FFC ប្តូរកៅអីស្តាតអូឡាំពិកថ្មីស្របតាម FIFA ដោយយកទម្រង់រចនាបថខ្មែរ
- ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ម៉ោង ៤:៤៨ នាទី រសៀល

ទីបំផុតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) រកឃើញជ័យលាភីការរចនាប្លង់កៅអីពហុកីឡដ្ឋានជាតិអូឡាំពិកហើយ។ មិនបង្អង់យូរ ការផ្លាស់ប្តូរកៅអីមានបង្អែក ដើម្បីឱ្យស្របតាមគោលការណ៍សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងអាស៊ី (AFC) ចាប់ផ្តើមដំណើរការតែម្តង។

តាមរយៈការបង្ហោះរបស់ FFC បានជ្រើសរើសរចនាប្លង់កៅអីកីឡដ្ឋានថ្មី របស់លោក ហោ មណីឬទ្ធិ ដែលជាជ័យលាភីការរចនាប្លង់នេះ ក្រោយទទួលបានការគាំទ្រពីអ្នកគាំទ្រច្រើនជាងគេ។ យ៉ាងណា ប្លង់របស់លោក មណីឬទ្ធិ ក៏ត្រូវបានកែសម្រួលពីអ្នករចនារបស់ FFC បន្ថែមផងដែរមុនសម្រេចយកទៅប្រើប្រាស់។
មុនសម្រេចចុងក្រោយ ក្នុងដំណើរការផ្លាស់ប្តូរកៅអីនេះ FFC បានប្រកាសរកអ្នកចង់បញ្ចេញស្នាដៃលើការរចនាប្លង់ក្នុងកីឡដ្ឋាន ដោយអ្នកដែលទទួលបានការជ្រើសរើសក្នុងការរៀបចំកៅអីឡើងវិញ នឹងទទួលបានការលើកទឹកចិត្តពី FFC ផងដែរ។

តាមលក្ខខណ្ឌរបស់ AFC និង FIFA ដើម្បីអាចឱ្យពហុកីឡដ្ឋានជាតិនេះ ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតអន្តរជាតិបាន តម្រូវឱ្យមានកៅអីដែលមានបង្អែក ដោយរុះរើកៅអីដែលមានសព្វថ្ងៃចេញវិញ។
កៅអីដែលគ្មានបង្អែកសព្វថ្ងៃ ត្រូវបានបំពាក់នៅមុនការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ បើទោះអាចទទួលរៀបចំស៊ីហ្គេមបានក្តី ប៉ុន្តែដោយសារទទួលបានការអនុគ្រោះពី AFC ប៉ុណ្ណោះ។ បើមានកៅអីផ្អែក នោះ FFC មិនបាច់ស្នើសុំ AFC ទៀតឡើយ នៅពេលរៀបចំប្រកួតអន្តរជាតិ។
ក្រោយទទួលបានកញ្ចប់ជំនួយពីសហព័ន្ធបាល់ទាត់អាស៊ាន (AFF) ការរចនា និងដំឡើងកៅអីថ្មី ដែលអាចផ្ទុកទស្សនិកជនសរុបចំនួន ៣០,០០០នាក់ គ្រោងនឹងបញ្ចប់ការដំឡើងនៅដើមឆ្នាំ ២០២៤នេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: