កុំប្រហែស ! ទម្លាប់អាក្រក់ទាំង១០នេះធ្វើឲ្យភ្នែកឆាប់ខូចបានដោយងាយ
- ថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ១០:៥៩ នាទី យប់

ភ្នែក គឺជាសរីរាង្គដ៏សំខាន់បំផុត ប៉ុន្តែក៏ព្រោះតែការមិនដឹងមនុស្សជាច្រើនបានបំផ្លាញភ្នែករបស់ខ្លួនឯង តាមរយៈសកម្មភាពប្រចាំថ្ងៃមួយចំនួន។
ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីទម្លាប់មួយចំនួន ដែលអាចបណ្ដាលឲ្យភ្នែកទទួលរងផលប៉ះពាល់មិនគួរឲ្យជឿ ហើយអ្នកត្រូវតែផ្លាស់ប្ដូរ ឬបញ្ឈប់វាភ្លាម៖

ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីទម្លាប់មួយចំនួន ដែលអាចបណ្ដាលឲ្យភ្នែកទទួលរងផលប៉ះពាល់មិនគួរឲ្យជឿ ហើយអ្នកត្រូវតែផ្លាស់ប្ដូរ ឬបញ្ឈប់វាភ្លាម៖
១. ការជក់បារី
ការជក់បារីបង្កើនឱកាសងងឹតភ្នែកទ្វេដង ក្រោយវ័យ៥០ឆ្នាំ។ ការជក់បារីបណ្ដាលឲ្យខូចរ៉េទីនភ្នែក ហើយនៅពេលរ៉េទីនចាប់ផ្តើមចុះអន់ខ្សោយ ការមើលឃើញរបស់អ្នក ក៏អន់ទៅតាមនោះដូចគ្នា។ ការជក់បារី ក៏ជាបុព្វហេតុចម្បងនៃជំងឺភ្នែក macular degeneration ជំងឺភ្នែកឡើងបាយ និងការខូចខាតសរសៃឈាម។ នៅពេលផ្សែងបារីចូលក្នុងភ្នែក វាក៏អាចបំផ្លាញដល់ការមើលឃើញរបស់អ្នកបានដែរ។
២. ការញីភ្នែក
ការញីភ្នែកញឹកញាប់ អាចបណ្ដាលឲ្យកែវភ្នែកទទួលរងការខូចខាត ហើយថែមទាំងអាចធ្វើឲ្យសរសៃឈាម ដែលនៅជុំវិញភ្នែកបែកផងដែរ។ ប្រសិនបើអ្នកមានអារម្មណ៍រមាស់ក្នុងភ្នែក ចូរជៀសវាងការញី ហើយជំនួសវិញដោយការប្រើប្រាស់ទឹកថ្នាំបន្តក់ភ្នែក។
៣. សម្លឹងមើលកញ្ចក់កុំព្យូទ័រយូរពេក
ការសម្លឹងមើលកញ្ចក់កុំព្យូទ័រយូរពេកនោះ គឺអាចបណ្ដាលឲ្យកើតជំងឺស៊ីវីអេស ឬ computer vision syndrome។ ស្ថានភាពនៃជំងឺនេះ គឺច្រើនតែកើតលើអ្នកដែលធ្វើការនៅមុខកុំព្យូទ័ររាល់ថ្ងៃ។ ការសម្លឹងមើលកុំព្យូទ័រយូរពេក នឹងធ្វើឲ្យភ្នែកស្ងួត ហើយអស់កម្លាំង។ ដូច្នេះដើម្បីជៀសវាងកើតមានបញ្ហាភ្នែកណាមួយ ឬជំងឺស៊ីវីអេស (CVS) អ្នកគួរសម្រាកភ្នែកពីកញ្ចក់កុំព្យូទ័រខ្លះ ដើម្បីឲ្យភ្នែកក៏ដូចជាសាច់ដុំជុំវិញភ្នែកបានសម្រាក។
៤. ការទទួលទានគ្រឿងស្រវឹង
ទម្លាប់នៃការទទួលទានគ្រឿងស្រវឹង ក៏អាចបង្កផលប៉ះពាល់ដល់ភ្នែកគួរឲ្យកត់សម្គាល់ដែរ។ ការចាប់បានរូបភាព ក៏ដូចជាពណ៌ ទទួលរងនូវផលប៉ះពាល់នៅពេលស្រវឹងខ្លាំង ឬបានទទួលទានគ្រឿងស្រវឹងច្រើន។ ជំងឺភ្នែក Macular degeneration ក៏ងាយនឹងលេចឡើង ប្រសិនបើមនុស្សម្នាក់ ទទួលទានគ្រឿងស្រវឹងច្រើនហួសប្រមាណ។
៥. របបអាហារមិនត្រឹមត្រូវ
ការមើលឃើញបានច្បាស់ល្អ ក៏កើតចេញពីការទទួលបានសារធាតុចិញ្ចឹមល្អៗគ្រប់គ្រាន់ដែរ។ សម្រាប់សុខភាពភ្នែកល្អ ចូរព្យាយាមទទួលទានអាហារដែលមានផ្ទុកវីតាមីន E វីតាមីន C និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ឲ្យបានច្រើនគ្រប់គ្រាន់។ គួរជៀសវាងការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូមខ្ពស់ ខណៈដែលអាចធ្វើរាងកាយខ្សោះជាតិទឹក ហើយទីបំផុតនាំឲ្យភ្នែកស្ងួត។ ការពាររាងកាយពីការខ្សោះជាតិទឹក តាមរយៈការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ និងទទួលទានបន្លែបៃតងស្រស់។
៦. មិនទៅពិនិត្យភ្នែកឲ្យបានទៀងទាត់
ដើម្បីដឹងពីស្ថានភាពភ្នែកថាយ៉ាងណា ការទៅជួបពិនិត្យជាប្រចាំ គឺជារឿងសំខាន់។ ការពិនិត្យភ្នែកទៀងទាត់ ក៏ជួយបង្ការភ្នែកពីបញ្ហាផ្សេងៗ ហើយដោះស្រាយបញ្ហាបានទាន់ពេលផងដែរ។
៧. តុបតែងមុខខ្លាំងពេក
ការប្រើប្រាស់ផលិតផលតុបតែងមុខច្រើនពេក គឺអាចបង្កគ្រោះថ្នាក់ដល់សុខភាពភ្នែករបស់អ្នកបាន។ ភ្នែក គឺងាយនឹងទទួលរងគ្រោះខ្លាំងណាស់ ហើយការលាបអ្វីមួយនៅក្បែរភ្នែកបង្កហានិភ័យខ្ពស់ណាស់។ ការប្រើប្រាស់ផលិតផលតុបតែងភ្នែក ដូចជាម៉ាស្ការ៉ា អាចបង្កឲ្យកើតមានរោគឆ្លងក្នុងភ្នែក ដោយការស្ទះក្រពេញប្រេង ឬការរីករាលដាលនៃពពួកបាក់តេរី។
៨. មិនពាក់វ៉ែនតា
វ៉ែនតាជួយការពារភ្នែក ពីកាំរស្មីយូវីគ្រោះថ្នាក់ ក៏ដូចជាធូលីដី។ ការសម្លឺងមើល ឬស្ថិតនៅក្រោមពន្លឺព្រះអាទិត្យផ្ទាល់ ពេលខ្លះអាចបណ្ដាលឲ្យឈឺក្បាល ឬក្រហមភ្នែក។ ដូច្នេះដើម្បីជាការប្រសើរ ចូរពាក់វ៉ែនតា នៅរាល់ពេលចេញទៅក្រៅ ក្រោមពន្លឺព្រះអាទិត្យ។
៩. ប្រើប្រាស់ថ្នាំបន្តក់ភ្នែកច្រើនពេក
ទឹកថ្នាំបន្តក់ភ្នែក អាចបណ្ដាលឲ្យក្រហាយក្នុងភ្នែក ប្រសិនបើអ្នកប្រើប្រាស់វាច្រើនពេក។ ដូច្នេះការពិគ្រោះជាមួយគ្រូពេទ្យ មុននឹងប្រើប្រាស់ទឹកថ្នាំបន្តក់ភ្នែក គឺជាការប្រសើរ។ ហើយត្រូវឈប់ប្រើទឺកថ្នាំបន្តក់ភ្នែកភ្លាម ប្រសិនបើវាធ្វើឲ្យក្រហាយ ឬក្រហមក្នុងភ្នែក។
១០. មើលទូរទស្សន៍មុនពេលចូលគេង
ការសម្លឹងមើលពន្លឺចេញពីអេក្រង់ផ្សេងៗនៅពេលគេង គឺមិនល្អសម្រាប់សុខភាពភ្នែកឡើយ។ ដូចនឹងអេក្រង់កុំព្យូទ័រដែរ ការសម្លឹងមើលទូរទស្សន៍យូរ គឺធ្វើឲ្យភ្នែកស្ងួត ប៉ះពាល់ដល់ការមើលឃើញ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com