ខេត្តព្រះសីហនុ ជាប់ជា«ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ»
- ថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤ ម៉ោង ១២:៥៩ នាទី រសៀល

រូបភាព៖ ក្រសួងទេសចរណ៍
ភ្នំពេញ៖ ខេត្តព្រះសីហនុ ជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២៣-២០២៤»។ ចំណែក ខេត្តបាត់ដំបង ធ្លាក់មកកាន់លេខ២ និងខេត្តសៀមរាបជាប់លេខ៣។

លទ្ធផលនេះ ត្រូវប្រកាសដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ តាមរយៈប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យសាធារណជនចូលរួមបោះឆ្នោតគាំទ្រ ទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុតរយៈពេល ២ថ្ងៃ តាមរយៈគេហទំព័រផ្លូវការ bestcountdowncity ។
កម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ» ធ្វើឡើងដោយផ្អែកលើលក្ខណៈពិសេសមួយចំនួនដូចជា ការតុបតែងរចនាលម្អ អនាម័យ និងបរិស្ថាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ភាពពេញចិត្ត និងការសប្បាយរីករាយរបស់ភ្ញៀវទេសចរ និងអ្នកចូលរួម។
សូមជម្រាបថា នៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកលល្អ កាលពីថ្ងៃទី៣០ខែធ្នូ ២០២៣ ដល់ទី១ ខែមករា២០២៤ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ៣.២៨លាននាក់ ចេញដើរកម្សាន្ត។ ក្នុងចំណោមរាជធានី-ខេត្តទាំងអស់ ក្រុងភ្នំពេញ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងចំនួន៦១០,៣៥៦នាក់។
ដោយឡែក ខេត្តព្រះសីហនុ ដែលជាប់ជា«ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ» ទទួលបានភ្ញៀវទេសចរប្រមាណ៤៧២.៦៩៧នាក់។ បាត់ដំបងមានភ្ញៀវចំនួន ៣៤៦,៣៣៣នាក់ និងសៀមរាប មានភ្ញៀវទេសចរ ៣៧៧,២១៩នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: