សម្តេច ហ៊ុន សែន ឱ្យមេធាវីសិក្សាផ្លូវច្បាប់ប្តឹងលោក សឹង សែនករុណា អ្នកនាំពាក្យអាដហុក
- ថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៣:២០ នាទី រសៀល

សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យមេធាវីសិក្សាផ្លូវច្បាប់ ដើម្បីប្តឹង លោក សឹង សែនករុណា ដែលជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក។ នៅទំព័រហ្វេសប៊ុករបស់ខ្លួន នៅរសៀលថ្ងៃទី៤កុម្ភៈនេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា លោក សឹង សែនករុណា ដែល បាននិយាយវាយប្រហារមកលើគណបក្សប្រជាជន តាមរយៈកាសែត ឌឹ ខេមបូឌា ដេលី កាលពីថ្ងៃទី២កុម្ភៈ ឆ្នាំ២០២៤ ជុំវិញការប្រកាសសាលដីការបស់តុលាការកំពូលក្នុងសំណុំរឿងបណ្តឹងរបស់គណបក្សប្រជាជន និង លោក ស៊ុន ឆ័យ។

«ខ្ញុំសូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ ដើម្បីប្តឹងមនុស្សម្នាក់នេះទៀត (សឹង សែន ករុណា) ប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ យើងសូមបញ្ជាក់ថា គណបក្ស ប្រជាជនកម្ពុជាមិនផ្តល់ ឱកាសសម្រាប់មនុស្សណាក៏ដោយ ប្រមាថមើល ងាយគណបក្ស តទៅទៀតទេ យើងត្រូវរកយុត្តិធម៌សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ។ »។ សម្តេច ហ៊ុន សែន បញ្ជាក់ដូច្នេះ។
សូមជម្រាបថា តុលាការកំពូល បានសម្រេចផ្តន្ទាទោស និងបង្គាប់ឱ្យលោក ស៊ុន ឆ័យ សងសំណងជំងឺចិត្តចំនួន ៤.០០០ លានរៀល ឬប្រមាណ១លានដុល្លារ ទៅគណបក្សប្រជាជន កម្ពុជា ចំពោះការប្រព្រឹត្តអំពើ បរិហារកេរ្តិ៍ជាសាធារណៈ ដែលបានចោទប្រកាន់ដោយ ចេតនាទុច្ចរិត ទម្លាក់កំហុសដោយ អសុទ្ធចិត្តលើ គណបក្សប្រជាជនកម្ពុជា ក្រោយពីការ ប្រកាសលទ្ធផល បោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕
© រក្សាសិទ្ធិដោយ thmeythmey.com