ម៉ូតូ HONDA ប្រភេទCL និងPC ល្បីខ្លាំងនៅទសវត្សរ៍ឆ្នាំ១៩៦០
- ថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៩:៣០ នាទី ព្រឹក

សៀមរាប៖ ម៉ូតូ HONDA ប្រភេទCL និងPC ពេញនិយមខ្លាំងណាស់នៅទសវត្សរ៍ឆ្នាំ១៩៦០។ ទំនងហេតុនេះហើយ ទើបនៅពេលនោះមានចម្រៀងមួយបទ គឺ«កម្លោះហុងដា កញ្ញាប៉េសេ» ត្រូវបានតាក់តែងឡើង ហើយបទនេះជាសំនៀងរបស់អធិរាជសំឡេងមាស លោក ស៊ិន ស៊ិសាមុត និងលោកស្រី ប៉ែន រ៉ន។ នៅសារមន្ទីរវិមានសុខា នៅក្រុងសៀមរាប មានដាក់តាំងម៉ូតូម៉ាក HONDA ប្រភេទ CL ប្រហែលម៉ូឌែល77 ១គ្រឿង និងប្រភេទ PC ម៉ូឌែល50 ១គ្រឿងដែរ។ ទោចក្រយានយន្ដទាំង២នេះ ជាគូពណ៌ខៀវស្រស់ និងត្រូវបានផលិតកាលពី៥០ឆ្នាំមុន។លោក លី ប៉េងហេង ស្ថាបនិកសារមន្ទីរវិមានសុខា បានឱ្យដឹងថា មូលហេតុដែលលោកដាក់តាំងម៉ូតូនេះជាមួយគ្នា គឺមកពីចម្រៀង កម្លោះហុងដា និងកញ្ញាប៉េសេនោះឯង។

សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
ម៉ូតូ HONDA CL ត្រូវបានផលិតម៉ូឌែលផ្សេងៗពីគ្នាបន្តិចចំនួនជាច្រើនណាស់ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ រីឯម៉ូតូ HONDA PC50 វិញ ត្រូវបានផលិតពីឆ្នាំ១៩៦៧ ទៅឆ្នាំ១៩៧៧។ វាមានកម្លាំង ៤៩CC។ ក្រុមហ៊ុន HONDA ត្រូវបានបង្កើតឡើងនាឆ្នាំ១៩៤៨ នៅប្រទេសជប៉ុន។
សារមន្ទីរ វិមានសុខា មានតាំងវត្ថុបុរាណជាច្រើនមុខ ជាពិសេសឧបករណ៍សោតទស្សបុរាណ នាឡិកាបុរាណ យានជំនិះបុរាណ និងវត្ថុបុរាណផ្សេងៗទៀត។ ក្នុងសារមន្ទីរក៏មានហាងកាហ្វេតុបតែងជាមួយវត្ថុបុរាណច្រើនដែរ។ បើកដំណើរការរៀងរាល់ថ្ងៃ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។ សារមន្ទីរនេះ ស្ថិតនៅផ្លូវលេខ២២ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ តម្លៃសំបុត្រចូលទស្សនាសម្រាប់ពលរដ្ឋខ្មែរ គឺ៥ពាន់រៀល និងតម្លៃសម្រាប់ជនបរទេស២ម៉ឺនរៀល៕
អត្ថបទទាក់ទង
: 



© រក្សាសិទ្ធិដោយ thmeythmey.com