ឆ្មាំបដិវត្តន៍អុីរ៉ង់ប្រកាសបាញ់មីស៊ីលបំផ្លាញទីតាំងក្រុមចារកិច្ចអុីស្រាអែលនៅទឹកដីអុីរ៉ាក់
- ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ម៉ោង ៧:៥៩ នាទី ព្រឹក

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ប្រកាសបាញ់មីស៊ីលបំផ្លាញទីតាំងក្រុមចារកិច្ចអ៊ីស្រាអែលនៅទីក្រុងErbilក្នុងទឹកដីអ៊ីរ៉ាក់ REUTERS - AZAD LASHKARI
ដោយ៖ឈាង បុប្ផា/RFI
អាមេរិក អង់គ្លេស រួមទាំងអ៊ីរ៉ាក់ម្ចាស់ផ្ទះ បានដំឡើងសំឡេងថ្កោលទោសអ៊ីរ៉ង់ថា បានរំលោភដែនអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ តាមរយៈការបាញ់ស្រោចគ្រាប់មីស៊ីលទៅលើទឹកដីភាគខាងជើងអ៊ីរ៉ាក់ នៅយប់ថ្ងៃចន្ទ ឈានចូលដល់ថ្ងៃអង្គារទី ១៦មករា។ ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA នៅថ្ងៃអង្គារ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ អះអាងថា គេវាយបើកការវាយប្រហារទៅលើទីតាំងយោធានៅអ៊ីរ៉ាក់ និងស៊ីរី ដើម្បីសងសឹកនឹងការវាយប្រហារភេរវកម្មរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅក្នុងទឹកដីអ៊ីរ៉ង់ នៅដើមខែមករានេះ ដែលបានមនុស្សប្រមាណ ៩០នាក់។

ការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើទឹកដីអ៊ីរ៉ាក់ និងស៊ីរី នៅដើមសប្តាហ៍នេះកើតឡើង នៅក្នុងបរិបទដ៏តានតឹងនៅតំបន់ដើមបូព៌ាដែលរងអង្រួនដោយសង្រ្គាមសងសឹករបស់អ៊ីស្រាអែលទៅលើក្រុមហាម៉ាស ហើយនិងការវាយប្រហារគ្នារវាងសម្ព័ន្ធមិត្តអាមេរិក និងក្រុមហ៊ូទី យេម៉ែន នៅសមុទ្រក្រហម។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA នៅយប់ថ្ងៃចន្ទ ឈានចូលដល់ថ្ងៃអង្គារ ទី ១៦មករា ឆ្មាំបដិវត្តន៍របស់របបអ៊ីស្លាមអ៊ីរ៉ង់បាញ់ស្រោចគ្រាប់មីស៊ីលទៅលើទីតាំងយោធា នៅក្នុងទឹកដីអ៊ីរ៉ាក់ និងស៊ីរី ដើម្បីសងសឹកឲ្យប្រជាជនអ៊ីរ៉ង់ ប្រមាណ៩០នាក់ ដែលស្លាប់នៅក្នុងការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី៣មករា កន្លងទៅ។
នៅលើវិបសៃតិ៍ព័ត៌មានរបស់ខ្លួន កងឆ្មាំបដិវត្តន៍អះអាងថា នៅក្នុងទឹកដីស៊ីរី គេបាញ់មីស៊ីលបាលីស្ទិក បំផ្លាញទីតាំងយោធាដែលមានការជួបជុំរបស់ក្រុមមេបញ្ជាការ ពាក់ព័ន្ធនឹងសកម្មភាពធ្វើភេរវកម្មថ្មីៗនេះ ជាពិសេសភេរវកម្មរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ក្រុមនេះធ្លាប់ចេញមុខទទួលខុសត្រូវលើការបំផ្ទុះគ្រាប់បែក សម្លាប់ពលរដ្ឋអ៊ីរ៉ង់ នៅក្នុងពិធីរំលឹកខួប៤ឆ្នាំនៃការបាត់បង់ជីវិតរបស់មេទ័ពអ៊ីរ៉ង់ ឧត្តមសេនីយ៍កាស៊ីម សូឡីម៉ានី ទទួលបន្ទុកប្រតិបត្តិការក្រៅប្រទេស ជាពិសេសការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត នៅទឹកដីស៊ីរី។
នៅទីក្រុងErbil រដ្ឋធានីរបស់តំបន់ស្វ័យតគួដឌីស្ថាន ដែលស្ថិតនៅភាគខាងជើងអ៊ីរ៉ាក់ មីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ដៅវាយប្រហារទីតាំងដែលឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងថា ជាទីស្នាក់ការកណ្តាលដែលក្រុមចារកម្មអ៊ីស្រាអែលប្រើសម្រាប់បង្កើតអភិវឌ្ឍបណ្តាញស៊ើបការណ៍សម្ងាត់ ក្នុងគោលដៅបង្កអស្ថិរភាពនៅក្នុងតំបន់ដើមបូព៌ា។
អាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប រួមទាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ផ្ទាល់បានចេញមុខថ្កោលទោសអ៊ីរ៉ង់ថា បានរំលោភដែនអធិបតេយ្យភាពរបស់អ៊ីរ៉ាក់។ នៅថ្ងៃអង្គារ អាជ្ញាធរគ្រប់គ្រងតំបន់ស្វ័យតគួឌីស្ថានអ៊ីរ៉ាក់អះអាងថា ការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់បានសម្លាប់មនុស្ស៤នាក់ និងរបួស ៦នាក់។
នៅថ្ងៃអង្គារ អាជ្ញាធរគួដឌីស្ថានបដិសេធទាត់ចោលការចោទប្រកាន់របស់អ៊ីរ៉ង់ដែលថា ទីក្រុងErbil មានលាក់សំបុកក្រុមស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល។ ចំណែកមន្រ្តីរដ្ឋាភិបាលអ៊ីរ៉ាក់ ទទួលបន្ទុកសន្តិសុខ ដែលបានចុះទៅស៊ើបអង្កេតដល់កន្លែងកើតហេតុនិយាយថា ផ្ទះដែលរងការវាយប្រហាររបស់អ៊ីរ៉ង់ នៅទីក្រុងErbil កាលពីយប់ថ្ងៃចន្ទ តាមពិត ជាផ្ទះរបស់គ្រួសារអ្នកជំនួញគួឌីស្ថាន។
គួរបញ្ជាក់ថា រដ្ឋាភិបាលអីរ៉ាក់ហាមដាច់ខាតទំនាក់ទំនងជាមួយអ៊ីស្រាអែល។ អាជ្ញាធរគ្រប់គ្រងតំបន់ស្វ័យតគួឌីស្ថាននៅភាគខាងជើងអ៊ីរ៉ាក់ ធ្លាប់មានសមានចិត្តជាមួយអ៊ីស្រាអែល ប៉ុន្តែ បដិសេធ គ្មានចំណងមេត្រីជាមួយរដ្ឋជ្វីហ្វ។ កន្លងមក តំបន់ស្វ័យតគួឌីស្ថានអ៊ីរ៉ាក់ ធ្លាប់ជាផ្ទាំងស៊ីបវាយប្រហាររបស់អ៊ីរ៉ង់ ដែលអះអាង បើកប្រតិបត្តិការប្រយុទ្ធប្រឆាំងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់។ ប៉ុន្តែ ការវាយប្រហារទៅលើទឹកដីអ៊ីរ៉ាក់ និងស៊ីរី កើតឡើងចំពេលដែលស្ថានការណ៍នៅតំបន់ដើមបូព៌ាកំពុងពុះកញ្ជ្រោលដោយសង្រ្គាមហ្កាហ្សា ការវាយប្រហារគ្នានៅព្រំដែនអ៊ីស្រាអែល និងលីបង់ ហើយនិងការបើកសមរភូមិប្រយុទ្ធគ្នា រវាងសម្ព័ន្ធមិត្តអាមេរិក និងពួកឧទ្ទាមហ៊ូទី នៅយេម៉ែន ជាប់សមុទ្រក្រហម ដែលជាច្រកសំខាន់មួយ សម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្ម ក្នុងពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com