មនុស្សជិតកន្លះផែនដី មានបញ្ហាសុខភាពមាត់ធ្មេញ
- ថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៩:៣០ នាទី ព្រឹក

ធ្មេញរបស់កុមារ Bissa Kenda ។ RFI
ដោយ៖ អៀង សុខម៉ិញ
បើតាមសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ទី ១៧ វិច្ឆិកា ២០២២ មានប្រជាពលរដ្ឋ ប្រមាណ៣៥០០លាននាក់ ពោលគឺជិតពាក់កណ្តាលនៃប្រជាជនសរុបនៅលើភពផែនដី មានបញ្ហាសុខភាពមាត់និងធ្មេញ។ ដង្កូវស៊ីធ្មេញ ជាជំងឺដែលមានកើតច្រើនញឹកញាប់ជាងគេ។

ក្នុងចំណោមប្រជាជនសរុបរស់នៅលើផែនដីចំនួន ៨ពាន់លាននាក់ (គិតត្រឹមថ្ងៃទី ១៥ វិច្ឆិកា ២០២២) ៤៥% ឬត្រូវជា៣៥០០លាននាក់ មានជំងឺដង្កូវស៊ីធ្មេញ ជំងឺអញ្ចាញ (ហើម-រលាក អញ្ចាញ) និងជំងឺមហារីកមាត់ធ្មេញ។ នេះបើតាមរបាយការណ៍ថ្មី របស់អង្គការសុខភាពពិភពលោក ទើបចេញផ្សាយកាលពីថ្ងៃទី ១៧ វិច្ឆិកា ២០២២ ដែលលាតត្រដាងជាលើកទីមួយ អំពីទំហំនៃជំងឺមាត់ធ្មេញលើផែនដី ក្នុង១៩៤ប្រទេស។ ក្នុងអំឡុងពេល៣០ឆ្នាំចុងក្រោយមកនេះ ករណីអ្នកមានបញ្ហាមាត់ធ្មេញ បានកើនឡើងចំនួន ១ពាន់លាននាក់។
**Audio1**
**Audio1**
តួលេខនេះ ជាសន្ទទស្សន៍ដ៏ច្បាស់លាស់មួយបញ្ជាក់ឱ្យឃើញថា មានមនុស្សច្រើនខ្លាំងណាស់ ដែលគ្មានលទ្ធភាពទទួលបានការការពារ និងការព្យាបាលជំងឺមាត់ធ្មេញទេ ទើបត្រូវធ្លាក់ខ្លួន មានជំងឺដង្កូវស៊ីធ្មេញ ហើមរលាកអញ្ចាញ បាក់ធ្មេញ និងមហារីក។ នេះបើតាមរបាយការណ៍ដដែល។ ធ្មេញដង្កូវស៊ី គ្មានការព្យាបាល ជាជំងឺមាត់ធ្មេញដែលកើតឡើងច្រើនជាងគេ និងលើមនុស្សជាង២៥០០លាននាក់។ ចំណែក១ពាន់លាននាក់ផ្សេងទៀត មានជំងឺអញ្ចាញ ដែលជាដើមហេតុដ៏ចម្បងនាំឱ្យមនុស្សបាក់ធ្មេញអស់។ បើតាមអង្គការសុខភាពពិភពលោក ក្នុងមួយឆ្នាំៗ មានករណីជំងឺមហារីកមាត់ធ្មេញថ្មី ចំនួន ប្រមាណ៣៨០ ០០០នាក់។ កត្តាហានិភ័យចម្បងគេ នាំឱ្យមានបញ្ហាមាត់ធ្មេញ គឺបណ្តាលមកពីការទទួលទានស្ករច្រើនជ្រុល និងជក់បារីហើយទទួលទានសុរា។
ដោយមិនចម្លែក បើតាមរបាយការណ៍ដដែល បីភាគបួននៃអ្នកជំងឺមាត់ធ្មេញរស់នៅក្នុងប្រទេសក្រីក្រនិងមធ្យម។ ប៉ុន្តែនៅលើពិភពលោកទាំងមូល មិនថានៅក្នុងប្រទេសណា តំបន់ណាទេ គឺអ្នកក្រ ជនពិការ ឬមនុស្សចាស់ និងអ្នកងាយរងគ្រោះ ដែលពុំអាចទទួលបានការព្យាបាលនិងថែទាំសុខភាពមាត់ធ្មេញត្រឹមត្រូវ ព្រោះគ្មានមធ្យោបាយ។ ការព្យាបាលធ្មេញ ថ្លៃខ្លាំងណាស់។
របាយការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញជាថ្មី និងយ៉ាងក្រឡែត អំពីវិសមភាពក្នុងសេវាសុខភាពមាត់ធ្មេញ និងគូសបញ្ជាក់ដោយចំៗអំពីបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ចំពោះការថែរក្សាព្យាបាលសុខភាពមាត់ធ្មេញ រហូតបណ្តោយឱ្យជំងឺលេចឡើងយ៉ាងច្បាស់ និងមិនអាចលាក់បាំងបាន ក្នុងចំណោមប្រជាជនក្រីក្រ និងទន់ខ្សោយងាយរងគ្រោះខ្លាំង។
សម្រាប់លោកអគ្គលេខាធិការអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ពិភពលោកធ្វេសប្រហែសនឹងបញ្ហាសុខភាពមាត់ធ្មេញ តាំងពីដើមមក បើទោះបីជាដឹងថា វិធានការការពារដែលចំណាយអស់តិចសោះ អាចបញ្ចៀសមនុស្សមួយចំនួនធំមិនឱ្យមានបញ្ហាសុខភាពមាត់ធ្មេញក៏ដោយ។ ហេតុដូច្នេះហើយបានជាលោក ចេញសេចក្តីថ្លែងការណ៍ លើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់ប្រទេស ប្រយុទ្ធប្រឆាំងនឹងកត្តាហានិភ័យប្រចាំថ្ងៃ ដោយត្រូវអប់រំប្រជាពលរដ្ឋឱ្យយល់អំពីរបបអាហារត្រឹមត្រូវ មានជាតិស្ករតិច ឈប់ជក់បារីចុកថ្នាំ កាត់បន្ថយការទទួលទានសុរា និងមានថ្នាំដុះធ្មេញល្អ សម្បូរជាតិFluore ដែលថោកល្មមឱ្យពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានលទ្ធភាពទិញបាន។ នៅក្នុងអនុសាសន៍ អង្គការសុខភាពពិភពលោក បានធ្វើបញ្ជីរាយសំណើមួយចំនួនធំ សម្រាប់ឱ្យគ្រប់ប្រទេសដោះស្រាយនិងគិតគូរបញ្ហាសុខភាពមាត់ធ្មេញ មានជាអាទិ៍ការអំពាវនាវឱ្យបញ្ចូលសេវាថែទាំមាត់ធ្មេញ ទៅក្នុងប្រព័ន្ធកម្មវិធីថែទាំសុខភាពបឋមតែម្តង។
នៅពេលមាត់ធ្មេញ អញ្ចាញ មានសុខភាពមិនល្អនោះ សុខភាពរាងកាយក៏ត្រូវប្រឈមនឹងគ្រោះថ្នាក់ដែរ ដោយផ្តើមដំបូង ជាអាការៈធុំក្លិនមាត់ រលាក បំពង់ក ក្រពះ ឬ បេះដូង។ ហើយនៅពេលថ្មីនេះៗ អ្នកស្រាវជ្រាវអាមេរិក បានទម្លាយការសម្ងាត់ តាមរយៈការសិក្សាពីរ ចេញផ្សាយនៅថ្ងៃទី ១៥វិច្ឆិកា ក្នុងទំព័រទស្សនាវដ្តី Cell Report និងនៅថ្ងៃទី ១៦វិច្ឆិកា ក្នុងទំព័រទស្សនាវដ្តី Nature ដែលបញ្ជាក់ថា មានបាក់តេរី នៅក្នុងមាត់ កប់ក្នុងកំណកជើងធ្មេញ របស់មនុស្សគ្រប់រូប ប្រភេទ Fusobacterium nucleatum អាចបណ្តែតនិងទៅផ្តុំ ក្នុងបរិមាណដ៏ច្រើនលើសលុប ក្នុងដុំសាច់មហារីកនៅមាត់ និងនៅពោះវៀនធំ។ អាចលាក់ខ្លួនក្នុងសរីរាង្គមហារីកហើយ បាក់តេរីនេះមានសមត្ថភាពបំប៉នកោសិកាមហារីកឱ្យរីករាលដាលទៅជាជំងឺមហារីកដំណាក់កាលមេតាស្តាយ៉ាងលឿនរហ័ស។ ជាងនេះទៅទៀត បាក់តេរីនេះ ចេះពង្វក់ប្រព័ន្ធការពារខ្លួន ឱ្យលែងចេះការពារសរីរាង្គទៀត។ សម្រាប់អ្នកស្រាវជ្រាវ ការសិក្សានេះ បង្ហាញឱ្យឃើញអំពីទំនាក់ទំនងជាយថាហេតុនៃសុខភាពមាត់ធ្មេញនិងហានិភ័យកើតជំងឺមហារីក៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: