Ronaldo ស្តាយមិនបានប្រកួតនៅចិន ខណៈរបួសអាចប៉ះពាល់ដល់ជំនួបទល់ Inter Miami
- ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី យប់

តារាឆ្នើម Cristiano Ronaldo ខកខានការប្រកួតចំនួន២ ជាមួយនឹងក្រុម Al Nassr នៅក្នុងប្រទេសចិន បន្ទាប់ពីរងរបួសអំឡុងពេលហ្វឹកហាត់នៅក្រុង Shenzhen។ នេះបើតាមការប្រកាសរបស់ក្លិប Al Nassr ខណៈប្រធានក្រុមរូបនេះ ប្រឈមអវត្តមានសម្រាប់ការប្រកួតទល់នឹងក្រុម Inter Miami។

តាមកាលវិភាគការប្រកួត Al-Nassr ត្រូវប្រកួតតទល់នឹងក្រុម Shanghai Shenhua នៃលីគកំពូលចិន នៅថ្ងៃទី២៤ ខែមករា និងក្រុម Zhejiang នៅ៤ថ្ងៃបន្ទាប់ ប៉ុន្តែក្រោយអវត្តមានរបស់ Ronaldo ការប្រកួតទាំង ២ ត្រូវពន្យាពេល។ Al Nassr នឹងត្រូវប្រកួតពានរង្វាន់ Riyadh Season Cup ទល់នឹងក្រុម Inter Miami នៅថ្ងៃទី១ ខែកុម្ភៈ បន្ទាប់មកត្រូវប៉ះក្រុម Al Hilal។
ជុំវិញករណីនេះ ក្លិប Al Nassr បានចេញសេចក្តីប្រកាសរបស់ខ្លួនថា៖«យើងមានឆន្ទៈក្នុងការបញ្ចប់ជំរំហ្វឹកហាត់របស់យើងតាមការគ្រោងទុកនៅក្នុងទីក្រុង Shenzhen ប្រទេសចិន ជាទីក្រុងដែលបានស្វាគមន៍យើងយ៉ាងកក់ក្តៅ និងបង្ហាញសេចក្តីស្រលាញ់យ៉ាងខ្លាំង និងប្រធានក្រុមរបស់យើង។ លើសពីនេះ យើងបានយល់ព្រមជាមួយនឹងអ្នករៀបចំក្នុងការកំណត់ពេលប្រកួតថ្មីឱ្យបានឆាប់តាមដែលអាចធ្វើបាន។»។

ខកខានការប្រកួត តារាបាល់ទាត់វ័យ ៣៨ឆ្នាំ បង្ហាញអារម្មណ៍សោកស្តាយ និងសុំទោសអ្នកគាំទ្រចំពោះបញ្ហាដែលបង្កឡើងដោយសារបញ្ហារបួសរបស់ខ្លួន។
«ខ្ញុំបានលេងបាល់រយៈពេល ២២ឆ្នាំ ហើយខ្ញុំគឺជាកីឡាករម្នាក់ដែលមិនសូវជួបបញ្ហារបួសច្រើន និងរយៈពេលយូប៉ុន្មានឡើយ។ ដូច្នេះខ្ញុំពិតជាសោកស្តាយខ្លាំងព្រោះតែ Al Nassr និងរូបខ្ញុំបានមកដល់ប្រទេសចិនគឺដើម្បីចំណាយពេលលេងទស្សនៈកិច្ចដោយសប្បាយរីករាយ។ យើងមិនបានលុបការប្រកួតឡើយ យើងចង់ឱ្យមានការប្រកួតកើតឡើងនៅទីនេះសារជាថ្មី ជាអកុសល ខ្ញុំមានបញ្ហាខ្លះ ។»។ Ronaldo បាននិយាយបែបនេះអំឡុងពេលចេញសេចក្តីប្រកាសសុំទោសទៅអ្នកគាំទ្រចិន។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត កាលពីដើមសប្តាហ៍នេះ Ronaldo បានស្ថិតនៅក្នុងទីក្រុងឌូបៃ ដើម្បីទទួលពានរង្វាន់ចំនួន ៣ ក្នុងកម្មវិធីរបស់ Globe Soccer Award ហើយគេបានអវត្តមានសម្រាប់ការហ្វឹកហាត់របស់ក្រុមលើកដំបូងនៅក្នុងប្រទេសចិន។
បញ្ហារបួសនឹងអាចជាបញ្ហាប្រឈមមួយសម្រាប់ Ronaldo អំពីវត្តមានការប្រកួតទល់នឹងក្រុម Inter Miami នៅក្នុងពានរង្វាន់ Riyadh Season Cup។ បើទោះជាពានរង្វាន់មិត្តភាពប៉ុន្តែជាការប្រកួតដែលមនុស្សគ្រប់គ្នាលើពិភពលោកទន្ទឹមរង់ចាំយ៉ាងអន្ទះសារ ដោយសារជំនួបនេះនឹងមានការជួបគ្នារវាង Ronaldo និង Leonel Messi។
ទាំង Al Nassr និង Miami ក៏នឹងត្រូវជួបតទល់ជាមួយនឹងក្រុម Al Hilal ដែលមានខ្សែប្រយុទ្ធ Neymar Jr ផងដែរ។ Al Hilal បច្ចុប្បន្នជាក្រុមខ្លាំងដែលឈរកំពូលតារាងលីគកំពូលអារ៉ាប៊ីសាអូឌីតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: