ការបាញ់បង្ហោះផ្កាយរណបរបស់ចិនបង្កឲ្យមានការជ្រួលច្របល់ នៅតៃវ៉ាន់
- ថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ ម៉ោង ៩:១៩ នាទី យប់

ដោយ៖ ឈាង បុប្ផា/ RFI
សាររបស់ក្រសួងការពារជាតិតៃវ៉ាន់ជាភាសាចិនអំពាវនាវឲ្យប្រជាជនប្រុងប្រយ័ត្ននឹងបំណែកគ្រាប់រ៉ូក្កែតដែលចិនបាញ់នៅថ្ងៃអង្គារទី៩មករា AP - Ng Han Guan៤ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់ កាន់តែតានតឹងខ្លាំងឡើង។ នៅថ្ងៃអង្គារទី៩មករា ការបាញ់បង្ហោះផ្កាយរណបរបស់ចិន បានបង្កឲ្យមានការភ័យជ្រួលច្របល់នៅកោះតៃវ៉ាន់។ បេក្ខជនប្រធានាធិបតី មកពីគណបក្សកាន់អំណាចបានទម្លាក់កំហុសដាក់ប៉េកាំងថា កំពុងធ្វើនយោបាយដាក់សម្ពាធលើអ្នកបោះឆ្នោតតៃវ៉ាន់ រីឯបក្សប្រឆាំង បក្សគួមីនតាំងដែលជិតស្និទ្ធនឹងរដ្ឋអំណាចចិនចោទប្រកាន់បក្សកាន់អំណាចថា ផ្ញើសារ បំភិតបំភ័យប្រជាជនតៃវ៉ាន់ដើម្បីប្រយោជន៍សំឡេងឆ្នោត។

នៅថ្ងៃអង្គារ ចិនបានអះអាងថា ខ្លួនបានបាញ់បង្ហោះដោយជោគជ័យ ផ្កាយរណបសម្រាប់តាមដាន កាំរស្មីX នៅក្នុងទីអវកាស។ ប៉ុន្តែ នៅតៃវ៉ាន់វិញ ការបាញ់បង្ហោះផ្កាយរណបរបស់ចិនបានបង្កឲ្យមានការភ័យជ្រួលច្របល់ខ្លាំង ក៏ដោយសារតែសារទាញអាសន្នរបស់រដ្ឋាភិបាលតៃវ៉ាន់តែម្តង។ នៅរសៀលថ្ងៃអង្គារនេះ ពោលគឺប៉ុន្មាននាទីក្រោយ ចិនបាញ់បង្ហោះរ៉ូកក្កែតនាំយកផ្កាយរណបទៅកាន់គន្លងតារាវិថី សារផ្លូវការរបស់រដ្ឋាភិបាលតៃវ៉ាន់ ត្រូវបានផ្ញើទៅគ្រប់ទូរស័ព្ទដៃរបស់ប្រជាជនតៃវ៉ាន់។ នៅក្នុងសារប្រកាសអាសន្ន ជាភាសាអង់គ្លេស គេអំពាវនាវឲ្យប្រជាជនប្រុងប្រយ័ត្ន ព្រោះថា មានមីស៊ីលរបស់ចិនហោះកាត់ដែនអាកាសខាងត្បូងរបស់តៃវ៉ាន់។ អ្នកប្រើប្រាស់អ៊ីនធ័នែតរបស់តៃវ៉ាន់ភ័យបារម្ភ និងនាំគ្នាចោទសំណួរថា តើអ្វីដែលកើតឡើងពិតប្រាកដ ព្រោះថា សាររបស់រដ្ឋាភិបាលតៃវ៉ាន់ ដដែល ជាភាសាចិន និយាយពីការបាញ់បង្ហោះផ្កាយរណប។
ដោយសារហេតុការណ៍នេះកើតឡើងនៅក្នុងអំឡុងសន្និសីទកាសែតរបស់លោកនៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីតៃវ៉ាន់ លោក Joseph Wu បានធានាអះអាងកុំឲ្យប្រជាជនភ័យបារម្ភព្រោះថា វាគ្រាន់តែការបាញ់បង្ហោះផ្កាយរណប ប៉ុន្តែមិនមែន មីស៊ីលដូចក្នុងសារ ជាភាសាអង់គ្លេសទេ។ អាចជាកំហុសក្នុងការបកប្រែភាសា ប៉ុន្តែ ប្រមុខការទូតតៃវ៉ាន់នៅតែអំពាវនាវឲ្យប្រជាជនតៃវ៉ាន់ប្រុងប្រយ័ត្នខ្លួនជានិច្ច ព្រោះថា ទោះមិនមែនជាមីស៊ីល ប៉ុន្តែ បំណែករ៉ូក្កែតរបស់ចិនអាចធ្លាក់មកលើកោះតៃវ៉ាន់ និងបង្កគ្រោះថ្នាក់គ្រប់ពេលវេលា។
ចិនបង្ហាញសាច់ដុំយោធា នៅប៉ុន្មានថ្ងៃមុនបោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់
កាន់តែកៀកថ្ងៃបោះឆ្នោត តៃវ៉ាន់បានចោទប្រកាន់ចិនថា ក្រៅតែបញ្ជូនយន្តហោះចម្បាំងទៅហោះរំលោភចូលដែនអាកាសតៃវ៉ាន់ ចិនទើបបញ្ជូនបាឡុងចារកិច្ចទៅហោះលើមូលដ្ឋានទ័ពតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី៧មករា។ សម្រាប់បេក្ខជនប្រធានាធិបតីមកពីគណបក្សចម្រើនប្រជាធិបតេយ្យ ដែលជាបក្សកាន់អំណាច២អាណត្តិជាប់គ្នា នៅតៃវ៉ាន់ នេះជាចេតនាច្បាស់ក្រឡែតរបស់ចិនដើម្បីបំភិតបំភ័យ កុំឲ្យប្រជាជនតៃវ៉ាន់នៅប៉ុន្មានថ្ងៃមុនតៃវ៉ាន់ រៀបចំការបោះឆ្នោត។
តៃវ៉ាន់ទទួលស្គាល់ថា ការដាក់សម្ពាធរបស់ចិនមកលើកោះតៃវ៉ាន់ មិនថា ផ្នែកយោធា សេដ្ឋកិច្ច កាន់តែខ្លាំងឡើងៗ ចាប់តាំងពីតៃវ៉ាន់ស្ថិតក្រោមការដឹកនាំរបស់លោកស្រី ត្សៃ អ៊ីងវេន មកពីគណបក្សចម្រើនប្រជាធិបតេយ្យ ដែលចិនចោទប្រកាន់ថា មាននិន្នាការចង់ប្រកាសទាមទារឯករាជ្យឲ្យកោះតៃវ៉ាន់ តាមរយៈការបង្កើនទិញ បំពាក់សព្វាវុធពីអាមេរិក។ នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតី តៃវ៉ាន់ ដែលនឹងទៅកំណត់អនាគតទំនាក់ទំនាក់ចិន និងកោះប្រជាធិបតេយ្យតៃវ៉ាន់ ចិនបានបង្កើនការដាក់សម្ពាធបន្ថែមទៀត ជាពិសេសផ្នែកយោធា ដូចជាបញ្ជូនយន្តហោះចម្បាំង នាវាចម្បាំងបើកហោះហែល ឆ្វែលតៃវ៉ាន់ ឬការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់។ នៅសប្តាហ៍មុននេះទៀតសោត តៃវ៉ាន់ចាប់បានសញ្ញាយន្តហោះចម្បាំងចិន ហោះរំលោភចូលក្នុងដែនអាកាសរបស់ខ្លួន។ បន្ទាប់មក នៅថ្ងៃអាទិត្យ ក្រសួងការពារជាតិតៃវ៉ាន់ បានចេញសារព្រមានចិន ដែលបានបញ្ជូនបាឡុងចារកម្មចំនួន៤ទៅហោះឆ្លងកាត់ដែនអាកាសតៃវ៉ាន់ ដែលនៅក្នុងនោះ បាឡុងចិនមួយហោះពីលើមូលដ្ឋានទ័ពតៃវ៉ាន់ ភាគខាងត្បូង។
សម្រាប់បេក្ខជនប្រធានាធិបតី មកពីគណបក្សកាន់អំណាច បក្សចម្រើនប្រជាធិបតេយ្យ ចិនប្រើគ្រប់មធ្យោបាយដើម្បីលូកដៃចូលរាល់ការបោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់ តាមរយៈ ការបំភិតបំភ័យនយោបាយ កងទ័ព និងសេដ្ឋកិច្ច។ ប៉ុន្តែ នៅក្នុងការបោះឆ្នោតតៃវ៉ាន់លើកនេះ ចិនធ្វើយុទ្ធនាការច្រើន មិនថា ការធ្វើសមយុទ្ធយោធា ឬផ្សព្វផ្សាយព័ត៌មានមិនពិត នៅក្នុងគោលដៅដាក់សម្ពាធខ្លាំងយកតែមែនទែនលើប្រជាជនតៃវ៉ាន់ ដែលជាម្ចាស់សំឡេងឆ្នោត។
ប្រជាជនតៃវ៉ាន់នឹងសម្រេចផ្តល់ជោគវាសនាអនាគតរបស់តៃវ៉ាន់ទៅឲ្យគណបក្សមួយណា?
នៅចំពោះមុខការដាក់សម្ពាធពីប្រទេសចិន ប្រជាជនតៃវ៉ាន់ត្រូវប្រឈមនឹងជម្រើសលំបាក។ នៅក្នុងការបោះឆ្នោតប្រធានាធិបតីលើកនេះ មានគណបក្សបីដែលចូលរួម គឺ គណបក្សចម្រើនប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាចរបស់លោកស្រី ប្រធានាធិបតីត្សៃអ៊ីងវេន គណបក្សគួមីនតាងដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប៉េកាំង និងដែលត្រូវគណបក្សកាន់អំណាចចោទប្រកាន់ថា ត្រូវរ៉ូវជាមួយចិន ហើយនិងគណបក្សក្មេងខ្ចីថ្មី គឺគណបក្សប្រជាជន។
ទំនាក់ទំនងជាមួយចិន ជាចំណុចស្នូលនៅក្នុងការតស៊ូមតិរបស់បេក្ខជនគណបក្សនយោបាយទាំងបី។ នៅថ្ងៃអង្គារ ពោលគឺនៅ៤ថ្ងៃមុនការបោះឆ្នោតដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ គណបក្សគួមីនតាងបានប្រកាសប្រាប់អ្នកបោះឆ្នោតតៃវ៉ាន់ ឲ្យជ្រើសរើសរវាងសង្រ្គាម និងសន្តិភាព។ មានន័យថា បើគេបោះឆ្នោតឲ្យគណបក្សគួមីនតាង នោះ តៃវ៉ាន់នឹងនឹងមានសន្តិភាព ដោយសារគណបក្សរក្សាទំនាក់ទំនងល្អជាមួយចិន។ ផ្ទុយទៅវិញ តៃវ៉ាន់ក្រោមការដឹកនាំរបស់គណបក្សចម្រើនប្រជាធិបតេយ្យ នឹងត្រូវរុញច្រានឲ្យនៅមាត់ជ្រោះគ្រោះថ្នាក់ សង្រ្គាម ព្រោះថា គណបក្សចម្រើនប្រជាធិបតេយ្យ ចេះតែចង់ចេញមុខ តទល់ជាមួយចិន តាមរយៈការបង្កើនបំពាក់សព្វាវុធ។
ប៉ុន្តែ សម្រាប់បេក្ខជនប្រធានាធិបតី មកពីគណបក្សចម្រើនប្រជាធិបតេយ្យ លោកឡៃ ជីងតេ ដែលជាអនុប្រធានាធិបតីតៃវ៉ាន់ដែរនោះ តៃវ៉ាន់មិនអាចជួបសន្តិភាពបានទេ បើសិនតៃវ៉ាន់ ទទួលយកគោលការណ៍ចិនតែមួយ។ ករណី ហុងកុងនិងទីបេ ជាឧទាហរណ៍ស្រាប់។
បើតាមលោកលោកឡៃ ជីងតេ សន្តិភាពដែលគ្មានដែនអធិបតេយ្យភាព ដូចជាហុងកុងនោះ គឺជាសន្តិភាពក្លែងក្លាយ។ យ៉ាងណាក៏ដោយ លោក ឡៃ ជីតេ ដែលត្រូវគេស្ទង់មតិថា នឹងទទួលការគាំទ្រពីអ្នកបោះឆ្នោតតៃវ៉ាន់ បញ្ជាក់ដែរថា នៅក្រោមការដឹកនាំរបស់គណបក្សរបស់លោក រដ្ឋាភិបាលតៃវ៉ាន់នៅតែបើកទ្វារស្វាគមការសហការជាមួយចិន ប៉ុន្តែ ក្នុងរូបភាពស្មើភាពគ្នាជានិច្ច។ តើប្រជាជនតៃវ៉ាន់នឹងបោះឆ្នោតជ្រើសរើសយកគណបក្សមួយណា? មួយប្រកាសត្រលប់ទៅស្តារទំនាក់ទំនងល្អជាមួយចិន វិញ ប៉ុន្តែ មួយទៀត ប្រកាសពង្រឹង វិស័យការពារ តៃវ៉ាន់ នៅចំពោះមុខការគំរាមកំហែងរបស់ចិន។ គេនឹងអាចដឹងលទ្ធផល ឃើញការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃ សៅរ៍ខាងមុខនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com