គម្រោងថវិកា៩លានដុល្លារ ដើម្បីពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-មានសុវត្ថិភាព»
- ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោង ៩:០៩ នាទី ព្រឹក

កញ្ចប់ថវិកាចំនួន ៣៨,១ប៊ីលានរៀល (ប្រមាណ៩លានដុល្លារអាម៉េរិក) ត្រូវបានគ្រោងប្រើប្រាស់ដើម្បីពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។ នេះបើតាមរបាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៤(Budget in Brief, Fiscal Year 2024) ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គម្រោងថវិកា៩លានដុល្លារនេះ នឹងផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការកាត់បន្ថយ និង ឈានទៅដល់ការលុបបំបាត់ ការជួញដូរ និង ប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍ ដែលជាផ្នែកមួយនៃវិធានការគន្លឹះចំនួន៥របស់រដ្ឋាភិបាលអណត្តទី៧។
ជាមួយគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងអភិវឌ្ឍន៍រដ្ឋបាលថ្នាក់ក្រោមជាតិ អាទិភាពចំណាយឆ្នាំ២០២៤ នេះ ក៏ត្រូវបានផ្តល់ដល់ការដំឡើងប្រាក់បំណាច់មុខងារជូនពីថ្នាក់ដឹកនាំភូមិ ដល់ក្រុមប្រឹក្សារាជធានី-ខេត្ត។
របាយការណ៍បានបង្ហាញថា ប្រាក់បំណាច់មុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សុទ្ធតែកើនឡើង បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ដោយប្រធានក្រុមប្រឹក្សារាជធានី-ខេត្ត ឡើងដល់១,៦៥លានរៀល, សមាជិកក្រុមប្រឹក្សារាជធានីឡើងដល់ជាង ១,២៤លានរៀល, ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ កើនដល់ជាង១,៣៦លានរៀល, សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ កើនដល់ ១,០២លានរៀល។
ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ កើនដល់ ១,៣២លានរៀល, ជំទប់ទី១, ទី២, ចៅសង្កាត់រងទី១, ទី២ កើនដល់ ៩៨ម៉ឺនរៀល, មេភូមិ កើនដល់៥៥ម៉ឺនរៀល, អនុប្រធានភូមិ កើនដល់ ៤៣ម៉ឺនរៀល រីឯសមាជិកភូមិ កើនពី៣៦ម៉ឺនរៀល ដល់៤០ម៉ឺនរៀល។
ថវិកាសង្ខេបឆ្នាំ២០២៤ បានបង្ហាញថា ការឧបត្ថម្ភដល់រដ្ឋបាលខណ្ឌ, ក្រុង-ស្រុក, ឃុំសង្កាត់ សុទ្ធតែមានកំណើន បើបធៀបនឹងច្បាប់ឆ្នាំ២០២៣។ ជាមួយគ្នានេះ ការឧបត្ថម្ភមូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ មានចំនួន ២៥៥ ៦៤៤ លានរៀល, ស្មើនឹង ០,១៨% នៃ ផ.ស.ស., មានកំណើន ១៥, ៤% ធៀបនឹងច្បាប់ឆ្នាំ ២០២៣, ដែល ជាការផ្ទេរធនធានបន្ថែមជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។
ការឧបត្ថម្ភធនបន្ថែមនេះ នឹងធ្វើឱ្យរដ្ឋបាលឃុំ សង្កាត់នីមួយៗ ទទួលបានថវិកា សរុបជាមធ្យមប្រមាណ ៧៦៣ លានរៀល ឬសមមូលស្មើនឹង ១៨៨ ៣០០ ដុល្លារ អាមេរិក ក្នុងនោះ ថវិកាសម្រាប់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានឃុំ សង្កាត់នីមួយៗ ទទួល បានជាមធ្យមប្រមាណ ៤១០ លានរៀល ឬសមមូលស្មើនឹង ១០១ ០០០ ដុល្លារ អាម៉េរិក ក្នុង ១ ឆ្នាំ, កើនឡើង ១៤,៥% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៣៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: