យន្តហោះឈ្លបការណ៍អាម៉េរិក មានវត្តមានលើកូរ៉េខាងត្បូង ចំពេលកម្តៅឧបទ្វីបកូរ៉េកើនខ្លាំង
- ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៩:៤០ នាទី ព្រឹក

រូបភាព Yonhap
ប្រព័ន្ធតាមដានអាកាសចរណ៍ បានបង្ហាញថា យន្តហោះឈ្លបយកការណ៍រអាម៉េរិកបានហោះពី លើទឹកដីកូរ៉េខាងត្បូងនៅថ្ងៃទី៦ ខែកុម្ភៈ ទំនងជាបេសកកម្មតាមដានកូរ៉េខាងជើង។ វត្តមានយន្តហោះឈ្លបការណ៍នេះ ធ្វើឡើងស្របពេលកម្តៅឧបទ្វីបកូរ៉េ កំពុងកើនឡើងខ្លាំង។

យន្តហោះ RC-135U Combat Sent របស់កងទ័ពអាកាសអាម៉េរិក ត្រូវបាន ប្រទះឃើញហោះហើរលើសមុទ្រលឿង ខេត្តភាគខាងជើងរបស់កូរ៉េខាងត្បូងដូចជា Gyeonggi និង Gangwon និងព្រមទាំងសមុទ្រខាងកើត បន្ទាប់ពីហោះចេញពីមូលដ្ឋានអាកាស Kadena នៅខេត្តអូគីណាវ៉ា ប្រទេសជប៉ុន។ នេះបើយោងតាមតាមប្រព័ន្ធតាមដាន ជើងហោះហើរមួយចំនួន។
កងទ័ពអាកាសរបស់ក្រុងវ៉ាស៊ីនតោន បានបង្ហាញផងដែរថា យន្តហោះ RC-135U ប្រមូល និងពិនិត្យ សញ្ញារ៉ាដារបស់កងទ័ពដីគោក ជើងទឹក និងអាកាសរបស់បរទេស ដើម្បីកំណត់ទីតាំង និងព្រមទាំងកំណត់អត្តសញ្ញាណពួកគេ។ យ៉ាងណាមិញ កងទ័ពអាកាសអាម៉េរិក មិនបានបញ្ជាក់បន្ថែមពីព័ត៌មានលម្អិតដែលទទួលបានពីការស៊ើបការណ៍ខាងលើនៅឡើយ។
ការវត្តមានយន្តហោះនេះ បានកើតឡើងបន្ទាប់ពីការសាកល្បងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងជាបន្តបន្ទាប់ រួមទាំងការអះអាងរបស់របបមួយនេះពីការធ្វើតេស្តមីស៊ីលដែល ភ្ជាប់ជាមួយថាមពលក្បាលគ្រាប់ដ៏ធំអស្ចារ្យកាលពីថ្ងៃទី២ ខែកុម្ភៈ។ កាលពីខែមុន ដ្រូន RC-135W Rivet Joint អាម៉េរិកត្រូវបានប្រទះឃើញហោះហើរពីលើកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាងជើងបានអះអាងថា ខ្លួនធ្វើការតេស្តដ្រូននុយក្លេអ៊ែរវាយប្រហារក្រោមទឹក។
កាលពីខែមករា កូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលបាញ់ចេញពីនាវាថ្មីចំនួនពីរគ្រាប់។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចាត់ទុកថា ជាជំហានដ៏មានអត្ថន័យឆ្ពោះទៅរកគោលដៅរបស់លោកក្នុងការ កសាងកងទ័ពជើងទឹកដែលបំពាក់ដោយអាវុធនុយក្លេអ៊ែរ។
កូរ៉េខាងជើងក៏បានធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ និងអះអាងថា មានសមត្ថភាព នុយក្លេអ៊ែរ និងអាចគ្របដណ្តប់បានចម្ងាយរហូតដល់ ២ពាន់គីឡូម៉ែត្រដែលជា សក្តានុពល ដល់មូលដ្ឋានយោធាអាម៉េរិកនៅជប៉ុន។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោកគីមក៏បាន សង្កត់ធ្ងន់លើកិច្ចខិតខំក្នុងការកសាងកងទ័ពជើងទឹកដែលមានអាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងអ្វីដែលលោកអះអាងថាជាការគំរាមកំហែងកាន់តែខ្លាំងឡើងដែលបង្កឡើងដោយកិច្ចសហប្រតិបត្តិការយោធា អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន៕
អ្នកសរសេរអត្ថបទ
ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោងនៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: