
«មេសុំអាំងប៉ាវ ហេង ហេង»! «មេអត់ឱ្យអាំងប៉ាវខ្ញុំទេ?» នេះជាសំនួរដែលម្ចាស់ក្រុមហ៊ុន ឬថ្នាក់ដឹកនាំមួយចំនួន ពិបាកឆ្លើយបំផុត នៅរដូវបុណ្យចូលឆ្នាំប្រពៃណីចិន។

«ខ្ញុំមិនមែនចិនទេ»។ នេះជាចម្លើយរបស់ថ្នាក់ដឹកនាំ ថៅកែ ឬម្ចាស់ក្រុមហ៊ុន ភាគច្រើនដែលជាជនជាតិខ្មែរម្ចាស់ទឹកដី ឆ្លើយប្រាប់ទៅសហការី ឬបុគ្គលិក។
«តែខ្ញុំមិនជឿមេទេ»។ នេះក៏ជាចម្លើយរបស់សហការី ឬបុគ្គលិក ដែលតែងតែគិតថា ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុនភាគច្រើន ដែលចេញរកស៊ី ឬផ្ដល់សេវាអ្វីមួយនៅកម្ពុជា សុទ្ធតែជាជនជាតិចិន ឬជាប់សែស្រឡាយចិន។ អារម្មណ៍មិនល្អ និងការយល់ខុសលើគ្នារវាងម្ចាស់ក្រុមហ៊ុន និងបុគ្គលិក តែងតែកើតមានឡើង នារដូវបុណ្យចូលឆ្នាំចិនម្ដងៗ។
ពិតហើយ! ការគិតរបស់សហការី ឬបុគ្គលិកទាំងនោះ គឺមិនខុសទេ ព្រោះជាធម្មតាពួកគាត់ តែងតែចង់បានអាំងប៉ាវ ពីម្ចាស់ក្រុមហ៊ុន និងថ្នាក់ដឹកនាំខ្លួន។ ពួកគាត់ យល់ថា ការឱ្យអាំងប៉ាវនេះ ជាប្រាក់លើកទឹកចិត្តបន្ថែម។
សហការី ឬបុគ្គលិក បម្រើការងារក្នុងក្រុមហ៊ុន សហគ្រាស ឬអង្គភាព និងស្ថាប័នខ្លះ អាចទទួលបានអាំងប៉ាវ ពីថ្នាក់ដឹកនាំ ថៅកែ ឬម្ចាស់ក្រុមហ៊ុនពួកគេ ដែលជាជនជាតិចិន ឬជាប់សែស្រឡាយចិន ដែលរកស៊ីនិងមានមុខជំនួញធំៗ។
ប៉ុន្តែសហការី ឬបុគ្គលិក ដែលបម្រើការងារនៅអង្គភាព ស្ថាប័នខ្លះទៀត ក៏មិនទទួលបានអាំងប៉ាវនោះទេ។ នោះក៏ព្រោះតែវា មិនមែនជារឿងចាំបាច់ ដែលត្រូវតែបានអាំងប៉ាវ ពីថ្នាក់ដឹកនាំ ថៅកែ ឬម្ចាស់ក្រុមហ៊ុននោះដែរ។ ម្យ៉ាងវិញទៀត ថៅកែ ឬម្ចាស់ក្រុមហ៊ុនខ្លះ ក៏មិនមែនជាកូនចៅចិន ឬជាប់សែស្រឡាយចិន ដែលត្រូវអនុវត្តកាតព្វកិច្ចនេះទេ។
មែនទែនទៅ វប្បធម៌នៃការចែកអាំងប៉ាវនេះ ជាទំនៀមទម្លាប់របស់ពលរដ្ឋចិន ហូរចូលមកកម្ពុជា។ តាមភាសាចិនកុកងឺ គេនិយាយថា «ហុងប៉ាវ» តែពាក្យនេះត្រូវបានហៅដោយកូនខ្មែរកាត់ចិន ឬកូនខ្មែរថា «អាំងប៉ាវ»។
ពាក្យ «អាំងប៉ាវ» ឬ«ហុងប៉ាវ» គឺជាស្រោមសំបុត្រពណ៌ក្រហម។ ស្រោមសំបុត្រពណ៌ក្រហមនេះ, បើតាមជំនឿរបស់ជនជាតិចិន បានបង្កប់អត្ថន័យដូចតទៅ៖ ចម្រុងចម្រើន, រកស៊ីមានបាន, សប្បាយ, រៀនសូត្រពូកែ, សុភមង្គល, រុងរឿង, លាភសក្ការៈ។ល។ ដូច្នេះ ប្រសិនបើនរណាទទួលបានស្រោមសំបុត្រពណ៌ក្រហមនេះ ពួកគេនឹងទទួលបានពរជ័យខាងលើនេះ។ ចំណែកអ្នកជូនអាំងប៉ាវទៅគេ ក៏ទទួលបានលាភសំណាងដូចគ្នាផងដែរ។
បើតាមជំនឿចិន អ្នកដែលឱ្យអាំងប៉ាវ ទៅក្មេងៗ ត្រូវតែជាអ្នកមានគ្រួសាររួចហើយ។ ម្យ៉ាងទៀតលុយដែលដាក់ក្នុងអាំងប៉ាវ គួរជៀសវាងដាក់លុយដែលមានលេខ៤ ដូចជា ៤០០០រៀល, ៤០០០០រៀល ឬ៤០០រៀលជាដើម។ មូលហេតុបានជាគេមានជំនឿបែបនេះ ដោយសារលេខ៤ គឺជាលេខស្លាប់ ដែលចិនគិតថាជាលេខដែលមិននាំសំណាងនោះទេ។ កាលពីដើមឡើយ ស្រោមសំបុត្រពណ៌ក្រហមនេះ មិនចាំបាច់ដាក់លុយទេ តែទំនៀមតៗមក ជនជាតិចិនក៏ដាក់ប្រាក់ខាងក្នុង អាំងប៉ាវ ឬហុងប៉ាវ នេះតែម្តងទៅ។
តែយ៉ាងណាវប្បធម៌ និងទំនៀមទម្លាប់ចិន ចែកអាំងប៉ាវឱ្យគ្នានេះ បានហូរចូលមកកម្ពុជា បន្តិចម្ដងៗ រហូតដល់ពលរដ្ឋខ្មែរ ជាពិសេសអ្នកបម្រើការងារ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន តែងតែប្រាថ្នាចង់បានពីថៅកែ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុនពួកគេ។
ពិតណាស់ បើសិនជាថៅកែ ម្ចាស់ក្រុមហ៊ុននោះ ជាជនជាតិចិន ឬជាប់សែស្រឡាយចិន ដែលរកស៊ីធំនោះ អាចអនុវត្តតាមទំនៀមទម្លាប់ចិនបែបនេះបាន។ ប៉ុន្តែបើថៅកែ ឬម្ចាស់ក្រុមហ៊ុននោះ ជាជនជាតិខ្មែរ ឬជាប់សែស្រឡាយចិនតិចតួច (ម្ចាស់ក្រុមហ៊ុនមានប្រពន្ធសែស្រឡាយចិន) ចង់ចែក ឬមិនចែកអាំងប៉ាវនេះ គឺអាស្រ័យលើសទ្ធារបស់គាត់ ព្រោះពួកគាត់ មិនមែនជាចិន ឬកាន់ជើងធូប ដែលត្រូវអនុវត្តតាមក្បួនចិនឡើយ។
ម្យ៉ាងវិញទៀត វប្បធម៌ និងទំនៀមទម្លាប់ចិន ដែលកំពុងហូរចូលកម្ពុជា តាមរយៈបុណ្យចូលឆ្នាំចិន, សែនព្រះខែ និងពិធីចិនផ្សេងទៀតយ៉ាងគគ្រឹកគគ្រេង ជារឿងមួយដែលគួរឱ្យព្រួយបារម្ភ ជាងការទទួលបានអាំងប៉ាវ ឬស្រោមសំបុត្រពណ៌ក្រហម ពីថៅកែ ឬម្ចាស់ក្រុមហ៊ុនទៅទៀត។
ពលរដ្ឋខ្លះ ឬបុគ្គលិកខ្លះ មិនចង់ឱ្យវប្បធម៌ចិន ហូរចូលមកកម្ពុជាខ្លាំងនោះទេ ប៉ុន្តែពួកគេចង់បានអាំងប៉ាវទៅវិញ។ ដូច្នេះសួរថា តើអាចទប់ស្កាត់ឥទ្ធិពល ឬវប្បធម៌ចិន បានទេ? ប្រាកដណាស់ គឺមិនអាចហាមឃាត់ការហូរចូលវប្បធម៌ចិនបានទេ។ ប៉ុន្តែពួកគេអាចទប់ស្កាត់បាន តាមរយៈការរក្សាចិត្តឱ្យស្ងប់ ហើយមិនជ្រួលជ្រើម មិនត្រេកអរ និងមិនរំភើបខ្លាំងចំពោះវប្បធម៌ចិន ឬជាតិសាសន៍ដទៃ។ ជាពិសេសការមិនជ្រួលជ្រើមចង់បានអាំងប៉ាវ ពីថៅកែ ឬម្ចាស់ក្រុមហ៊ុន នាថ្ងៃបុណ្យចូលឆ្នាំចិនជាដើម។
សរុបមកវិញ សហការី ឬបុគ្គលិក ដែលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជន ទោះបានអាំងប៉ាវ ឬមិនបានអាំងប៉ាវក្តី ត្រូវរក្សាអារម្មណ៍ឱ្យល្អ កុំមានអារម្មណ៍ក្នក់ចិត្តជាមួយថ្នាក់ដឹកនាំ ថៅកែ ឬម្ចាស់ក្រុមហ៊ុន ។ ម្យ៉ាងវិញទៀត ការបំពេញការងារល្អ ឬមិនល្អ ក៏មិនអាស្រ័យលើការទទួលបានអាំងប៉ាវ មួយថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិនឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: