ហេតុអ្វីជំងឺមហារីកស្ទុះឡើងខ្លាំងក្នុងចំណោមមនុស្សវ័យក្រោម៥០ឆ្នាំ ?
- ថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ១០:០០ នាទី យប់

ជំងឺ មហារីក កើតកាន់តែច្រើនឡើងៗ លើមនុស្សអាយុក្រោម៥០ឆ្នាំ។ common streams
ដោយ៖ អៀង សុខម៉ិញ
ក្មេងជំនាន់ក្រោយមានហានិភ័យកើតជំងឺមហារីកច្រើនជាងមុន និងក្នុងវ័យក្មេងជាងមនុស្សជំនាន់មុន។ បើតាមការសិក្សាអាមេរិកទើបចេញថ្មី ជំងឺមហារីកបានកើនឡើងយ៉ាងខ្លាំងក្នុងចំណោមមនុស្សអាយុក្រោម៥០ឆ្នាំ តាំងពីជាច្រើនទសវត្សរ៍មកហើយ។ តើអ្នកស្រាវជ្រាវពន្យល់អំពីបាតុភូតនេះយ៉ាងដូចម្តេច ?

ចំនួនមនុស្សកើតជំងឺមហារីកនិងស្លាប់ដោយជំងឺមហារីកថ្លើម នៅលើពិភពលោក នឹងកើនឡើងជាង៥៥% នៅរវាងពីពេលនេះទៅ ២០ឆ្នាំខាងមុខ ប្រសិនបើគ្មានវិធីទប់ស្កាត់វាទេ។ នេះបើតាមទិន្នន័យវិភាគថ្មី របស់ក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកអន្តរជាតិរបស់អង្គការសុខភាពពិភពលោក ចេញផ្សាយក្នុងទំព័រទស្សនាវដ្តី Journal of Hepatology កាលពី ថ្ងៃទី៦តុលា២០២២។ មានន័យថា បើយោលទៅតាមស្ថានភាពបច្ចុប្បន្ន ពីពេលនេះដល់ឆ្នាំ២០៤០ នឹងមានមនុស្ស១,៤នាក់កើតជំងឺមហារីកថ្លើម និង១,៣លាននាក់ស្លាប់ដោយជំងឺមហារីកថ្លើមក្នុងមួយឆ្នាំៗ។
**Audio1**
**Audio1**
ជំងឺមហារីកថ្លើមដែលងាយបញ្ចៀសបាន ប្រសិនបើគេកំរិតការទទួលទានសុរា និងព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេ បានត្រឹមត្រូវនោះ នឹងក្លាយជាមូលហេតុចម្បងគេមួយក្នុងចំណោមមូលហេតុបីដំបូងនៃមរណភាព ក្នុង៤៦ប្រទេស និងស្ថិតក្នុងចំណោមមូលហេតុ៥ដំបូងនៃមរណភាព នៅក្នុងជាង១០០ប្រទេស។ កំណើនករណីឈឺនិងស្លាប់ស្ទុះឡើងខ្លាំងជាងគេនៅតំបន់អាស៊ីខាងកើត អាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងជើង។
ប៉ុន្តែមិនមែនមានតែជំងឺមហារីកថ្លើមទេដែលកើនឡើងនោះ។ បើតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រអាមេរិក ចេញផ្សាយក្នុងទំព័រទស្សនាវដ្តី Nature Reviews Clinical Oncology កាលពីថ្ងៃទី ៦កញ្ញា មានជំងឺមហារីកចំនួន១៤មុខ ដែលកើនឡើងនិងកើតលើអ្នកជំងឺវ័យ ក្មេង អាយុក្រោម៥០ឆ្នាំ។ មានអ្នកជំងឺវ័យមិនទាន់៥០ឆ្នាំកាន់តែច្រើនឡើងៗ កើតជំងឺមហារីក។ នេះជាបាតុភូតគួរឱ្យព្រួយបារម្ភខ្លាំងណាស់ សម្រាប់ក្រុមអ្នកស្រាវជ្រាវអាមេរិក ដែលបានបញ្ជាក់បន្ថែមទៀតថា និន្នាការកំណើនជំងឺមហារីកក្មេង (អាយុក្រោម៥០ឆ្នាំ) បានចាប់ផ្តើម តាំងពី៣០ឆ្នាំមកហើយ។
រលកជំងឺមហារីកក្មេង ជាក្តីព្រួយបារម្ភព្រោះវាប៉ះពាល់ដល់ក្រុមចង្កោមមនុស្សដែលគ្មានភាពប្រឈមនឹងជំងឺមហារីក។ មហារីកមិនរើសអាយុកើតឡើយ តែជាទូទៅ អ្នកប្រឈមនឹងហានិភ័យមហារីក ច្រើនតែជាមនុស្សអាយុលើសពី៥០ឆ្នាំឡើងទៅ។ ប៉ុន្តែតាំងពីឆ្នាំ១៩៩០មក ចំនួនមនុស្សអាយុក្រោម៥០ឆ្នាំកើតជំងឺមហារីកកើនឡើងជាលំដាប់ នៅទូទាំងពិភពលោក។ ពោលគឺ មហារីកមុនកាល បានក្លាយជាជំងឺរាតត្បាតស្រេចទៅហើយ តាំងពីឆ្នាំ១៩៩០មក។ ហើយកាន់តែគួរព្រួយបារម្ភខ្លាំងទៅទៀត ៣០ឆ្នាំក្រោយ កំណើនអ្នកកើតមហារីកក្រោមអាយុ៥០ឆ្នាំមិនបន្ថយល្បឿនសោះ ។
ក្រុមអ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ Brigham and Women’s នៅក្រុងបូស្តុនសហរដ្ឋអាមេរិក បានប្រមូលទិន្នន័យមនុស្សធំពេញវ័យអាយុ៥០ឆ្នាំ នៅទូទាំងពិភពលោក ចន្លោះពីឆ្នាំ២០០០ទៅ២០១២ មកវិភាគឃើញថាមនុស្សពីជំនាន់មួយទៅជំនាន់មួយ ប្រឈមនឹងគ្រោះកើតជំងឺមហារីក ក្នុងវ័យកាន់តែ ក្មេងទៅៗ។ ក្រុមមនុស្សកើតនៅឆ្នាំ១៩៦០ មានហានិភ័យកើតជំងឺមហារីកមុនអាយុ៥០ឆ្នាំ ខ្ពស់ជាងក្រុមអ្នកកើតនៅឆ្នាំ១៩៥០ តែទាបជាងក្រុមអ្នកកើតនៅឆ្នាំ១៩៧០។ គ្រោះហានិភ័យឆាប់មានជំងឺមហារីក កាន់តែកើនខ្ពស់ថែមទៀត សម្រាប់កូនជំនាន់ក្រោយ ឬអ្នកកើតនៅទសវត្សរ៍ក្រោយៗមក។
ហេតុអ្វីមនុស្សអាយុក្រោម៥០ឆ្នាំ កាន់តែច្រើន មានជំងឺមហារីក ?
សម្រាប់អ្នកស្រាវជ្រាវ មូលហេតុ ដំបូងគេ គឺការប្តូរផ្លាស់របៀបរបបនិងបរិស្ថាននៃការរស់នៅប្រចាំថ្ងៃតាំងពីកើតមក ដូចជារបបចំណីអាហារ របបរស់នៅ ទម្ងន់ បរិយាកាស។ តាំងពីសង្គ្រាមលោកលើកទីពីរបានបញ្ចប់ទៅ និងជាពិសេស តាំងពីឆ្នាំ១៩៦០មក ចំណីអាហារឧស្សាហកម្មចាប់លូតលាស់ខ្លាំង ដែលបានបំប្លែង និងប្តូរផ្លាស់ទម្រង់ដើមនៃអាហារយ៉ាងខ្លាំង។
វេជ្ជបណ្ឌិត Tomotaka Ugai អ្នកដឹកនាំការសិក្សាចម្បងគេ បានគូសបញ្ជាក់ថា នៅក្នុងចំណោមជំងឺមហារីកទាំង១៤ ដែលកើននិងកើតកាន់តែច្រើនលើមនុស្សអាយុក្រោម៥០ឆ្នាំ មាន៨ជាជំងឺមហារីកពាក់ព័ន្ធនឹងប្រព័ន្ធ រំលាយអាហារ។ អាហារដែលយើងទទួលទានចូលទៅ នឹងទៅចិញ្ចឹមពពួកសរីរាង្គតូចៗក្នុងក្រពះពោះវៀន។ របបអាហារប៉ះពាល់ដោយផ្ទាល់តែម្តងទៅលើក្រុមបាក់តេរីល្អ មីក្រូប៊ីយ៉ុត ហើយយូរទៅការប្តូរផ្លាស់នេះ អាចនឹងមានឥទ្ធិពលធ្វើឱ្យមានហានិភ័យកើតជំងឺ។
ជំងឺមហារីក១៤យ៉ាងនោះគឺ មហារីកសុដន់ មហារីកពោះវៀន អង់ដូម៉ែត្រ បំពង់អាហារ ថ្លើម ប្រមាត់ បំពង់បង្ហូរវត្ថុរាវក្នុងថ្លើម លំពែង ក្បាល ក តម្រងនោម ឆ្អឹង ប្រូស្តាត ក្រពេញទីរ៉ូអ៊ីត និងក្រពះ។
សាស្ត្រាចារ្យ Shuji Ogino សហនិពន្ធដឹកនាំការសិក្សារបស់មន្ទីរពេទ្យ Brigham បានពន្យល់ក្នុងសេចក្តីថ្លែងការណ៍ទៀតថា មនុស្សជំនាន់ក្រោយមានគ្រោះហានិភ័យកើតជំងឺមហារីកកាន់តែក្មេងជាងមនុស្សជំនាន់មុន ទំនងដោយមួយផ្នែកបណ្តាលមកពីមនុស្សជំនាន់ក្រោយរស់ប្រឈមនឹងកត្តាហានិភ័យ តាំងពីនៅវ័យក្មេង។
កត្តាប្រឈម បានមកចូលរួមចំណែកធ្វើឱ្យករណីមហារីកវ័យក្មេងកើនឡើងខ្លាំង។ កត្តាហានិភ័យទាំងនោះមានដូចជា ការទទួលសុរា អាល់កុល ការទទួលទានភេសជ្ជៈផ្អែម ជក់បារី កង្វះដំណេក ស្រណុកជ្រុល និងធាត់ជ្រុល។ កត្តាហានិភ័យទាំងនេះ ចាប់លេចឡើងខ្លាំងតាំងពីឆ្នាំ១៩៥០មក។ ហើយកត្តាទាំងនេះ មិនមែនមិនបង្កផលវិបាកទេ ព្រោះការប្តូរផ្លាស់ទម្លាប់ គឺជាការប្តូរផ្លាស់ទម្រង់ ក្រុមបាក់តេរីល្អៗដែលនៅក្នុងប្រព័ន្ធរំលាយអាហាររបស់មនុស្ស ដែលគេហៅថា មីក្រូប៊ីយ៉ុត។
សម្មតិកម្មចុងក្រោយមួយដែលអាចបញ្ចប់ជំនឿរបស់មនុស្សចាស់ខ្មែរ ដែលថាសម័យមុនមិនសូវមានជំងឺមហារីក នោះគឺ ដោយសារពិភពលោកបច្ចប្បន្នមានបច្ចេកទេសវែករកជំងឺមហារីកបានល្អប្រសើរជាងមុន ទើបគេអាចឆាប់វែករកឃើញករណីកើតជំងឺមហារីក បានឆាប់ និងតាំងពីក្មេង។ គ្រាន់តែថាសម្រាប់អ្នកស្រាវជ្រាវ ការធ្វើតេស្តវែកឃើញរកជំងឺតាំងពីដំបូងៗភ្លាមៗ មិនអាចគ្រប់គ្រាន់យកមកធ្វើជាសំអាងនៃកំណើនជំងឺមហារីកដល់ទៅ១៤មុខបានទេ។ ប្រទេសគ្មានលទ្ធភាពធ្វើតេស្តវិភាគ ក៏មានកំណើនករណីមហារីកនៅវ័យក្មេងដែរ។
ដូច្នេះអ្នកស្រាវជ្រាវនឹងបន្តការសិក្សា នៅក្នុងប្រទេសជាច្រើនបន្ថែមទៀត ជាពិសេសប្រទេសមិនសូវលូតលាស់ និងសិក្សាតាមដានតាំងពី កុមារឱ្យបានច្រើនឆ្នាំ ដើម្បីអាចបញ្ជ្រៀបព័ត៌មានដល់ប្រជាជនឱ្យបានយល់ដឹងអំពីផលវិបាកនៃរបៀបរបបរស់នៅ ចំពោះសុខភាព និងចំពោះហានិភ័យកើតជំងឺមហារីក ព្រមទាំងបានស្គាល់ ជំងឺមហារីកកាន់តែច្បាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com