ជនជាតិចិនដែលថតវីដេអូសម្តែងពីការចាប់ជំរិតនៅព្រះសីហនុ ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគា២ឆ្នាំ
- ថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ១០:១៤ នាទី ព្រឹក

សមត្ថកិច្ចខេត្តព្រះសីហនុ ធ្វើសន្និសីទសារព័ត៌មានពីការចាប់ខ្លួនជនជាតិចិនពីរនាក់ដែលថតវីដេអូពីការជួញដូរមនុស្សនៅកម្ពុជា។ រូបពី រដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ តុលាការខេត្តព្រះសីហនុ បានសម្រេចដាក់ទោសជនជាតិចិន២នាក់ ដែលផលិតវីដេអូចាប់ជំរិត ឱ្យជាប់ពន្ធនានាគារពីរឆ្នាំ និងពិន័យជាប្រាក់៤លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សង្គម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់តុលាការព្រះសីហនុ។

តុលាការអះអាងថា ជនជាតិចិនតៃវ៉ាន់២នាក់ បានចូលមកកម្ពុជា ក្នុងគោលបំណងផលិតវីដេអូបំភ្លើស ការពិតពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។ កាលពីថ្ងៃទី១២កុម្ភៈ ចិនទាំងពីរនាក់នោះ បានចូលទៅអគារមួយកន្លែង ក្នុងក្រុងព្រះសីហនុ ហើយពួកគេថតសម្ដែង ដោយផ្សាយលើគណនីហ្វេសប៊ុក WA AN XIAO JI ថាត្រូវបានសន្តិសុខចាប់ខ្លួន និងវាយដំ។
លុះដល់ថ្ងៃ១៣កុម្ភៈ ពួកគេផ្សាយផ្ទាល់ជាថ្មីម្ដងទៀត នៅម្ដុំឆៃណាថោន ក្នុងក្រុងព្រះសីហនុ ពីសកម្មភាពរត់គេចខ្លួន ហើយសម្ដែងធ្វើជាភ័យខ្លាច និងស្រែកឱ្យគេជួយ។
សមត្ថកិច្ចក៏បានស្រាវជ្រាវចាប់ខ្លួនចិនទាំងពីរនាក់នេះបាន នៅថ្ងៃទី១៤ កុម្ភៈ និងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ពាក់ព័ន្ធនឹងករណីនេះ លោក គួច ចំរើន អភិបាលខេត្តខេត្តព្រះសីហនុ ក៏ធ្វើសន្និសីទសារព័ត៌មានដែរ កាលពីនៅថ្ងៃទី១៥កុម្ភៈ មុនពេលដែលតុលាការបានបើកសវនាការ និងសម្រេច ឱ្យពួកគេជាប់ពន្ធនាគារ ចំនួន២ឆ្នាំ និងពិន័យ៤លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕
© រក្សាសិទ្ធិដោយ thmeythmey.com