ឆ្នាំ២០២៣ ជាឆ្នាំដ៏មមាញឹក ក្នុងការៀបចំព្រឹត្តិការណ៍ធំៗ នៅកម្ពុជា
- ថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៩:២៩ នាទី ព្រឹក

ឆ្នាំ២០២៣ ជាឆ្នាំរបស់កម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ទាំងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិ។ ក្នុងអត្ថបទនេះ សារព័ត៌មានថ្មីៗ សូមសង្ខេបពីព្រឹត្តិការណ៍សំខាន់ៗនានា ដែលបានរៀបចំឡើងតាំងពីដើមឆ្នាំ២០២៣មក។

អង្គរសង្រ្កាន្តឆ្នាំ២០២៣!
ចាប់ផ្ដើមពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលត្រូវបានរៀបចំឡើងវិញយ៉ាងអធិកអធម នៅថ្ងៃ១៤,១៥ និង១៦ ខែមេសា នៅទីតាំងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ឆ្នាំ២០២៣ ជាខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ហើយកម្ពុជាក៏បានបំបែកកំណត់ត្រាពិភពលោក ចំនួន២បន្ថែមទៀត គឺរាំម៉ាឌីហ្សុន ដោយមានមនុស្ស ចំនួន៤៩៩៩នាក់ និងបត់បេះដូងក្រដាសច្រើនជាងគេ ចំនួន១លានផងដែរ។
សូមរម្លឹកថា អង្គរសង្រ្កាន្ត ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) តាំងពីឆ្នាំ២០១៣។ អង្គរសង្រ្កាន្ត ធ្វើឡើងដើម្បីចូលរួមសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ និងរម្លឹកមរតកបេតិកភណ្ឌអរូបីខ្មែរ នៅទីតាំងនៃមរតកបេតិកភណ្ឌរូបី។ ម្យ៉ាងក៏ជាការចូលរួមអភិរក្ស អភិវឌ្ឍន៍វប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងផ្ដល់ឱកាសឱ្យយុវជន ភ្ញៀវទេសចរ បានស្វែងយល់អំពីភាពរុងរឿងនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និងជាផ្នែកមួយជួយជំរុញទេសចរណ៍ផ្ទៃក្នុង និងទាក់ទាញភ្ញៀវបរទេសផងដែរ។
ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង!
ចប់ពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បន្តចូលព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ដែលចាប់ផ្ដើមប្រកួតផ្លូវការចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា។ ឆ្នាំ២០២៣ ជាឆ្នាំដំបូង ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្រោយរង់ចាំជាង៦០ឆ្នាំ។ ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះលើកដំបូង កម្ពុជាបានចំណាយថវិកាជាង១០០លានដុល្លារអាម៉េរិក សម្រាប់រៀបចំព្រឹត្តិការណ៍ដ៏ធំនេះ។
ទន្ទឹមនឹងនេះ កម្ពុជាបានបំបែកកំណត់ត្រា ដាក់បញ្ចូលកីឡាចំនួន៣៧ប្រភេទ សរុប៦០៨វិញ្ញាសា ដែលជាចំនួនច្រើនជាងគេបំផុត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាពេលកន្លងៗមក គិតចាប់ពីឆ្នាំ១៩៥៦។
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅកម្ពុជា មានប្រតិភូកីឡាចំនួន១១ប្រទេសចូលរួមប្រកួតដណ្ដើមមេដាយ និងមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង២ពាន់នាក់ ចូលរួមយកព័ត៌មានផងដែរ។ ក្នុងនោះ កម្ពុជាដណ្ដើមបានមេដាយសរុប២៨២ មានមាស៨១ ប្រាក់៧៤ និងសំរឹទ្ធ១២៧។
ចប់ស៊ីហ្គេម ចូលដល់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ដែលនេះក៏ជាលើកដំបូង សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ ក្នុងនោះមានកីឡាចំនួន១៣ប្រភេទ មានដូចជា អត្តពលកម្ម ហែលទឹក លើកទម្ងន់ វាយកូនឃ្លីលើតុ វាយសី បាល់បោះអង្គុយលើរទេះ បាល់ទាត់ជនពិការចលករខួរក្បាល បាល់ទាត់ជនពិការភ្នែក បាល់បោះជនពិការភ្នែក បាល់ទះអង្គុយ ប៊ូស្យា អុក យូដូ និងកីឡាអេឡិចត្រូនិកផងដែរ។ ចំពោះមេដាយសរុបពីការប្រកួតនេះ កម្ពុជាទទួលបាន៤៣ ក្នុងនោះមាស៦ ប្រាក់១២ និងសំរឹទ្ធ២៥។
កម្ពុជាជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០២៣ ហើយទទួលបានការសរសើរពីអន្តរជាតិ និងបណ្ដាប្រទេសនានាជាច្រើនផងដែរ។
បោះឆ្នោតថ្នាក់ជាតិ!
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដែលមាន១៨គណបក្សចូលរួម។ ជាលទ្ធផលប្រកាសដោយគជប នៅថ្ងៃទី៥ ខែសីហា គឺមានគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលប់រហូតដល់១២០អាសនៈ និង៥អាសនៈគណបក្សហ្វ៊ុនស៊ិនប៉ិច។
នៅថ្ងៃទី២២ ខែសីហា លោក ហ៊ុន ម៉ាណែត ត្រូវបានរដ្ឋសភាកម្ពុជា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា បន្តពីសម្ដេច ហ៊ុន សែន។ ទន្ទឹមនឹងនេះ រដ្ឋសភា នីតិកាលទី៧ បានអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដោយមានឧបនាយករដ្ឋមន្ត្រី១០រូប និងទេសរដ្ឋមន្ត្រី១៨រូប រួមជាមួយរដ្ឋមន្ត្រី ស្ថាប័នក្រសួង២៨ និងរដ្ឋលេខាធិការដ្ឋាន២។
បន្ទាប់មកនៅថ្ងៃទី២ ខែកញ្ញា ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យផ្ដល់គោរមងារជា «សម្ដេចបវរធិបតី» ដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
អុំទូក២០២៣!
បន្ទាប់ពីខកខាន៣ឆ្នាំដោយសារវិបត្តិកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំព្រះរាជពិធីបុណ្យអុំទូកឡើងវិញ នៅថ្ងៃទី២៦,២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ បុណ្យអុំទូកឆ្នាំ២០២៣នេះ មានទូក ង ចំនួន៣៣៨ មកពីតាមបណ្តារាជធានី-ខេត្ត ចូលរួមប្រណាំង នៅទន្លេចតុមុខ រាជធានីភ្នំពេញ។ ក្រៅពីភ្នំពេញ បណ្ដាខេត្តមួយចំនួន ក៏រៀបចំការប្រណាំងទូកតាមខេត្តរៀងៗខ្លួនផងដែរ។
រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូកពលរដ្ឋប្រមាណ៦,៥លាននាក់ បានដើរលេងកម្សាន្ត។ ក្នុងនោះរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានប្រមាណ៥,៤២លាននាក់។ បន្ទាប់ពីភ្នំពេញ គឺខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ ជាង៣០ម៉ឺននាក់ ដោយក្នុងនោះមានទេសចរបរទេស ១៤ ២៦១នាក់។ គោលដៅទេសចរណ៍លំដាប់ទី៣ គឺខេត្តព្រះសីហនុ ដែលមានទេសចរចំនួន២៦៧ ១៧៨នាក់ (បរទេសមាន៧ ១៧៨នាក់)។ គោលដៅទេសចរណ៍ទី៤ នៅខេត្តបាត់ដំបង ទទួលបានទេសចរជាង១០ម៉ឺននាក់ ក្នុងនោះមានទេសបរទេស ចំនួន៦១៧នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: