ភូមាដាក់ទោសប្រហារជីវិតឧត្តមសេនីយ៍បីនាក់ពីបទចុះចាញ់ក្រុមឧទ្ទាម
- ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៧:៣៩ នាទី ល្ងាច

ភូមាដាក់ទោសប្រហារជីវិតឧត្តមសេនីយ៍បីនាក់ពីបទចុះចាញ់ក្រុមឧទ្ទាម DR
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
របបសឹកភូមាបានសម្រេចផ្តន្ទាទោសប្រហារជីវិតមេដឹកនាំជាន់ខ្ពស់យោធាបីនាក់ ដែលបានធ្វើសង្គ្រាមចាញ់ក្រុមឧទ្ទាមប្រដាប់អាវុធនៅជិតព្រំប្រទល់ចិន។ នេះបើតាមប្រភពយោធាពីរសុំមិនបញ្ចេញឈ្មោះ។ កាលពីដើមខែមុន កងទ័ពរដ្ឋាភិបាលសឹកបានស្គាល់បរាជ័យយ៉ាងជូរចត់ ដោយសម្រេចចិត្តបោះបង់ក្រុងឡូកី (Loukkai) ក្រុងយុទ្ធសាស្ត្រនៅភាគខាងជើងប្រទេស។

បើតាមប្រភពសុំមិនបញ្ចេញឈ្មោះ ព្រោះគ្មានសិទ្ធិនិយាយជាមួយអ្នកសារព័ត៌មាន មេដឹកនាំយោធាជាន់ខ្ពស់ពាក់សក្តិជាឧត្តមសេនីយ៍បីនាក់ ក្នុងនោះម្នាក់ជាមេបញ្ជាការកងទ័ពប្រចាំក្រុងឡូកី បានរងការផ្តន្ទាទោសប្រហារជីវិត។ បីនាក់ផ្សេងទៀត មានឋានៈជាឧត្តមសេនីយ៍ហើយពាក់ព័ន្ធនឹងការចាញ់សង្គ្រាមនៅសមរភូមិឡូកីដែរ ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ នេះបើប្រភពដដែលដែលមិនបានផ្តល់ព័ត៌មានលម្អិតបញ្ជាក់អំពីកាលបរិច្ឆេទនៃការបើកសាលក្រមឡើយ។ តែច្បាប់សឹកភូមាបានចែងយ៉ាងច្បាស់ថា ក្នុងករណីបោះបង់ ឬរត់ចោលទីតាំងយោធា ទាហានត្រូវមានទោសប្រហារជីវិត។
សូមរំលឹកថា កាលពីដើមខែមករា ក្រុងឡូកី (Laukkai) ក្នុងរដ្ឋស្ហាន ដែលស្ថិតនៅជាប់ព្រំដែនចិន បានធ្លាក់ទៅក្នុងដៃរបស់ក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិច៣ក្រុម។ ក្រុមយោធា អារ៉ាកា កងកម្លាំងសម្ព័ន្ធប្រជាធិបតេយ្យជាតិភូមា MNDAAនិងយោធារំដោះជាតិតាអាង TNLA បានចងសម្ព័ន្ធភាពគ្នាប្រយុទ្ធតតាំងនឹងរដ្ឋាភិបាលសឹកភូមា ដោយបានចាប់ខ្លួន ដកហូតអាវុធពីមន្រ្តីយោធា ហើយកងទ័ពភូមាប្រមាណជិត២ពាន់នាក់បានយល់ព្រមទម្លាក់អាវុធ ចុះចាញ់ មុនចាកចេញពីក្រុងជាមួយក្រុមគ្រួសារ។ ក្រោយពីទទួលស្គាល់បរាជ័យនៅក្រុងឡូកី អ្នកនាំពាក្យរបបសឹកបានបញ្ជាក់ថាមានឧត្តមសេនីយ៍៦រូបត្រូវចាប់ខ្លួនយកឃុំឃាំង។
របូតបាត់ទីក្រុងឡូកី ជាបរាជ័យដ៏ជូរចត់បំផុតមិនធ្លាប់មានទេ សម្រាប់កងកម្លាំងប្រដាប់អាវុធភូមា ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ព្រោះឡូកីជាក្រុងយុទ្ធសាស្ត្រ ល្បីខាងមានបនល្បែង បនស្រីពេស្យា និងជាមណ្ឌលឆបោកអនឡាញ ជាច្រកផ្លូវដ៏សំខាន់មួយ សម្រាប់ពាណិជ្ជកម្មនាំចេញរបស់ភូមាទៅកាន់ប្រទេសចិន។
បីឆ្នាំក្រោយរដ្ឋប្រហារ របបសឹកភូមាដឹកនាំដោយលោក មីនអ៊ុងឡាំង លេចសញ្ញាចុះខ្សោយ។ កងទ័ពរដ្ឋាភិបាលចាប់ទន់ដៃក្នុងការប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងការពារប្រជាជន ដែលជាយុវជនប្រជាធិបតេយ្យរត់ចូលព្រៃកាន់អាវុធប្រឆាំងនឹងការធ្វើរដ្ឋប្រហារនៅភូមា។ ប្រឈមនឹងការលំបាកនៅតាមសមរភូមិ របបសឹកបានប្រកាសប្រើច្បាប់ចាប់បង្ខំឱ្យយុវនារីអាយុ១៨ទៅ២៧ឆ្នាំ និងដល់៣៥ឆ្នាំសម្រាប់បុរសបំពេញកាតព្វកិច្ចយោធា។ កាលពីឆ្នាំ២០២២ ភូមាក៏បានប្រហារជីវិត ជាលើកទីមួយអ្នកជាប់ទោសប្រហារជីវិតបួននាក់ ក្នុងនោះ២នាក់ជាសកម្មជនប្រជាធិបតេយ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com