កម្ពុជាក៏មានកិច្ចសហការលើការទូទាត់នេះជាមួយប្រទេសក្នុងតំបន់ និងបណ្តានានា រួមទាំងក្រុមហ៊ុនធំៗមួយចំនួនក្នុងពិភពលោក។ ដូចជា៖ ជាមួយប្រទេសថៃ ឡាវ វៀតណាម ជប៉ុន និងជាមួយក្រុមហ៊ុនAlipay របស់ចិន ជាដើម។ ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជា ក៏មានផែនការពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌា ផងដែរ។
ធនាគារជាតិ ប្រឹងប្រែងធ្វើបែបនេះ ក្នុងគោលដៅជំរុញការប្រើប្រាស់រៀល ជំនួសឱ្យការប្រើប្រាស់ប្រាក់ដុល្លារក្នុងការធ្វើពាណិជ្ជកម្ម ការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម និងលំហូរទេសចរ ជាដើម ផងដែរ។ សមិទ្ធផលដែលធនាគារជាតិនៃកម្ពុជា សម្រេចនាពេលនេះបានឆ្លុះបញ្ចាំងពីគោលបំណងនៃសហគមន៍អាស៊ាន ដែលប្តេជ្ញាលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនជារូបិយវត្ថុជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ក៏ដូចជាបានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការជំរុញបរិវត្តន៍កម្មឌីជីថល និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា ជាមួយដៃគូ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: