FMI៖ សង្គ្រាមអុីស្រាអែល-ហាម៉ាស បង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប៉ាឡេស្ទីន
- ថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៦:៥៩ នាទី ល្ងាច

ដោយ៖ហេង ឧត្តម/ /RFI ខេមរភាសា
ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ប្រមាណជា៤ខែមកនេះ បានបង្កផលវិបាកធ្ងន់ធ្ងរ ទៅលើសេដ្ឋកិច្ចប៉ាឡេស្ទីន នៅក្នុងតំបន់ស៊ីហ្ស័កដានី និងតំបន់ហ្សាហ្កា។ នេះបើតាម មូលនិធិរូបិយវត្ថុអន្តរជាតិ ដោយបញ្ជាក់ទៀតថា មានតែសន្តិភាពមួយគត់ដែលអាចស្តារសេដ្ឋកិច្ចប៉ាឡេស្ទីន។

លោកស្រី គ្រីស្តាលីណា ហ្សកជីវ៉ា អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ មានប្រសាសន៍ នៅថ្ងៃអាទិត្យទី១១កុម្ភៈថា ឈរលើទិដ្ឋភាពវិស័យសេដ្ឋកិច្ច គឺ សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស បានបង្កផលវិបាកខ្លាំង ចំពោះសេដ្ឋកិច្ចប៉ាឡេស្ទីន នៅក្នុងតំបន់ស៊ីហ្ស័កដានី និងតំបន់ហ្សាហ្កា។ ប្រសិនបើជម្លោះប្រដាប់អាវុធចេះតែនៅបន្ត នោះប៉ាឡេស្ទីនមុខជាជួបគ្រោះមហន្តរាយសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាក់ជាពុំខាន។ នេះបើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ នាឱកាសជំនួបកំពូលសេដ្ឋកិច្ច នៃពួកធុរជន និងអ្នកតំណាងរដ្ឋាភិបាល នៅឯព្រះរាជាណាចក្រអេមីរ៉ាត់អារ៉ាប់រួម ។ ជំនួបកំពូលវិស័យសេដ្ឋកិច្ចនេះ បានចាប់ផ្តើមនៅរាជធានីឌូបៃ និងបន្តធ្វើរហូត នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ គឺចាប់ពីផ្ទុះប្រតិបត្តិការយោធានៅតំបន់ហ្សាហ្កា គិតត្រឹមចន្លោះពីខែតុលាដល់ខែធ្នូ ឆ្នាំ២០២៣ សកម្មភាពសេដ្ឋកិច្ច ធ្លាក់ចុះយ៉ាងគំហុក ៨០% បើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ និយាយដោយឡែកតែក្នុងតំបន់ស៊ីហ្ស័កដានី សកម្មភាពសេដ្ឋកិច្ច បានធ្លាក់ចុះ២២%។
សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ក៏នាំផលវិបាកដល់វិស័យទេសចរណ៍នៅក្នុងតំបន់ និងនៅក្នុងប្រទេសក្បែរខាងដែរ។ ជាក់ស្តែង វិស័យទេសចរណ៍នៅ អេហ្ស៊ីប និងលីបង់។
ទន្ទឹមនោះ ការវាយប្រហារលើនាវានៅសមុទ្រក្រហម ពីសំណាក់ពួកឧទ្ទាមហ៊ួទីយេម៉េន ដោយសំអាងថាគាំទ្រស្មារតីក្រុមជនរងគ្រោះប៉ាឡេស្ទីន ក៏បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចផ្លូវសមុទ្រ និងនាវាពាណិជ្ជកម្ម នៅតំបន់សមុទ្រក្រហម បានធ្លាក់ចុះ៥០%។ នេះបើតាមទិន្នន័យប្រកាសដោយ អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ។
សេដ្ឋកិច្ចតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង ត្រូវមូលនិធិរូបិយវត្ថុអន្តរជាតិព្យាករថាមានកំណើនសេដ្ឋកិច្ច កើនទាប ព្រោះតែ ផលវិបាកនៃសង្គ្រាមនៅក្នុងតំបន់។ ពោលគឺ មានកំណើនទាប នៅក្នុងរង្វង់២,៩% ឆ្នាំ២០២៤ ផ្ទុយខុសពីសន្ទស្សន៍ព្យាករសេដ្ឋកិច្ច ឆ្នាំ២០២៣ ដែលឡើងខ្ពស់ដល់ ៣,៤%។
បើតាមថ្នាក់ដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ, គឺមានតែមធ្យោបាយសន្តិភាព និង កែទម្រង់នយោបាយស៊ីជម្រៅ តែប៉ុណ្ណោះ ដែលអាចនឹងស្តារសេដ្ឋកិច្ចប៉ាឡេស្ទីននិងសេដ្ឋកិច្ចតំបន់ឡើងវិញបាន។
បើផ្អែកលើសមរភូមិជាក់ស្តែង សន្តិភាពទំនងជានៅឆ្ងាយ ដ្បិតថា ប្រមុខដឹកនាំអ៊ីស្រាអែល ប្រកាសនៅថ្ងៃទី១០កុម្ភៈ អំពីការបន្តប្រតិបត្តិការកម្ទេចពួកប្រដាប់អាវុធហាម៉ាស នៅក្រុង រ៉ាហ្វាហ៍ ដែលជាជម្រកចុងក្រោយ របស់ប្រជាជនប៉ាឡេស្ទីន។ ប្រជាជនប៉ាឡេស្ទីន នៅទីនោះ មានចំនួន ១ ៣០០ ០០០ នាក់ ដែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថាត្រូវជម្លៀសចេញ។
ផ្ទុយទៅវិញ អាជ្ញាធរហាម៉ាស លើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅក្រុងរ៉ាហ្វាហ៍ ច្បាស់ជាសម្លាប់មនុស្សរាប់ពាន់នាក់។ អាជ្ញាធរហាម៉ាស ក៏ឲ្យទិន្នន័យនៅថ្ងៃអាទិត្យ ទី១១កុម្ភៈ ដោយបង្ហាញថា គ្រាន់តែ២៤ម៉ោងចុងក្រោយ មានមនុស្សស្លាប់ ជាង ១១០នាក់ ៕
ផ្ទុយទៅវិញ អាជ្ញាធរហាម៉ាស លើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅក្រុងរ៉ាហ្វាហ៍ ច្បាស់ជាសម្លាប់មនុស្សរាប់ពាន់នាក់។ អាជ្ញាធរហាម៉ាស ក៏ឲ្យទិន្នន័យនៅថ្ងៃអាទិត្យ ទី១១កុម្ភៈ ដោយបង្ហាញថា គ្រាន់តែ២៤ម៉ោងចុងក្រោយ មានមនុស្សស្លាប់ ជាង ១១០នាក់ ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: