ប្រធានាធិបតីចិនថាសេដ្ឋកិច្ចមានវឌ្ឍនភាពរឹងមាំឡើងវិញ និងថា តៃវ៉ាន់នឹងរួមរស់វាសនាជាតិតែមួយ
- ថ្ងៃចន្ទ ទី១ ខែមករា ឆ្នាំ២០២៤ ម៉ោង ៩:៥៩ នាទី យប់

ប្រធានាធិបតី ស៊ី ជីនពីង ថ្លែងសារអបអរបុណ្យដាច់ឆ្នាំចាស់ផ្លាស់ឆ្លងចូលឆ្នាំថ្មី។ AP - Ju Peng
ដោយ៖ហេង ឧត្តម/RFI
ក្នុងឱកាសថ្លែងសារអបអរបុណ្យដាច់ឆ្នាំចាស់ផ្លាស់ឆ្លងចូលឆ្នាំថ្មី ប្រធានាធិបតី ស៊ី ជីនពីង ធានាប្រាប់ប្រជាជាតិថា សុខភាពសេដ្ឋកិច្ចចិនមានវឌ្ឍនភាពមាំទាំ ហើយនិងសន្ទុះឡើងវិញ។ ក្នុងសុន្ទរកថា ថ្ងៃអាទិត្យ ទី៣១ធ្នូ ប្រមុខរដ្ឋចិនបានលើកឡើងដែរអំពីការបង្រួបបង្រួមតៃវ៉ាន់ ហើយនិង ចំណងទាក់ទងល្អកាន់តែស្និទ្ធល្មួតជាមួយ រុស្ស៊ី។
ក្រោយពីសេដ្ឋកិច្ចត្រូវលង់ធ្លាក់ចុះខ្លាំង រយៈពេលប្រមាណ ៣ឆ្នាំ ក្នុងវិបត្តិជំងឺកូវីដ១៩ រដ្ឋអំណាចចិន បានសម្រេចលុបចោលវិធានការណ៍តឹងតែង «នយោបាយកូវីដសូន្យ» កាលខែធ្នូ ចុងឆ្នាំ២០២២ ហើយការណ៍នេះបានជួយធ្វើឲ្យសេដ្ឋកិច្ចចិនងើបឡើងខ្លះ នៅក្នុងឆ្នាំ២០២៣។ ទោះបីជាយ៉ាងនេះក្តី ទំនុកទុកចិត្តពីអ្នកវិនិយោគនិងអ្នកប្រើប្រាស់នៅមិនទាន់មាំទាំ ហើយបញ្ហាយុវជនចិនអត់ការងារធ្វើ ក៏កើនឡើងច្រើននៅឡើយ រួមទាំងវិបត្តិអចលនាទ្រព្យនៅទ្រឹង គឺធ្វើឲ្យសេដ្ឋកិច្ចចិនជួបការលំបាក រយៈពេល ៩ខែ ក្នុងឆ្នាំ២០២៣។ ប៉ុន្មានខែចុងក្រោយនេះ រដ្ឋអំណាចចិន បានចាត់វិធានការកែទម្រង់និងបង្កើនសន្ទុះសេដ្ឋកិច្ច ពិសេសក្នុងវិស័យសិប្បកម្ម ដែលបានជំរុញឲ្យមានកំណើនគ្រាន់បើឡើងវិញ។ ដូច្នេះហើយ ទើបពេលនេះ ប្រមុខរដ្ឋចិន បានចេញមុខធានាថា សេដ្ឋកិច្ចចិនមានសន្ទុះរឹងមាំឡើងវិញ។
ក្នុងសុន្ទរកថាអបអរឆ្នាំថ្មី ប្រធានាធិបតី ស៊ី ជីនពីង ក៏បានឆ្លៀតឱកាសលើកអំពីសំណុំរឿងដ៏រសើប គឺបញ្ហាកោះតៃវ៉ាន់។ តៃវ៉ាន់ដែលហៀបនឹងរៀបចំការបោះឆ្នោតជាតិ នាពេលឆាប់ៗខាងមុខនេះ។ ប្រធានាធិបតីចិន អះអាងព្រមានថា ចិននិងតៃវ៉ាន់អាចនឹងរួបរួមគ្នាបានយ៉ាងជាក់ច្បាស់។ លោក ស៊ី ជីនពីង បានប្រកាសទៀតថា ពលរដ្ឋទាំងពីរខាងត្រូវតែភ្ជាប់គ្នាដោយគោលដៅតែមួយ និង ចែករំលែកភាពត្រចះត្រចង់ក្រោមវាសនាជាតិចិនតែមួយ។
ឯចំណងទាក់ទងនឹងជាមួយចៅហ្វាយវិមានក្រេមឡាំងវិញ ដោយចាត់ទុកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ជា«មិត្តល្អ» ប្រមុខរដ្ឋចិន បានបញ្ជាក់ថា ទំនុកទុកចិត្តទាំងស្មារតីនិងសម្ភារៈ រវាងចិននិងរុស្ស៊ី ឈានដល់កម្រិតកំពូល ហើយសាធារណៈមតិចិនចំពោះរុស្ស៊ី ក៏ល្អខ្លាំងដែរ។ នៅលើទិដ្ឋភាពពាណិជ្ជកម្មក្នុងឆ្នាំនេះ គឺកម្រិតផ្លាស់ប្តូរជំនួយរបស់រុស្ស៊ីនិងចិន មានទំហំកើនឡើងជាង ២០០ ពាន់លានដុល្លារ ដែលច្រើនជាងការរំពឹងទុកទៅទៀត។
ប្រឈមមុខនឹងស្ថានការណ៍ក្នុងតំបន់និងអន្តរជាតិ គឺកាន់តែធ្វើឲ្យការទាក់ទងរបស់ជាតិទាំងពីរ កាន់តែរឹងមាំ និងរីកចម្រើនទៅរកផ្លូវល្អ។ លោក ស៊ី ជីនពីង គូសបង្ហាញថា ឆ្នាំ២០២៣ ជាឆ្នាំដែលទំនាក់ទំនងដ៏ល្អនិងរឹងមាំបំផុត រវាងរដ្ឋបាលក្រុងប៉េកាំងនិងម៉ូស្គូ ហើយឆ្នាំ២០២៤ ដែលនឹងចូលមកដល់ គឺជាឆ្នាំគម្រប់ខួប ៧៥ ឆ្នាំ នៃទំនាក់ទំនង ប្រទេសទាំងពីរ។ នេះដែលជំរុញឲ្យប្រធានាធិបតីចិនថា រដ្ឋបាលក្រុងប៉េកាំង ទន្ទឹងរង់ចាំយ៉ាងអន្ទះសា ដើម្បីរៀបចំអបអររំឭកខួបមេត្រីភាព រុស្ស៊ី-ចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com