នាយករដ្ឋមន្រ្តីកម្ពុជា ត្រៀមយកបញ្ហាបរិស្ថាន ថាមពល សេដ្ឋកិច្ច និងការពារជាតិ ពិភាក្សាជាមួយប្រធានាធិបតីបារាំង
- ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ម៉ោង ៣:២៩ នាទី រសៀល

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសបារាំង នាថ្ងៃទី១៨-១៩ មករា។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ត្រៀមលើកយកបញ្ហាជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគី ទៅពិភាក្សាជាមួយលោក អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង។

សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ នៅទីក្រុងប៉ារីស កាលពីពេលថ្មីនេះ បានបង្ហាញពីការបោះជំហានយ៉ាងសំខាន់ ឆ្ពោះទៅរកការពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ។ ដូច្នេះសម្ដេច បានចាត់ទុកដំណើរទស្សនកិច្ចរបស់ខ្លួន នៅប្រទេសបារាំង នាពេលនេះ ក៏ជាឱកាសសំខាន់ថែមទៀត ដើម្បីពិភាក្សា និងពង្រឹងទំនាក់ទំនងទ្វេភាគី។
«ក្នុងបន្តនូវសន្ទុះនេះ ទស្សនកិច្ចរបស់ខ្ញុំ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត លើវិស័យសំខាន់ៗ ដោយផ្ដោតពិសេសលើបញ្ហាប្រឈមផ្នែកបរិស្ថាននាពេលបច្ចុប្បន្ន ជាបញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយសន្តិភាពនៅលើពិភពលោក»។ នេះបើតាមលិខិតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ មករា ផ្ញើរទៅលោក ម៉ាក្រុង ប្រធានាធិបតីបារាំង។
ក្នុងលិខិតដដែលនេះ នាយករដ្ឋមន្រ្តីកម្ពុជា ក៏ត្រៀមលើកយកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកកម្ពស់បេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី ដែលជាសសរស្ដម្ភនៃទំនាក់ទំនងទ្វេភាគី ទៅពិភាក្សាជាមួយលោក ម៉ាក្រុង ទៀតផង។
«ខ្ញុំជឿជាក់ថា ការពិភាក្សារបស់យើង នឹងរួមចំណែកឱ្យមានការយល់គ្នាកាន់តែស៊ីជម្រៅ និងនាំមកនូវគំនិតផ្ដួចផ្ដើមរួម ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសយើងទាំងពីរ។ កម្ពុជាប្ដេជ្ញាចិត្ត នឹងបន្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដោយទទួលស្គាល់នូវសារៈសំខាន់នៃភាពជាដៃគូរបស់យើង សម្រាប់ប្រជាជនរបស់យើង និងសម្រាប់សហគមន៍អន្តរជាតិ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត។
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: