កូរ៉េខាងត្បូង អនុម័តសេចក្តីព្រាងច្បាប់ហាមឃាត់បរិភោគសាច់ឆ្កែ ដោយគ្មានសំឡេងប្រឆាំង
- ថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ ម៉ោង ៨:២៩ នាទី យប់

បាតុកម្មគាំទ្រការហាមឃាត់ការបររិភោគសាច់ឆ្កែនៅកូរ៉េខាត្បូង។ រូបភាព ៖ Korea Times
រដ្ឋសភាកូរ៉េខាងត្បូងនៅថ្ងៃទី៩ ខែមករា បានអនុម័តសេចក្តីព្រាងច្បាប់ហាមប្រាមការបរិភោគសាច់ឆ្កែទូទាំងប្រទេសដោយសំឡេង ២០៨ ដោយគ្មានសំឡេងប្រឆាំង។ ការចិញ្ចឹម ឬសម្លាប់សត្វឆ្កែយកសាច់លក់ ក៏ដូចជាការចែកចាយ ឬលក់សាច់សត្វទាំងនេះនឹងត្រូវល្មើសច្បាប់ចាប់ពីឆ្នាំ ២០២៧ ដែលអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២ឆ្នាំ។

សេចក្តីព្រាងច្បាប់ស្តីពីការហាមប្រាមការទទួលទានសាច់ឆ្កែនឹងក្លាយទៅជាច្បាប់ ក្រោយពី គណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូងត្រូវបានអនុម័ត និងចុះហត្ថលេខាដោយប្រធានាធិបតី Yoon Suk Yeol។ នេះជាសេចក្តីព្រាងច្បាប់ដ៏មានការចម្រូងចម្រាសមួយនៅក្នុងបរិបទកូរ៉េខាងត្បូង ព្រោះប្រទេសនេះមានទម្លាប់បរិភោគសាច់ឆ្កែអស់រាប់សតវត្សមកហើយ។
នៅក្នុងសេចក្តីលម្អិតនៃសេចក្តីព្រាងច្បាប់ថ្មីនេះបានចែងថា ការចិញ្ចឹម ឬសម្លាប់សត្វឆ្កែសម្រាប់យកសាច់លក់ ក៏ដូចជាការចែកចាយ ឬលក់សាច់សត្វទាំងនេះត្រូវបានហាមឃាត់។ អ្នកសម្លាប់សត្វឆ្កែប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ៣០លានវ៉ុន (ជាង ២,២ម៉ឺនដុល្លារ)។
អស់ជាច្រើនឆ្នាំមកហើយ កូរ៉េខាងត្បូងបានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងក្លាពីប្រជាជនដែលនៅតែគាំទ្រការទទួលទានសាច់ឆ្កែ។ ការស្ទង់មតិថ្មីៗនេះបង្ហាញថា ប្រជាជនកូរ៉េខាងត្បូងភាគច្រើនលែងបរិភោគសាច់ឆ្កែទៀតហើយ។
គួរបញ្ជាក់ថា មានប្រទេសមួយចំនួននៅលើពិភពលោកដែលទទួលទានសាច់ឆ្កែ ប៉ុន្តែបញ្ហាសាច់ឆ្កែនៅកូរ៉េខាងត្បូងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ ព្រោះវាជាប្រទេសតែមួយគត់ក្នុងពិភពលោកដែលមានកសិដ្ឋានចិញ្ចឹមឆ្កែតាមខ្នាតឧស្សាហកម្ម។
យ៉ាងណាមិញ សមាគមបង្កាត់ពូជសត្វឆ្កែនៅកូរ៉េខាងត្បូងបានអះអាងថា ប្រសិនបើច្បាប់នេះត្រូវបានចូលជាធរមានកសិដ្ឋានចិញ្ចឹមឆ្កែចំនួន ៣៥០០កសិដ្ឋានដែលមានសត្វឆ្កែចំនួន ១,៥លានក្បាល និងភោជនីយដ្ឋានចំនួន ៣០០០កន្លែងនឹងត្រូវបិទទ្វារ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: