អាម៉េរិក និងរុស្ស៊ីប៉ះសម្តីជាថ្មីនៅUN លើកូរ៉េខាងជើង និងខែលមីស៊ីលអាម៉េរិកនៅអ៊ុយក្រែន
- ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ១០:២៣ នាទី យប់

អាម៉េរិកចោទរុស្ស៊ី នៅថ្ងៃទី៧ ខែកុម្ភៈ ថាបានបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើង យ៉ាងហោចណាស់ចំនួនប្រាំបួនដងនៅអ៊ុយក្រែន ខណៈដែលទីក្រុងមូស្កូ បានចាត់ទុកទីក្រុង វ៉ាស៊ីនតោនថា ជាអ្នកសមគំនិតដោយផ្ទាល់ ក្នុងការបាញ់ទម្លាក់យន្តហោះដឹកកងកម្លាំងយោធារុស្ស៊ីកាលពីខែមុន។

អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Vassily Nebenzia និងតំណាងអាម៉េរិកនៅ UN លោក Robert Wood បានចោទគ្នាទៅវិញទៅមក នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីអ៊ុយក្រែនដែលស្នើដោយទីក្រុងមូស្កូ។
«រហូតមកដល់ពេលនេះ រុស្ស៊ីបានបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើង ប្រឆាំងនឹង អ៊ុយក្រែន យ៉ាងហោចណាស់ប្រាំបួនដង»។ លោក Wood បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិកមកពី ១៥ ប្រទេសបែបនេះ រួចបញ្ជាក់ថា រុស្ស៊ី និងកូរ៉េខាងជើង ត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ ដែលបំផ្លាញកាតព្វកិច្ចយូរអង្វែង ក្រោមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការបញ្ចប់ជម្លោះ។
ទាំងក្រុងមូស្កូ និងក្រុងព្យុងយ៉ាង បានបដិសេធការចោទរបស់អាម៉េរិក។ យ៉ាងណាមិញ កាលពីឆ្នាំមុន បានប្តេជ្ញាថា នឹងធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ។ រុស្ស៊ីបានបង្កើនទំនាក់ទំនងជាមួយកូរ៉េខាងជើង និងប្រទេសផ្សេងទៀត ដែលជាសត្រូវជាមួយអាម៉េរិក ដូចជាអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមជាមួយអ៊ុយក្រែន ដែលបង្កការបារម្ភដល់លោកខាងលិច។
ក្នុងកិច្ចប្រជុំដដែលនេះ រុស្ស៊ីបានវាយបកទៅវិញថា អាម៉េរិក ផ្សំគំនិតដោយផ្ទាល់នៅក្នុងឧក្រិដ្ឋកម្មបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី ដោយប្រព័ន្ធការពារមីស៊ីលអាម៉េរិក Patriot។
«យើងមានព័ស្តុតាងដែលមិនអាចប្រកែកបានថា ប្រព័ន្ធការពារមីស៊ីលបាញ់ពីដីទៅអាកាស Patriot ត្រូវបានប្រើដើម្បីវាយប្រហារ ដែលធ្វើឱ្យមានការសង្ស័យថា ទីក្រុងវ៉ាស៊ីនតោន ជាអ្នកសមគំនិតដោយផ្ទាល់នៅក្នុងឧក្រិដ្ឋកម្មនេះដែរ»។ លោក Nebenzia បានលើកឡើងមុខ ក្រុមប្រឹក្សាសន្តិសុខបែបនេះ។
យន្តហោះចម្បាំងរុស្ស៊ី Il-76 ត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃទី២៤ ខែមករា ដែលក្រោយមក រុស្ស៊ីរាយការណ៍ថា មនុស្សទាំងអស់ ៧៤ នាក់ នៅលើយន្តហោះរួមទាំងទាហានអ៊ុយក្រែន ៦៥ នាក់ បានស្លាប់ ខណៈដែលពួកគេបានធ្វើដំណើរដើម្បីផ្លាស់ប្តូរអ្នកទោសសង្គ្រាមរុស្ស៊ី។ ក្រុងមូស្កូ ទម្លាក់កំហុសលើក្រុងកៀវ សម្រាប់ហេតុការណ៍នេះ។
ការកោះហៅប្រជុំខាងលើ បានធ្វើឡើងតាមសំណើរបស់រុស្ស៊ី បន្ទាប់ពីការចោទថា អ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨នាក់ ដោយប្រើប្រាស់រ៉ុក្កែតដែលបានមកពីលោកខាងលិច ដើម្បីវាយប្រហារហាងនំប៉័ង និងភោជនីយដ្ឋាន នៅថ្ងៃទី៣ ខែកុម្ភៈ នៅភាគខាងកើតដែលគ្រប់គ្រងដោយរុស្ស៊ី។ អ្នកការទូតជាន់ខ្ពស់អ៊ុយក្រែន ប្រចាំ UN លោក Serhii Dvornyk បានចោទប្រកាន់រុស្ស៊ីថា បានប្រើប្រាស់ក្រុមប្រឹក្សាសន្តិសុខដោយមិនត្រឹមត្រូវ សម្រាប់ការផ្សព្វផ្សាយក្លែងក្លាយ។
ជុំវិញរឿងនេះ លោក Wood សម្គាល់ថា អាម៉េរិក មិនអាចផ្ទៀងផ្ទាត់ព័ត៌មានលម្អិតនោះឡើយ ខណៈបន្ថែមថាដើម្បីឱ្យច្បាស់ រុស្ស៊ី គឺជាអ្នកឈ្លានពានតែមួយគត់នៅក្នុងសង្រ្គាមនេះ ហើយជាភាគីតែមួយគត់ ដែលអាចបញ្ចប់សង្រ្គាមមួយនេះដែរ៕
អ្នកសរសេរអត្ថបទ
ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោងនៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com