ជនជាតិអាមេរិកម្នាក់ ត្រូវបានបណ្ដេញពីកម្ពុជា ដើម្បីសុវត្ថិភាពកុមារ
- ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ២:១៦ នាទី រសៀល

លោក Wilfred Willis Holley ជនជាតិអាមេរិក ដែលត្រូវសមត្ថកិច្ចកម្ពុជាបណ្ដេញចេញ។ រូបពី CPU
ភ្នំពេញ៖ សមត្ថកិច្ច ឃាត់ខ្លួនបុរសជនជាតិអាមេរិកម្នាក់ ហើយបណ្តេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសបៀតបៀនផ្លូវភេទលើកុមារ។ នេះបើតាមអង្គភាពការពារកុមារ (Child Protection Unit) ចេញផ្សាយលើទំព័រហ្វេសប៊ុក នាថ្ងៃទី២០ កុម្ភៈ។

អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, ការិយាល័យស្រាវជ្រាវសហព័ន្ធ (FBI), សន្តិសុខមាតុភូមិ (HSI), អង្គភាពការពារកុមារជាដើម បានរួមគ្នា ស៊ើបអង្កេតស៊ីជម្រៅទៅលើអត្តចរិត និងសកម្មភាពប្រចាំថ្ងៃរបស់បុរសជនជាតិអាមេរិក លោក Wilfred Willis Holley ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ជាលទ្ធផលនៃការស៊ើបអង្កេត និងការឃ្លាំមើលសកម្មភាព ឬទំនាក់ទំនងជាមួយកុមារ មានភាពមិនប្រក្រតីមួយចំនួន។
សារព័ត៌មានថ្មីៗ ពុំអាចសុំការឆ្លើយតបបន្ថែមពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឡើយ។
បើតាមអង្គភាពការពារកុមារ, លោកWilfred Willis Holley ធ្លាប់មានប្រវត្តិជាប់ទោសពីបទល្មើសកម្រិតធ្ងន់ ដែលប្រព្រឹត្តទៅលើកុមារ នៅក្នុងប្រទេសផ្សេងៗមួយចំនួន។
អង្គភាពការពារកុមារ បានកោតសរសើរកម្ពុជាយ៉ាងដូច្នេះ៖ «លោក Holley គឺជាហានិភ័យដ៏ធំសម្រាប់កុមារ។ ដូច្នេះខ្ញុំសូមថ្លែងការកោតសរសើរដល់រាល់ស្ថាប័ន ដែលបានចូលរួមក្នុងការស៊ើបអង្កេតមួយនេះ និងជាពិសេសចំពោះការឆ្លើយតបរហ័ស ពីរាជរដ្ឋាភិបាលកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការបណ្តេញបុគ្គលនេះ ចេញពីប្រទេសកម្ពុជា។»។
អង្គភាពការពារកុមារ បានចាត់ទុកការស៊ើបអង្កេតករណីនេះ គឺជាគំរូដ៏ល្អមួយបង្ហាញអំពីការប្តេជ្ញារបស់ស្ថាប័នពាក់ព័ន្ធទាំងឡាយ ក្នុងកិច្ចការពារកុមារ៕
© រក្សាសិទ្ធិដោយ thmeythmey.com