បាត់ខ្លួនដោយបង្ខំ៖ សង្គមស៊ីវិលថា UN អាចលើកយកករណីបាត់ខ្លួនលោក វ៉ាន់ឆាឡឺម មកសួរកម្ពុជា
- ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ២:៤០ នាទី រសៀល

លោក Wanchalearm Satsaksit សកម្មជននយោបាយថៃ ប្រឆាំងរបបដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ ត្រូវបានមនុស្សមួយក្រុមចាប់ខ្លួន កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០២០។
ភ្នំពេញ៖ លោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិនិត្យរបាយការណ៍លើកដំបូង ស្ដីពីការអនុសញ្ញាសអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នៅថ្ងៃទី១៩-២០កុម្ភៈ នៅទីក្រុងហ្ស៊ីណែវ ប្រទេសស្វ៊ីស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនិស្សកម្ពុជា (CHRC) ចេញថ្ងៃទី១៧ កុម្ភៈ។

គណៈកម្មាធិការបាត់ខ្លួនដោយបង្ខំ នៃអង្គការសហប្រជាជាតិ(UN Committee on Enforced Disappearances) បើកសម័យប្រជុំលើកទី២៦ ដើម្បីពិនិត្យករណីបាត់ខ្លួននៅកម្ពុជា និងប្រទេសពីរទៀត គឺបូគីណា ហ្វាសូ (Burkina Faso) និងហុងឌុយរ៉ាស់ (Honduras) ពីថ្ងៃទី១៩ កុម្ភៈ ដល់១ មីនា ឆ្នាំ២០២៤។
មកដល់ពេលនេះ មិនទាន់មានរបាយការណ៍លម្អិតបង្ហាញពីកិច្ចប្រជុំខាងលើឡើយ។ យ៉ាងណាក៏ដោយ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ជាទូទៅកិច្ចប្រជុំនេះ គណៈកម្មាធិការបាត់ខ្លួនដោយបង្ខំនៃអង្គការសហប្រជាជាតិ នឹងលើកយកករណីបាត់ខ្លួនដោយបង្ខំ តាមប្រទេសនីមួយៗដែលជារដ្ឋភាគីនៃអនុសញ្ញានេះ មកសួរដេញដោលគ្នា។
សម្រាប់ករណីនេះ លោក សំអាត គិតថាគណៈកម្មាធិការបាត់ខ្លួនដោយបង្ខំ ទំនងជាលើកយកករណីបាត់ខ្លួន លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ(Wanchalearm Satsaksit ) ដែលជាសកម្មជនថៃ មកសាកសួរប្រតិភូកម្ពុជា។ បើតាមលោក សំអាត កន្លងមកគណៈកម្មាធិការនេះ ធ្លាប់បានទទូចឱ្យកម្ពុជាផ្ដល់ព័ត៌មានលម្អិត និងស្រាវជ្រាវពីករណីលោក វ៉ាន់ឆាឡឺម ដែរ។
«អ្វីដែលខ្ញុំបារម្ភ គណៈកម្មាធិការបាត់ខ្លួនដោយបង្ខំនៃអង្គការសហប្រជាជាតិ អាចនឹងលើកពីករណីបាត់ខ្លួនរបស់ វ៉ាន់ឆាឡឺន មកជជែកជាមួយកម្ពុជា ព្រោះថារដ្ឋជាភាគីណាមួយនៃអនុសញ្ញា ត្រូវបង្ហាញរបាយការណ៍ស្រាវជ្រាវ ឬវឌ្ឍនភាពនៃសំណុំរឿងនេះ ដោយសារកន្លងមកក្រុមគ្រួសារជនរងគ្រោះ បានស្នើសុំកិច្ចអន្តរាគមន៍»។ លោក អំ សំអាត ប្រាប់សារព័ត៌មានថ្មីៗបន្ថែមដូច្នេះ។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនិស្សកម្ពុជា បានអះអាងថា ភាគីកម្ពុជាមានឆន្ទៈមុតមាំ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការផ្ដល់សច្ចាប័ន និងការចូលជាសមាជិកកតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។ ជាពិសេសចូលជាសមាជិកនៃអនុសញ្ញាអន្តរជាតិ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នៅឆ្នាំ២០១៣។
គណៈកម្មាធិការសិទ្ធិមនិស្សកម្ពុជា សង្កត់ធ្ងន់ថា៖ «ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ កម្ពុជាមានកាតព្វកិច្ចសរសេររបាយការណ៍ ដាក់ជូនគណៈកម្មាធិការស្ដីពីការបាត់ខ្លួនដោយបង្ខំ…»។
លោក វ៉ាន់ឆាឡឺម ដែលត្រូវគេស្គាល់ថា ជាសកម្មជនប្រជាធិបតេយ្យ តែងតែរិះគន់រដ្ឋាភិបាល លោក ប្រាយុទ្ធ ចាន់អូចា។ ក្រោយរដ្ឋប្រហារនៅថៃ ឆ្នាំ២០១៤ លោក វ៉ាន់ឆាឡឺម បានគេចខ្លួនចេញក្រៅប្រទេស ដោយសារជាប់ពាក់ព័ន្ធរឿងក្ដីមួយចំនួន ដូចជាបទល្មើសប្រមាថព្រះមហាក្សត្រ និងបទឧក្រិដ្ឋតាមប្រព័ន្ធកុំព្យូទ័រជាដើម។ សាច់ញាតិនិងអ្នកគាំទ្រ វ៉ាន់ឆាឡឺម អះអាងថា សកម្មជនរូបនេះ បានបាត់ខ្លួនចុងក្រោយនៅកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: