រដ្ឋ បង្កើតក្រុង«រុនតាឯកតេជោសែន» ដោយកាត់យកឃុំរុនតាឯក និងឃុំបល្ល័ង្ក
- ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ ម៉ោង ៥:៥២ នាទី ល្ងាច

ភូមិធម្មជាតិរុនតាឯកថតពីលើអាកាសដែលកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ថតនៅថ្ងៃទី២២ ឧសភា ឆ្នាំ២០២៣
ប្រមុខរដ្ឋាភិបាលសម្រេច ហ៊ុន ម៉ាណែត សម្រេចបង្កើត «ក្រុងរុនតាឯកតេជោសែន» ឡើងដោយសង្កាត់ចំនួន២ ដោយក្នុងនោះមានសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក។ នេះបើយោងតាមសេចក្តីសម្រេចរបស់លោក ហ៊ុន ម៉ាណែត នាថ្ងៃទី១១មករា។

ការបង្កើត«ក្រុងរុនតាឯកតេជោសែន» នៃខេត្តសៀមរាបនេះ គឺបានកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។ សេចក្តីសម្រេចដដែលបានបញ្ជាក់ថា ទីតាំងរដ្ឋបាលក្រុងរុនតាឯកតេជោសែន ស្ថិតនៅក្នុងសង្កាត់រុនតាឯក។
ក្រុងនេះត្រូវបានបង្កើតឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនឹងកែប្រែតំបន់ជនបទទៅជាទីក្រុងមួយ កាលពីជាង១ឆ្នាំមុន។ នាជំនួបសំណេះសំណាលផ្ទាល់ជាមួយពលរដ្ឋស្ម័គ្រចិត្តនៅទីតាំងរុនតាឯកផ្ទាល់នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ២០២៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋាន នឹងកែប្រែរុនតាឯក ពីជនបទ ឲ្យទៅជាទីក្រុងមួយ។
សម្តេចបានលើកឡើងពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតំបន់នេះ ដូចជាអគ្គិសនី ទឹកស្អាត ផ្លូវ ផ្សារ និងសាលារៀន ដោយសម្តេចបានលើកឡើងពីគម្រោងបង្កើតថ្នាក់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នាពេលខាងមុខ។
សម្រាប់ផ្លូវលំ ចូលទៅតំបន់រុនតាឯក នឹងត្រូវរៀបចំចាក់កៅស៊ូ ហើយផ្លូវតភ្ជាប់ក្នុងភូមិផ្សេងទៀត ក៏នឹងឈូសឆាយធ្វើដែរ ដោយខ្លះនឹងចាក់បេតុង។ ផ្លូវដែលនឹងត្រូវអភិវឌ្ឍ មានប្រវែងប្រមាណ១៤០គីឡូម៉ែត្រ។
ចំពោះទឹក រដ្ឋនឹងរៀបចំប្រព័ន្ធទឹកស្អាតចេញពីទីរួមខេត្តទៅតំបន់រុនតាឯក ដែលគ្រោងនឹងចំណាយប្រមាណ៣លានដុល្លារ ដោយចំណាយពេល៨ខែ។ ចំណែក ប្រព័ន្ធអគ្គិសនី ក៏ត្រូវបានសម្ដេច ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធររៀបចំដំណាលគ្នា ជូនពលរដ្ឋផងដែរ។ រីឯ សាលារៀន តំបន់រុនតាឯក នឹងមានសាលារៀនថ្នាក់បឋម អនុវិទ្យាល័យ វិទ្យាល័យ និង អគារស្នាក់នៅសម្រាប់គ្រូបង្រៀន។ ចំពោះ ពលរដ្ឋដែលស្ម័គ្រចេញពីតំបន់រមណីដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក នឹងទទួលបានប័ណ្ណក្រីក្រ សម្រាប់ថែទាំសុខភាព រួមទាំងទទួលបានប្រាប់ឧបត្ថម្ភអំឡុងពេលរងវិបត្តិកូវីដ-១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: