រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាកព្រមានរុស្ស៊ីអាចវាយប្រហារណាតូក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំ
- ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៨:៣៩ នាទី យប់

រូបភាព Reuters
រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen នៅថ្ងៃទី៩ ខែកុម្ភៈបានលើកឡើងថា ដាណឺម៉ាកគួរតែបង្កើនល្បឿននៃការវិនិយោគយោធារបស់ខ្លួន បន្ទាប់ពីព័ត៌មានស៊ើបការណ៍សម្ងាត់ថ្មីមួយបង្ហាញថា រុស្ស៊ីកំពុងរៀបចំកម្លាំងឡើងវិញលឿនជាងការរំពឹងទុក ហើយអាចវាយប្រហារបណ្ដាប្រទេសសម្ព័ន្ធយោធាណាតូក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ។

«សមត្ថភាពរបស់រុស្ស៊ីក្នុងការផលិតឧបករណ៍យោធាបានកើនឡើងយ៉ាងខ្លាំង»។រដ្ឋមន្ត្រីការពារជាតិលោក Poulsen បានប្រាប់កាសែត Jyllands-Posten បែបនេះរួចបន្តថា មិនអាចមានការបដិសេធបានទេថាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ រុស្ស៊ីនឹងសាកល្បងមាត្រា៥ និងសាមគ្គីភាពរបស់ណាតូដែលនេះមិនមែនជាការវាយតម្លៃរបស់ណាតូក្នុងឆ្នាំ ២០២៣ទេ។ នេះបើយោងតាមការស៊ើបការសម្ងាត់ថ្មី។
មាត្រា ៥ ដែលោក Poulsen លើកឡើងសំដៅលើការចែងថា ប្រសិនបើសម្ព័ន្ធមិត្តណាតូជា ជនរងគ្រោះនៃការវាយប្រហារដោយប្រដាប់អាវុធសមាជិកម្នាក់ៗនៃសម្ព័ន្ធនឹងចាត់ទុកអំពើ ហិង្សានេះថាជាការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងសមាជិកទាំងអស់ ហើយនឹងចាត់វិធាន ការដែលយល់ថាចាំបាច់ ដើម្បីជួយសម្ព័ន្ធមិត្តដែលត្រូវបានវាយប្រហារ។
កន្លងមក មាត្រា ៥នៃអង្គការណាតូស្តីពីសន្តិសុខសមូហភាព ក៏ធ្លាប់ត្រូវបានអនុវត្តដែរ ក្រោយពីអគារពាណិជ្ជកម្មអាម៉េរិក ត្រូវបានវាយប្រហារនៅក្នុងឆ្នាំ២០០១។
ទន្ទឹមនេះ លោក Poulsen បាននិយាយថា មិនមានការគំរាមកំហែងដោយផ្ទាល់ប្រឆាំង នឹងដាណឺម៉ាកទេ ប៉ុន្តែសម្ព័ន្ធភាពអាចប្រឈមមុខនឹងការវាយប្រហារចម្រុះក្នុងកិច្ចខិតខំដើម្បី ធ្វើឱ្យមានអស្ថិរភាពដល់ប្រទេសជាសមាជិក។ លោក៏បានសង្កត់ធ្ងន់ផងដែរថា រុស្ស៊ីមាន សក្តានុពល ឆន្ទៈ ហើយព្រមទាំងសមត្ថភាពយោធាលឿនជាងអ្វីដែល ពួកគេរំពឹងទុកដែលជា ហេតុផលដែលគួរឱ្យព្រួយបារម្ភ។
គួរបញ្ជាក់ថា ការវាយតម្លៃនៃការគំរាមកំហែងដែលបានផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីប្រទេស អឺរ៉ុបផ្សេងទៀតរបស់ប្លុកបានធ្វើការព្រមានស្រដៀងគ្នាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ រដ្ឋមន្ត្រី ការពារជាតិអាល្លឺម៉ង់លោក Boris Pistorius កាលពីខែមករាមានប្រសាសន៍ថា សម្ព័ន្ធមិត្ត គួរតែរៀបចំសម្រាប់ការវាយប្រហាររបស់រុស្ស៊ីលើណាតូក្នុងរយៈពេលពីប្រាំទៅប្រាំបីឆ្នាំ៕
អ្នកសរសេរអត្ថបទ
ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោងនៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: