បុគ្គលក្លែងជាបេក្ខជនប្រឡងចូលរៀនពេទ្យ ៤រូប នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់
  • ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ​​ ម៉ោង ១១:០០ នាទី ព្រឹក
បុគ្គលក្លែងជាបេក្ខជនប្រឡងចូលរៀនពេទ្យ ៤រូប នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់

គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះ ករណីបេក្ខជនក្លែងបន្លំអត្តសញ្ញាណដើម្បីប្រឡងជំនួសបេក្ខជនដទៃ ចំនួន៤នាក់។
TTN-Free-Banner-In-Article-PC
បើតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បេក្ខជនទាំង៤នាក់នោះ ក្លែងខ្លួនជានិស្សិត ដើម្បីប្រឡងជំនួសបេក្ខជន ក្នុងការប្រឡងថ្នាក់ជាតិ ជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាល។ 
 
«គណៈកម្មាធិការប្រឡង នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីទាំងបួនខាងលើ រួមទាំងបុគ្គលសមគំនិត ដោយមិនមានការអត់ឱន។» នេះបើតាមសេចក្ដីជូនដំណឹង។ 
 
នេះមិនមែនជាករណីថ្មីថ្មោងនោះទេ ពោលគឺករណីក្លែងបន្លំប្រឡងជំនួសបេក្ខជននេះ ធ្លាប់បានកើតឡើងមកហើយ។ កន្លងមក គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាល បានរកឃើញនិស្សិតក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីប្រឡង។ គណៈកម្មាធិការ ក៏បានលុបឈ្មោះបេក្ខជនទាំងនោះចេញពីបញ្ជីឈ្មោះប្រឡងផងដែរ។ 
 
​បញ្ញត្តិមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ ស្ដីពីបទក្លែងបន្លំឯកសារសាធារណៈ ចែងថា «ការក្លែងបន្លំប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តក្នុងឯកសារ ដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិអត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្ដល់ការអនុញ្ញាត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ) ទៅ១០ (ដប់) ឆ្នាំ»៕ 

អ្នកសរសេរអត្ថបទ

ជម្រាបសួរមិត្តអ្នកអាន! នៅឆ្នាំ២០១៩ ខ្ញុំ មានឱកាសចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ ផ្នែកផលិតវីដេអូ និងបទយកការណ៍។ បច្ចុប្បន្ន ខ្ញុំ ផ្ដោតលើព័ត៌មានបេតិកភណ្ឌ វប្បធម៌ និងសង្គម។ ក្រៅពីសរសេរព័ត៌មានសង្គមទូទៅ ខ្ញុំ ក៏បានចូលរួមផលិតវីដេអូឯកសារអំពីរមណីយដ្ឋានអង្គរផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សែម វណ្ណា (Sem Vanna)