ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងថា ជប៉ុននិងកូរ៉េខាងជើងអាចមានអនាគតថ្មីរួមគ្នា
- ថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី យប់

ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងថា ជប៉ុននិងកូរ៉េខាងជើងអាចមានអនាគតថ្មីរួមគ្នា។ AP
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោកស្រី គីម យូជុងបាននិយាយថា កូរ៉េខាងជើងអាចបើកទ្វារចរចា ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរល្អប្រសើរឡើងវវិញ។ តាមសេចក្តីថ្លែងការណ៍ ដែលទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ប្អូនស្រីរបស់លោក គីម ជុងអ៊ុននៅបានបង្ហើបពីលទ្ធភាពរៀបចំជំនួបមេដឹកនាំកូរ៉េខាងជើង ជាមួយនាយករដ្ឋមន្រ្តី។ ប៉ុន្តែ លោកស្រីគីម យូជុងសង្កត់ធ្ងន់ថា ជប៉ុន និងកូរ៉េខាងជើងអាចមានអនាគតថ្មីរួមគ្នា គឺអាស្រ័យទៅលើសកម្មភាពរបស់ជប៉ុន។

តើនឹងអាចមានទេជំនួបកំពូលជប៉ុន កូរ៉េខាងជើង? បើតាមលោកស្រី គីម ជុងយូ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គ្មានហេតុផលអ្វីដែលប្រទេសទាំងពីរ ជប៉ុន និងកូរ៉េខាងជើងមិនអាចខិតចូលជិតគ្នានោះទេ។ ម្យ៉ាង ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ជប៉ុន នៅកូរ៉េខាងជើងនឹងអាចកើតឡើងផង ក៏អាចថាបាន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោកស្រី គីម ជុងយូ ដែលទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចុះផ្សាយ នៅថ្ងៃ ព្រហស្បតិ៍ទី ១៥កុម្ភៈ។
ជាប្អូនស្រី និងជាមនុស្សដៃស្តាំរបស់មេដឹកនាំកូរ៉េខាងជើង លោកស្រីគីម ជុងយូបន្ថែមទៀតថា កូរ៉េខាងជើងត្រៀមខ្លួនដើម្បីធ្វើឲ្យទំនាក់ទំនង ជប៉ុន និងកូរ៉េខាងជើងល្អប្រសើរឡើង។ ប៉ុន្តែ អ្វីៗគឺអាស្រ័យទៅលើសកម្មភាពរបស់ជប៉ុនថា តើយល់ព្រមបំភ្លេចការទាមទារពីអតីតកាលដែរឬទេ? ប្អូនស្រីរបស់លោកគីម ជុងអ៊ុនចង់សំដៅដល់សំណុំរឿងជនជាតិជប៉ុនដែលភ្នាក់ងារស៊ើបការសម្ងាត់កូរ៉េខាងជើងចាប់ជំរិត យកទៅលាក់ទុកនៅកូរ៉េខាងជើង នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងទំនងបោះដៃទៅរកជប៉ុន នៅបន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុន លោកហ្វូមីអូ គីស៊ីដាបង្ហាញជំហរចង់មកកសាងទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង។
នៅមុខសភាជប៉ុនកាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តីហ្វូមីអូ គីស៊ីដាបាននិយាយប្រាប់អ្នកតំណាងរាស្រ្តថា វាសំខាន់ណាស់ដែលលោកត្រូវកសាង ជំរុញទំនាក់ទំនងជាមួយកូរ៉េខាងជើងឲ្យដល់កម្រិតមួយខ្ពស់ និងថា ជប៉ុនមិនត្រូវខាតពេលតទៅទៀតទេ។
ជំនួបចុងក្រោយរវាងនាយករដ្ឋមន្រ្តីជប៉ុន ជាមួយមេដឹកនាំកូរ៉េខាងជើង ធ្វើឡើងនៅឆ្នាំ ២០០២ នៅពេល នាយករដ្ឋមន្រ្តី ជប៉ុន Junichiro Koizumi ធ្វើដំណើរទៅព្យុងយ៉ាងជួបលោកគីម ជុងអ៊ីល ឪពុករបស់មេដឹកនាំកូរ៉េខាងជើងសព្វថ្ងៃ។
លោកគីស៊ីដាចង់ជួបមេដឹកនាំកូរ៉េខាងជើង នៅបន្ទាប់ពីលោកបានទទួលសញ្ញាជាវិជ្ជមានពីមេដឹកនាំកូរ៉េខាងជើង ដែលបានផ្ញើសាររំលែកទុក្ខប្រជាជនជប៉ុន នៅក្នុងគ្រាមានគ្រោះថ្នាក់រញ្ជួយដីនៅដើមឆ្នាំនេះ។
តាំងពីឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញាឆ្នាំមុន នាយករដ្ឋមន្រ្តីជប៉ុនបានលើកឡើងជាញយដងថា លោកចង់ជួបពិភាក្សាផ្ទាល់មុខជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ។ មន្រ្តីអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះនិយាយថា អាមេរិកស្វាគមការចរចាថា្នក់ដឹកនាំជប៉ុន និងកូរ៉េខាងជើង ប៉ុន្តែ រាល់សំណុំរឿងសំខាន់ ជប៉ុនត្រូវពិភាក្សាជាមួយកូរ៉េខាងត្បូងជាមុនសិន មុននឹងសម្រេចយ៉ាងណាជាមួយកូរ៉េខាងជើង។
ជំនួបណាមួយរវាងមេដឹកនាំកូរ៉េខាងជើងនិងនាយករដ្ឋមន្រ្តីជប៉ុនជាប្រការល្អ នៅក្នុងបរិបទដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េតានតឹងឡើងកំដៅខ្លាំង។ នៅចំពោះមុខកូរ៉េខាងត្បូងដែលមានប្រធានាធិបតី ប្រកាន់ជំហរតឹងដាក់ព្យុងយ៉ាង មេដឹកនាំកូរ៉េខាងជើងទើបប្រកាសចាត់ទុកកូរ៉េខាងត្បូងជាប្រទេសសត្រូវ និងបិទផ្លូវលែងមានការបង្រួបបង្រួមបងប្អូនកូរ៉េទាំងពីរដូចមុន។ ដោយបង្ហាញចេតនាចង់ជួបផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង នាយករដ្ឋមន្រ្តីជប៉ុនរំពឹងស្វែងរកចំណុចចុះសម្រុងគ្នា ដូចជាក្នុងសំណុំរឿងបាញ់មីស៊ីល និងរឿងជនជាតិជប៉ុនដែលកូរ៉េខាងជើងចាប់ជំរិតកាលពី ៥០ឆ្នាំមុន។
ដោយបើកការចរចាជាមួយកូរ៉េខាងជើងពីរឿងជនជាតិជប៉ុនដែលត្រូវចាប់ជំរិតទៅលាក់ទុកនៅកូរ៉េខាងជើង នាយករដ្ឋមន្រ្តី ជប៉ុនសង្ឃឹមទាក់ទាញសំឡេងគាំទ្រ នៅមុនការបោះឆ្នោត ព្រោះថា ឥលូវនេះ កូដប្រជាប្រិយភាពរបស់លោកធ្លាក់មកនៅត្រឹម ៣០%ប៉ុណ្ណោះ។
កូរ៉េខាងជើងធ្លាប់ទទួលស្គាល់ថា ខ្លួនបានចាប់ជំរិតជនជាតិជប៉ុន ១៣នាក់ ដើម្បីយកទៅបង្រៀនភាសា វប្បធម៌ជប៉ុនដល់ចារកិច្ចកូរ៉េខាងជើង ក៏ប៉ុន្តែ ក្រោយមក កូរ៉េខាងជើងបានដោះលែង ជនជាតិជប៉ុន៥នាក់ និងបញ្ជូនទៅជប៉ុនវិញ នៅក្រោយទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកKoizumi នៅព្យុងយ៉ាង នៅឆ្នាំ ២០០២ ចំណែកជនជាតិជប៉ុន៨នាក់ទៀត ស្លាប់បាត់បង់ជីវិត។ ជាផ្លូវការ ជនជាតិ១៣នាក់ ត្រូវចាប់ជំរិតនៅកូរ៉េខាងជើង ប៉ុន្តែ គេជឿថា តួលេខអាចច្រើនជាងនេះ ដែលជាហេតុធ្វើឲ្យជប៉ុននៅតែបន្តទាមទារឲ្យកូរ៉េខាងជើងដោះលែងជនជាតិរបស់ខ្លួន។ មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអុងផ្ទាល់ធ្លាប់បដិសេធមិនសហការជាមួយជប៉ុនក្នុងរឿងជនជាតិជប៉ុនដែលត្រូវចាប់ជំរិតនៅកូរ៉េខាងជើង៕
© រក្សាសិទ្ធិដោយ thmeythmey.com