អ្នកមានគណនី«ប្រាក់រៀល»អាចទូទាត់ថ្លៃទំនិញ-សេវាកម្ម នៅចិន ឡាវ វៀតណាម ថៃ តាម QR Code
- ថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៨:៥៩ នាទី ព្រឹក

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កំពុងឈរថតរូបជាមួយ លោកស្រី Nhuyen Thi Hong ទេសាភិបាលធនាគាររដ្ឋរៀតណាម ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការនូវប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនតាមរយៈQR Code នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ NBC
គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា សម្រេចបាននូវកិច្ចសហប្រតិបត្តិការប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន ជាមួយប្រទេសចិន ឡាវ វៀតណាម និងថៃ តាមរយៈប្រព័ន្ធស្កេន QR Code។ លើសពីនេះ ធនាគារជាតិ ក៏បានសហការជាមួយក្រុមហ៊ុន AliPay ដែលមានអាជីវករប្រើប្រាស់រហូតដល់៨៣លាននាក់ នៅទូទាំងពិភពលោក ផងដែរ។ ធនាគារជាតិធ្វើបែបនេះ ក្នុងគោលដៅជំរុញនូវការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ។ អ្នកដែលអាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញនិងសេវាឆ្លងដែនតាមប្រព័ន្ធឌីជីថលនេះបាន លុះត្រាតែមានគណនី ជាប្រាក់រៀល។

ក្នុងអត្ថបទនេះយើងខ្ញុំសូមសង្ខេបនូវប្រវត្តិនៃកិច្ចសហប្រតិបត្តិការនីមួយៗ រវាងធនាគារជាតិនៃកម្ពុជា ជាមួយបណ្តាប្រទេសនិងក្រុមហ៊ុននានា ក្នុងការអនុវត្តប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនតាមរយៈប្រព័ន្ធឌីជីថល៖
១. ប្រតិបត្តិការជាមួយប្រទេសថៃ
ថៃ ដៃគូដំបូងរបស់កម្ពុជាក្នុងការអនុវត្តនូវប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន។ កម្ពុជា និងថៃ បានដាក់ឱ្យដំណើរការប្រតិបត្តិការនេះ តាមរយៈការស្កេន QR Code ក្នុងដំណាក់ទីមួយ នាអំឡុងខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងដំណាក់កាលនេះ អ្នកដែលគណនីជាប្រាក់រៀល គឺអាចទៅចាយនៅប្រទេសថៃតាមការស្កេន QR Code។
ក្រោយអនុវត្តដំណាក់កាលទីមួយបានជាង៣ឆ្នាំ ធនាគារជាតិនៃកម្ពុជា និងធនាគារជាតិថៃ ក៏សម្រេចដាក់ឱ្យអនុវត្តនូវដំណាក់ទីពីរ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ សម្រាប់ដំណាក់កាលទីពីរនេះ គឺពលរដ្ឋថៃអាចស្កេនឃ្យូអរកូត(QR Code)នៅកម្ពុជា បានផងដែរ។ មកទល់បច្ចុប្បន្ន ពលរដ្ឋនៃប្រទេសទាំងពីរអាចប្រើប្រាស់រូបិយប័ណ្ណឆ្លងដែនទ្វេភាគី បានយ៉ាងងាយស្រួល និងរហ័ស តាមរយៈពេលប្រព័ន្ធឌីជីថល គឺការស្កេន QR Code។
២. ប្រតិបត្តិការជាមួយប្រទេសឡាវ
នៅថ្ងៃទី១៨សីហា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ សម្រេចប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូទាត់ប្រាក់ឆ្លងដែនរវាងរូបិយវត្ថុនៃប្រទេសទាំងពីរជាផ្លូវការ តាមរយៈប្រព័ន្ធQR Code (KHQR-LAOQR)។ នេះ ជាការអនុវត្តនូវដំណាក់កាលទី១នៃការទូទាត់ឆ្លងដែន ដែលពលរដ្ឋខ្មែរអាចទិញទំនិញនៅប្រទេសឡាវ ដោយចាយជាប្រាក់រៀលបានតាមរយៈ QR Code។
៣.ប្រតិបត្តិការជាមួយជាមួយក្រុមហ៊ុនAliPay
ពលរដ្ឋដែលអ្នកមានគណនីធនាគារជា ប្រាក់រៀល គឺអាចទូទាត់សងប្រាក់ឆ្លងដែនលើថ្លៃទំនិញ-សេវាកម្ម ជាមួយ AliPay បាននៅជុំវិញពិភពលោក តាមរយៈការស្កេនឃ្យូអរកូត(QR Code)។ ធនាគារជាតិនៃកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាលើ«កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត» ជាមួយក្រុមហ៊ុន AliPay Connect Pte. Ltd. នាក្នុងអំឡុងពេលចូលរួមព្រឹត្តិការណ៍បចេ្ចកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី នៅថ្ងៃទី១៥វិច្ឆិកា។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធបាគង អាចទូទាត់ប្រាក់លើថ្លៃទំនិញឬសេវា ជាមួយអាជីវករដែលមានប្រព័ន្ធ AliPay ចំនួន៨៣លានអាជីវករនៅទូទាំងពិភពលោក។ បើតាមលោកស្រីទេសាភិបាលធនាគារជាតិ កិច្ចសហប្រតិបត្តិការនេះ ក៏អនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនានៅកម្ពុជា អាចទូទាត់តាមរយៈប្រព័ន្ធ KHQR បានដោយភាពងាយស្រួល និងរហ័ស ផងដែរ។ លោកស្រី ជា សិរី បានអះអាងយ៉ាងដូច្នេះ៖ «កិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ការទូទាត់របស់កម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់បទពិសោធន៍ក្នុងការទូទាត់ប្រាក់របស់អ្នកទេសចរឱ្យកាន់តែប្រសើរឡើងនៅកម្ពុជា សំដៅដល់ការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
៤. ប្រតិបត្តិការជាមួយប្រទេសចិន
ថ្ងៃទី២១វិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែនរវាងកម្ពុជា និងចិន ជាមួយលោក Pan Gongsheng ទេសាភិបាលធនាគារកណ្តាលចិន នៅរដ្ឋធានីប៉េកាំង។
កិច្ចសហប្រតិបត្តិការនេះ នឹងត្រូវធ្វើឡើងតាមរយៈ ប្រព័ន្ធស្កេន QR Code ដើម្បីទូទាត់លើថ្លៃទំនិញ និងសេវាកម្មណាមួយ។ កន្លងមក លោកស្រី ជា សិរី បានបញ្ជាក់ថា ដើម្បីទូទាត់ថ្លៃទំនិញ ឬសេវាណាមួយនៅប្រទេសចិនបាន លុះត្រាពលរដ្ឋមានគណនីធនាគារ ឬកាបូបលុយអេឡិចត្រូនិក(e-Wallet)ជាប្រាក់រៀល។ ដូច្នេះ នៅពលរដ្ឋកម្ពុជាធ្វើដំណើរទៅកាន់ប្រទេសចិន គឺអាចស្កេនទូទាត់តាមQR code នៅចិនបាន រួមទាំងQR របស់ UnionPay, Alipayនិង Wechat ជាដើម។
៥. ប្រតិបត្តិការជាមួយប្រទេសវៀតណាម
ថ្ងៃទី៣ធ្នូ ឆ្នាំ២០២៣ កម្ពុជា-វៀតណាម បានសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនទ្វេភាគី តាមប្រព័ន្ធឌីជីថល QR Code។ ដំណើរការនូវប្រព័ន្ធទូទាត់ឆ្លងដែននេះ អនុញ្ញាតឱ្យពលរដ្ឋខ្មែរ ទូទាត់ប្រាក់លើថ្លៃទំនិញនិងសេវាកម្មជាប្រាក់រៀល នៅប្រទេសវៀតណាម បានយ៉ាងងាយស្រួល និងរហ័ស តាមរយៈការស្កេន QR Code។ រីឯ ពលរដ្ឋវៀតណាម ក៏អាចទូទាត់ប្រាក់លើថ្លៃទំនិញ និងសេវាកម្ម នៅកម្ពុជា ជាមួយនឹងប្រាក់ដុង តាមQR Code បានផងដែរ។
៦. ប្រតិបត្តិការជាមួយក្រុមហ៊ុន UnionPay
ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ជាផ្លូវការរវាងប្រព័ន្ធទូទាត់បាគង និងបណ្តាញទូទាត់របស់ក្រុមហ៊ុន UPI នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងកិច្ចសហការនេះ ពលរដ្ឋកម្ពុជាអាចប្រើប្រាស់ប្រាក់រៀលក្នុងប្រព័ន្ធទូទាត់បាគង ឬក៏កម្មវិធីធនាគារចល័តនានា ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្មនៅប្រទេសចិន និងបណ្តាប្រទេសនានាក្នុងពិភពលោកដែលមានបណ្តាញទូទាត់ UnionPay បានចាប់ដើមឆ្នាំ២០២៤តទៅ។
ការអនុវត្តនូវកិច្ចសហប្រតិបត្តិលើប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែននេះ ក៏មានលក្ខណៈមិនខុសពីប្រទេស និងក្រុមហ៊ុនដៃគូ ខាងលើប៉ុន្មានដែរ។ ពោល រាល់ការទូទាត់លើថ្លៃទំនិញ ឬសេវាកម្មអ្វីមួយ គឺត្រូវធ្វើឡើងតាមរយៈការស្កេនឃ្យូអរកូត ដោយមិនមែនជាទូទាត់ជាក្រដាសប្រាក់ឡើយ ហើយពលរដ្ឋដែលប្រើប្រាស់ប្រព័ន្ធនេះ បានលុះត្រាតែមានគណនីជាប្រាក់រៀល។
ការអនុវត្តនូវកិច្ចសហប្រតិបត្តិលើប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែននេះ ក៏មានលក្ខណៈមិនខុសពីប្រទេស និងក្រុមហ៊ុនដៃគូ ខាងលើប៉ុន្មានដែរ។ ពោល រាល់ការទូទាត់លើថ្លៃទំនិញ ឬសេវាកម្មអ្វីមួយ គឺត្រូវធ្វើឡើងតាមរយៈការស្កេនឃ្យូអរកូត ដោយមិនមែនជាទូទាត់ជាក្រដាសប្រាក់ឡើយ ហើយពលរដ្ឋដែលប្រើប្រាស់ប្រព័ន្ធនេះ បានលុះត្រាតែមានគណនីជាប្រាក់រៀល។
ក្រៅពីប្រទេសខាងលើនេះ ធនាគារជាតិនៃកម្ពុជា ក៏មានផែនការពង្រីកការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌា ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ជំនួសឱ្យប្រាក់ដុល្លារក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម ផងដែរ។
ដើម្បីទទួលបានការទូទាត់ប្រាក់ឆ្លងដែនជាមួយប្រទេស និងក្រុមហ៊ុនខាងលើនេះ ពលរដ្ឋដែលជាអាជីវករក្តី ជាអ្នកទេសចរក្តី ឬជាអ្នកធុរកិច្ចក្តី គឺត្រូវតែមានគណនីធនាគារជាប្រាក់រៀល និងត្រូវទទួលយកការទូទាត់ជាប្រាក់រៀល។ នេះជាការរំឭករបស់លោកស្រី ជា សិរី ដោយស្នើដល់ធនាគារក្នុងស្រុក ត្រូវជូនដំណឹង និងលើកទឹកចិត្តឱ្យពាណិជ្ជករ ដែលជាអតិថិជនរបស់ខ្លួនបើកគណនីប្រាក់រៀល ហើយចាប់ផ្តើមទទួលយកការទូទាត់ជាប្រាក់រៀល។
លោកស្រីបានបញ្ជាក់ថា ៖ « ព្រោះយន្តការនេះ គឺធ្វើឡើងតែដើម្បីលើកទឹកចិត្តការប្រើប្រាស់ប្រាក់រៀល ប៉ុណ្ណោះ»។ សម្រាប់កម្ពុជា រាល់ប្រតិបត្តិឆ្លងដែននេះនឹងធ្វើឡើង តាមរយៈ KHR QR Code នៃប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា។
លោកស្រីបានបញ្ជាក់ថា ៖ « ព្រោះយន្តការនេះ គឺធ្វើឡើងតែដើម្បីលើកទឹកចិត្តការប្រើប្រាស់ប្រាក់រៀល ប៉ុណ្ណោះ»។ សម្រាប់កម្ពុជា រាល់ប្រតិបត្តិឆ្លងដែននេះនឹងធ្វើឡើង តាមរយៈ KHR QR Code នៃប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា។
គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៣ ប្រព័ន្ធបាគងមានសមាជិក ៧០ ដោយក្នុងនោះ មានគ្រឹះស្ថានចំនួន៤៨ ដាក់ឱ្យដំណើរជាផ្លូវការដែលមានអតិថិជនចុះឈ្មោះប្រើប្រាស់តាមរយៈកម្មវិធីបាគងចំនួន ៥៥០ពាន់គណនី ខណៈចំនួនគណនីអ៊ីវ៉ាឡេត (e-Wallet) បានកើនដល់ ៨៩,៧ពាន់លានដុល្លារអាម៉េរិក ស្មើនឹងជាង៣ដងនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលមានចំនួនប្រតិបត្តិការប្រមាណ ៣០,៣លានប្រតិបត្តិការ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: