កសិករឥណ្ឌាធ្វើបាតុកម្មទាមទារបង្កើតច្បាប់ការពារតម្លៃទិន្នផល
- ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៥:២៩ នាទី ល្ងាច

កសិករឥណ្ឌាធ្វើដំណើរសំដៅរដ្ឋធានី ដើម្បីធ្វើបាតុកម្មទាមទារបង្កើតច្បាប់ការពារតម្លៃទិន្នផល AP
ដោយ៖អៀង សុខម៉ិញ /RFI ខេមរភាសា
កសិករឥណ្ឌារាប់ពាន់នាក់បាននាំគ្នាធ្វើដំណើរមកកាន់រដ្ឋធានីញូវដេលី ដើម្បីតវ៉ា និងទាមទារបង្កើតច្បាប់ការពារតម្លៃទិន្នផល។ ប៉ុន្តែរដ្ឋាភិបាលបានរារាំងមិនឱ្យក្បួនត្រាក់ទ័រនិងបាតុកម្មចូលក្រុងទេ ឬប្រមូលផ្តុំគ្នាបោះទីតាំងប្រឆាំង នៅជុំវិញរដ្ឋធានី បានដូចកាលពីឆ្នាំ២០២០-២០២១ទៀតទេ។ រដ្ឋាភិបាលបានពង្រាយកម្លាំងប៉ូលិសនិងកងស្វ័យត្រាន តាមច្រកចូលក្រុង។

កសិករឥណ្ឌាចង់ឱ្យរដ្ឋាភិបាលបង្កើតច្បាប់ទូទៅ ថ្នាក់ជាតិកំរិតតម្លៃអប្បបរិមានៃទិន្នផលកសិកម្មសំខាន់ៗ ដែលរហូតមកទល់ពេលនេះមានអនុវត្តតែនៅតាមរដ្ឋខ្លះៗ និងច្បាប់សោធននិវត្តន៍សម្រាប់ពួកគេ។ ប៉ុន្តែដោយការចរចាជាមួយរដ្ឋាភិបាលមិនបានជោគជ័យ កសិករឥណ្ឌារាប់ពាន់នាក់នៃតំបន់ភាគខាងជើងប្រទេស Pendjab Haryana Uttar Pradesh បាននាំគ្នាធ្វើដំណើរសំដៅរដ្ឋធានី តាមត្រាក់ទ័រដែលមានសណ្តោងរម៉កដឹកស្បៀងនិងសម្ភារៈប្រើប្រាស់យ៉ាងច្រើន។ មានន័យថាគម្រោងធ្វើកូដកម្មនិងបោះទីតាំង អាចនឹងអូសបន្លាយពេលយូរខែថ្ងៃ។ លើកមុន ក្នុងបាតុកម្មប្រឆាំងនឹងកំណែទម្រង់វិស័យកសិកម្ម (បើកសេរីទីផ្សារកសិកម្ម) កាលពីខែវិច្ឆិកា២០២០ កសិករឥណ្ឌាបានមកតវ៉ាបោះទីតាំងក្នុងរដ្ឋធានីអស់ជាងមួយឆ្នាំ និងស្លាប់ជាង៧០០នាក់ ទម្រាំព្រមដកថយទៅវិញ។
ហេតុដូច្នេះហើយបានជានៅលើកនេះ អាជ្ញាធរសម្រេចចាត់វិធានការរារាំងក្បួនបាតុករកសិករតាំងពីដំបូង និងដោយប្រើមធ្យោបាយធំ ដោយបិទផ្លូវ ដាក់រនាំងលួសបន្លា ផ្ទាំងថ្មស៊ីម៉ង់ធំៗឃាំង នៅតាមច្រកផ្លូវសំខាន់ៗ កុំឱ្យក្បួនបាតុករចូលក្រុងបាន។ រដ្ឋាភិបាលបានបញ្ចេញ និងពង្រាយកម្លាំងប៉ូលិស កម្លាំងការពារសន្តិសុខ កងស្វ័យត្រាណ ជាអតិបរិមា និងហាមឃាត់រាល់ការប្រមូលផ្តុំតាមទីសាធារណៈ លើសពី៥នាក់ឡើងទៅ នៅរដ្ឋធានីញូវដេលីទៀត។
ទូរទស្សន៍ជាតិបានបង្ហាញរូបភាពផ្សែងយ៉ាងក្រាស់នៃគ្រាប់បែកផ្សែង ខ្លះបាញ់ចេញពីដ្រូនផង ដើម្បីបង្អាក់ក្បួនបាតុករ ដែលកំពុងមកដល់រដ្ឋធានីញូវដេលីមុនគេ និងដែលបានប្រើយានយន្តរបស់ពួកគេ ទម្លុះទម្លាយរនាំងបាំងផ្លូវ។ នៅទីណាដែលកសិករមិនអាចទៅរួច ក្បួនត្រាក់ទ័របានបើកឆ្លងតាមចំការ។ បាតុករកសិករ ដែលរៀបក្បួនដោយសន្តិវិធីតែបានទទួលការស្វាគមន៍ជាគ្រាប់បែកផ្សែង បានប្តេជ្ញាធ្វើសកម្មភាពរហូតដល់តែរដ្ឋាភិបាលឆ្លើយតបនឹងការទាមទាររបស់ពួកគេ។
កសិករឥណ្ឌាមានទម្ងន់នយោបាយខ្លាំងណាស់ ព្រោះពួកគេមានចំនួនច្រើន ដល់ទៅប្រមាណ២ភាគបីនៃប្រជាជនសរុប១៤០០លាននាក់ និងតំណាងឱ្យជិតមួយភាគ៥នៃផលិតផលសរុបជាតិ។ នេះបើតាមតួលេខផ្លូវការ។ ប៉ុន្តែក្នុងមួយឆ្នាំៗមានកសិកររាប់ពាន់នាក់បានសម្លាប់ខ្លួន ដោយហេតុភាពក្រីក្រ ជំពាក់បំណុល និងទិន្នផលទាបដែលជាឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ បាតុកម្មកសិករនេះប្រព្រឹត្តទៅក្នុងខណៈដែលការបោះឆ្នោតសភាជាតិខែមេសាកាន់តែខិតមកដល់៕
© រក្សាសិទ្ធិដោយ thmeythmey.com