មេដឹកនាំពិភពលោកប្រតិកម្មចំពោះការបោះឆ្នោតតៃវ៉ាន់ ខណៈអាម៉េរិកមិនគាំទ្រការប្រកាសឯករាជ្យ
  • ថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ ​​ ម៉ោង ២:៥៩ នាទី រសៀល
មេដឹកនាំពិភពលោកប្រតិកម្មចំពោះការបោះឆ្នោតតៃវ៉ាន់ ខណៈអាម៉េរិកមិនគាំទ្រការប្រកាសឯករាជ្យ
រូបភាព AFP

អតីតអនុប្រធានាធិបតីតៃវ៉ាន់ លោក William Lai មកពីបក្សប្រជាធិបតេយ្យជឿនលឿន (DPP) បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ទោះបីជាមានការព្រមានជា ច្រើនលើកច្រើនសាពីសំណាក់ក្រុងប៉េកាំងមិនឱ្យបោះឆ្នោតជូនលោកLai ដែលជាអ្នកគាំទ្រ យ៉ាងខ្លាំងចំពោះឯករាជ្យភាពតៃវ៉ាន់។​ ដូចការបញ្ជាក់រាល់ដង អាម៉េរិកនឹងមិនគាំទ្រតៃវ៉ាន់ សម្រាប់ការឈានទៅរកឯករាជ្យភាពនោះឡើយ។
 
គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលនាថ្ងៃទី១៣ ខែមករាបានប្រកាសពីជ័យជន្នះ របស់លោក Lai ជា ប្រធានាធីបតីដែលទទួលបាន ៤០,១ ភាគរយនាំមុខលោក Hou Yu-ih នៃគណបក្ស Kuomintang (KMT) ដែលមាន ៣៣,៥ ភាគរយ​ ខណៈលោក​ Ko Wen-je នៃគណបក្សប្រជាជនតៃវ៉ាន់តូច (TPP) ទទួលបាន ២៦ ភាគរយ។ នៅក្នុងដំណើរការ បោះឆ្នោតចិនបានថ្កោលទោសលោក Lai ថាជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់ ហើយបាននិយាយ ថា លោកនឹងក្លាយជាការគំរាមកំហែងដល់សន្តិភាពនៅក្នុងតំបន់ប្រសិនបើលោកឈ្នះ។ 
 
ខាងក្រោមគឺជាប្រតិកម្មរបស់ប្រទេសនានាចំពោះការបើកទំព័រថ្មីមួយសម្រាប់តៃវ៉ាន់​ និងជា ពិសេសការរំពឹងនៃការប្រឈមមុខតានតឹងជាងមុនជាមួយក្រុងប៉េកាំង។
 
ចិន

ក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua អ្នកនាំពាក្យ ការិយាល័យកិច្ចការតៃវ៉ាន់របស់ទីក្រុងប៉េកាំង លោក Chen Binhua បានថ្លែងថា តៃវ៉ាន់គឺជានៅតែជាតៃវ៉ាន់របស់ចិន ហើយ DPP មិនអាចតំណាងឱ្យមតិសាធារណៈទូទៅ នៅលើកោះនេះទេ។
« (ការបោះឆ្នោត) នឹងមិនផ្លាស់ប្តូរទិដ្ឋភាពជាមូលដ្ឋាន និងនិន្នាការអភិវឌ្ឍនៃទំនាក់ទំនងឆ្លងច្រកសមុទ្រទេ។ (គោលជំហររបស់ទីក្រុងប៉េកាំងស្តីពី) ការធ្វើឱ្យមានការបង្រួបបង្រួមជាតិ ពិតប្រាកដនៅតែជាប់លាប់ ហើយការប្តេជ្ញាចិត្តរបស់យើងគឺរ៉ឹងមាំដូចថ្ម»។ លោក ​Binhua បានសង្កត់ធ្ងន់បែបនេះផងដែរ។

អាម៉េរិក

បន្ទាប់ពីត្រូវបានសួរដោយអ្នកសារព័ត៌មានអំពីជំហររបស់វ៉ាស៊ីនតោនលើការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិននាថ្ងៃទី១៣ ខែមករាបានបញ្ជាក់ថា អាម៉េរិកមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់នោះទេ។ រដ្ឋបាលលោកបៃឌិន មានការព្រួយ បារម្ភចំពោះការបោះឆ្នោត ការផ្លាស់ប្តូរ និងរដ្ឋបាលថ្មីនឹងធ្វើឱ្យជម្លោះកាន់តែកើនឡើងជាមួយ ទីក្រុងប៉េកាំង។
ក្រៅពីនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដាច់ដោយឡែក រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិនបានអបអរសាទរដល់លោក Lai ចំពោះជ័យជម្នះរបស់លោក និងបានសាទរ ចំពោះប្រព័ន្ធប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោតដ៏រ៉ឹងមាំនៃកោះតៃវ៉ាន់។ លោកប្លីងខិន បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនប្តេជ្ញារក្សាសន្តិភាព និងស្ថិរភាពឆ្លងច្រកសមុទ្រ និងដំណោះ ស្រាយដោយសន្តិវិធីនៃភាពខុសគ្នា ដោយមិនមានការបង្ខិតបង្ខំ និងសម្ពាធ។
 
រុស្ស៊ី

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova មានប្រសាសន៍ក្នុង សេចក្តីថ្លែងការណ៍មួយថា ទីក្រុងមូស្កូបានបន្តចាត់ទុកកោះតៃវ៉ាន់ជាផ្នែកសំខាន់មួយនៃចិន។
 
សហភាពអឺរ៉ុប
 
សេចក្តីថ្លែងការណ៍មួយបង្ហាញថា សហភាពអឺរ៉ុបស្វាគមន៍ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ និងអបអរសាទរអ្នកបោះឆ្នោតទាំងអស់ដែលបានចូលរួមក្នុងការបន្តលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ មិនបានលើកឡើងពីលោក Lai ឡើយ។ បន្ថែមពីនេះ អ្នកនាំពាក្យរបស់ ប្រមុខការទូត សហភាពអឺរ៉ុបលោក Josep Borrell សម្គាល់ថា សហភាពអឺរ៉ុបនៅតែព្រួយ បារម្ភអំពីភាពតាន តឹងដែលកំពុងកើនឡើងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយប្រឆាំងនឹងការប៉ុនប៉ងឯកតោភាគី ណាមួយដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។
 
អង់គ្លេស

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បានអបអរសាទរចំពោះលោក Lai ហើយ សង្ឃឹមថាតៃវ៉ាន់ និងចិននឹងបន្តកិច្ចខិតខំដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី។ លោក Cameron បន្ថែមថា ការបោះឆ្នោតនេះគឺជាសក្ខីភាពនៃលទ្ធិប្រជាធិបតេយ្យដ៏រស់រវើក របស់តៃវ៉ាន់។
 
ជប៉ុន

ជប៉ុន​បាន​អបអរសាទរ​ចំពោះ​ការ​អនុវត្ត​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ដោយ​រលូន ហើយ​លោក Lai បាន​ទទួល​ជ័យ​ជម្នះ។
 
ក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុងតូក្យូសម្គាល់ថា ពួកគេរំពឹងបញ្ហាជុំវិញតៃវ៉ាន់នឹងត្រូវបាន ដោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា ដែលនឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់។ តៃវ៉ាន់ក៏ជាដៃគូដ៏សំខាន់បំផុតដែលទីក្រុងតូក្យូមានគោលបំណងធ្វើឱ្យ កិច្ចសហប្រតិបត្តិការស៊ីជម្រៅផងដែរ។
 
កាណាដា

ក្រសួងការបរទេសកាណាដាបានអបអរសាទរប្រជាជនតៃវ៉ាន់បន្ទាប់ពីការបោះឆ្នោត ប៉ុន្តែមិនបានលើកឡើងពីលោក Lai ទេ។
 
«ត្រូវបានដឹកនាំដោយសសរស្តម្ភនៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសន្តិភាព កាណាដា ទន្ទឹងរង់ចាំជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន វិទ្យាសាស្ត្រ ពាណិជ្ជកម្ម និងការវិនិយោគ»។  ក្រសួងដដែលខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅ លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បែបនេះ។
 
លីទុយអានី

រដ្ឋមន្ត្រីក្រសួងការបរទេសលីទុយអានី លោក Gabrielius Landsbergis បានអបអរសាទរ ចំពោះជ័យជម្នះរបស់លោក Lai ។
 
«យើង​រួម​គ្នា​ជាមួយ​ប្រជាជន​តៃវ៉ាន់ យើង​អបអរ​ភាព​រ៉ឹងមាំ​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី និង​ យុត្តិធម៌»។ លោក​បាន​បង្ហោះសារលើបណ្ដាញសង្គម X បែបនេះ៕
 
 
 
 
 
 
 

អ្នកសរសេរអត្ថបទ

ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោង​នៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា ពេជ្រដាឡែន