វៀតណាមកាត់ទោសអតីតរដ្ឋមន្ត្រីសុខាភិបាលពីបទពុករលួយក្នុងរឿងអាស្រូវតេស្តកូវីដ
- ថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤ ម៉ោង ៦:៥៩ នាទី ល្ងាច

ដោយ៖អៀង សុខម៉ិញ /RFI
វៀតណាមកាត់ទោសអតីតរដ្ឋមន្ត្រីសុខាភិបាល និងមនុស្ស៣៧នាក់ផ្សេងទៀត ពីបទពុករលួយក្នុងរឿងអាស្រូវតេស្តកូវីដ AFP - VIETNAM NEWS AGENCY

តុលាការក្រុងហាណូយ បានបើកសវនការនៅថ្ងៃពុធទី៣មករា ជំនុំជម្រះក្តីអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្ត្រី៣៧នាក់ ពីបទសង្ស័យប្រព្រឹត្តអំពើពុករលួយក្នុងសំណុំរឿងអាស្រូវដ៏ធំមួយ ទាក់ទងនឹងប្រដាប់ធ្វើតេស្តមើលកូវីដ១៩។
បើតាមរូបភាពដែលផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មានផ្លូវការ នាព្រឹកថ្ងៃពុធទី ៣មករានេះ ប៉ូលិសក្នុងឯកសណ្ឋានបានក្រៀកជនជាប់ចោទទាំង៣៨នាក់ រហូតចូលដល់ក្នុងសាលសវនការតុលាការ ក្នុងនោះមានម្នាក់ជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ង្វៀនថាញ់ឡុង និងម្នាក់ទៀតជាអតីតចៅហ្វាយក្រុងហាណូយផង។
តុលាការសង្ស័យថាលោក ង្វៀន ថាញ់ឡុង អតីតរដ្ឋមន្ត្រីក្រសួងសុខភិបាល បានប្រព្រឹត្តអំពើពុករលួយ ដោយព្រមទទួលយកសំណូកចំនួន២,២៥លានដុល្លារអាមេរិក ជាថ្នូរនឹងការព្រមព្រៀងឱ្យមានកិច្ចសន្យាក្នុងតម្លៃរាប់លានដុល្លារជាមួយក្រុមហ៊ុនViet A។ Viet A ក្រុមហ៊ុនរដ្ឋពាក់កណ្តាលឯកជនផលិតប្រដាប់ធ្វើតេស្តកូវីដ១៩ បានសិទ្ធិផ្គត់ផ្គង់សម្ភារៈតេស្តដល់មន្ទីរពេទ្យនិងប្រជាពលរដ្ឋក្នុងតំបន់ ដោយបំប៉ោងតម្លៃយ៉ាងខ្លាំង។ តុលាការដដែលបានអះអាងទៀតថា ក្រុមហ៊ុនViet A ប្រមូលផលបានដល់ទៅ១៧២លានដុល្លារអាមេរិក ក្នុងនោះ៣៤លានដុល្លារ បានទៅមន្ត្រីរដ្ឋការផ្ទាល់។
ចំណែកលោកអតីតចៅហ្វាយក្រុងហាណូយ លោក ជូ ង៉ុកអាញ់ វិញជាប់ចោទរំលោភវិន័យស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ជាសរុប មានយ៉ាងហោចមន្ត្រីរដ្ឋការនិងអ្នកជំនួញប្រមាណជាង១០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងសំណុំរឿងអាស្រូវពុករលួយតេស្តកូវីដ១៩នេះ។ កាលពីសប្តាហ៍មុន តុលាការយោធាក្រុងហាណូយ បានកាត់ទោសអគ្គនាយកក្រុមហ៊ុនVietA លោក ផាន់ កុកវៀត ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំពីបទរំលោភអំណាចនិងច្បាប់រកស៊ី។
សូមរំលឹកថា ពេលផ្ទុះវិបត្តិកូវីដភ្លាម វៀតណាមជាប់ឈ្មោះជាប្រទេសមានចំណាត់ការល្អប្រឆាំងនឹងជំងឺរាតត្បាតសកល ប៉ុន្តែរឿងអាស្រូវពុករលួយជាច្រើនពាក់ព័ន្ធនឹងវិធានការកូវីដបានលេចឡើងបន្តិចម្តងៗតាមក្រោយ។
នៅឆ្នាំមុន អ្នកទទួលខុសត្រូវបីនាក់ បានទទួលទោសជាប់ពន្ធនាគារអស់មួយជីវិត និងរាប់សិបនាក់ផ្សេងទៀត ត្រូវតុលាការកាត់ទោសឱ្យជាប់ឃុំឃាំងជាច្រើនឆ្នាំពីបទបានទទួលសំណូកនិងប្រព្រឹត្តអំពើពុករលួយក្នុងបេសកកម្មជញ្ជូនពលរដ្ឋវៀតណាមតាមយន្តហោះឱ្យត្រលប់ចូលស្រុកវិញក្នុងអំឡុងពេលកូវីដរាតត្បាតខ្លាំង។ កាលពីឆ្នាំ ២០២២ សភាបានទម្លាក់អតីតឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋ និងចាត់ចែងវិបត្តិកូវីដ ចំនួនពីររូប ពីតំណែង។ សូម្បីតែប្រធានាធិបតី ង្វៀនស៊ុនហ្វុក ដែលមានទំនួលខុសត្រូវនយោបាយនៅចំពោះវិបត្តិកូវីដ ក៏ត្រូវបានដកចេញតួនាទីដែរ។ នេះបើតាមការអះអាងរបស់គណៈកម្មការមជ្ឈិមបក្សសម័យនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com