«ដាយណូស័រ» បង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍តុក្កតាយក្សប្រចាំឆ្នាំខេត្តសៀមរាប
- ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៣:៥៩ នាទី រសៀល

ក្បួនដង្ហែតុក្កតាយក្ស ដាយណូស័រ ក្នុងក្រុងសៀមរាប នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។
សៀមរាប៖ ព្រឹត្តិការណ៍សិល្បៈប្រចាំឆ្នាំ ក្បួនដង្ហែតុក្កតាយក្ស ក្រុងសៀមរាបឆ្នាំ២០២៤នេះ មានតុក្កតាយក្សសត្វដាយណូស័រចំនួន៩ប្រភេទ ត្រូវបានយកមកដង្ហែឱ្យសាធារណជនបានឃើញ។ ដាយណូរស័រទាំងនោះ មានដូចជា Tyrannosaurus Rex, Stegosaurus, Triceratops, Pterodactyl, Ankylosaurus, Ankylosaurus, Parasaurolophus, Elasmosaurus និង Dilophosaurus។

តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូ រៀបចំដោយលោក ស៊ុល រ៉វី ដូចខាងក្រោម៖
ក្បួនដង្ហែនេះ ប្រព្រឹត្តទៅ នៅល្ងាចម៉ោង៧ រហូតដល់ម៉ោង៩យប់ ចាប់ផ្ដើមពីវត្តដំណាក់ នឹងធ្វើដំណើរតាមស្ទឹងសៀមរាប ឆ្ពោះទៅគោលដៅ នៅសួនព្រះរាជដំណាក់។ ក្បួនដង្ហែមានភាពអ៊ឹកអធិកហ៊ឹកហ៊ាក់ណាស់។ នៅពីមុខក្បួនហែរនីមួយៗវិញ ក៏មានក្រុមប្រគំភ្លេងប្រភេទប្លែកៗពីគ្នាដូចជា ក្រុមស្គរដៃ, ក្រុមស្គរដៃ, ក្រុមប្រគំចង្វាក់ Swing Jazz, ក្រុងសៀកហ្វារ និងការចាក់បទចម្រៀង តាមរយៈអឃោសសព្ទ ដែលភ្ជាប់ពីលើដំបូលរឺម៉ក់ (កង់បី)។ ចំណែកអ្នកចូលរួមទស្សនានៅសងខាងផ្លូវនៃក្បួន ក៏ហ៊ោកញ្ជ្រៀវ ទះដៃ យ៉ាងកងរំពងផងដែរ។
ខុសពីរាល់ឆ្នាំ ដែលទីងមោងមានជារូបបុគ្គលល្បីៗ រូបស្រ្តីជាម្ដាយ និងពពួកសត្វស្លាបដែលជិតផុតពូជនៅកម្ពុជា សម្រាប់ប្រធានបទឆ្នាំនេះ គឺផ្តោតលើសត្វស្ថិតក្នុងអម្បូរដាយណូស័រ សរុប៩រូប ដែលសម្រិតសម្រាំងដោយក្រុមការងារគម្រោងតុក្កតាយក្សនេះ។
ក្នុងបទសម្ភាសជាមួយសារព័តមានកាលពីដើមខែកុម្ភៈកន្លងទៅ លោក សាវ៉ាន់ សហប្រធានគម្រោងតុក្កតាយក្សឬទីងមោង ពន្យល់ថា មូលហេតុដែលក្រុមការងារជ្រើសរើសយកសត្វដាយណូស័រ សម្រាប់កម្មវិធីដង្ហែឆ្នាំនេះ ដោយសារចង់ឱ្យប្លែក និងបង្ហាញថា សត្វទាំងនោះធ្លាប់មានវត្តមាននៅលើភពផែនដីរាប់លានឆ្នាំមុន គឺមុនកំណើតនៃមនុស្ស។
លោកបញ្ជាក់ទៀតថា ការផលិតតុក្កតាយក្ស ឬទីងមោងនេះ បានប្រើប្រាស់ដើមរពាក់ប្រមាណ២ម៉ឺនដើម សម្រាប់ដំឡើងរូបទីងមោង។ ទីងមោង ឬតុក្កតាមួយៗអាចប្រើរពាក់ ដែលបានទិញពីអ្នកភូមិគិរីមានន្ទ ឃុំអំពិល ស្រុកប្រាសាទបាគង ពី១៣០០ទៅ១៥០០ដើម។ នេះជាការលើកឡើងរបស់លោក សាវ៉ាន់ ដែលមានបទពិសោធន៍ឆ្អិនលើការងាររៀបចំនេះ។
ព្រឹត្តិការណ៍មួយនេះ ត្រូវបានលោក សាវ៉ាន់ ថាវាជាព្រឹត្តិការណ៍នេះមួយតំណាងសៀមរាប។ លោកបន្តថា ព្រឹត្តិការណ៍នេះទៀតសោត ជាប់ជាចំណាត់ថ្នាក់ ព្រឹត្តិការណ៍ដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ សម្រាប់សិល្បៈកុមារ ខណៈឡាវ ថៃ វៀតណាម ភូមា មីយ៉ាន់ម៉ា មិនមានកម្មវិធីនេះឡើយ។
គួររំឭកផងដែរថាឆ្នាំ២០២៤នេះ ជាឆ្នាំទី១៣ ហើយដែលក្រុមការងារគម្រោងតុក្កតាយក្ស បានរៀបចំឡើង ពោលគឺចាប់ផ្ដើមក្នុងឆ្នាំ២០០៧ តែត្រូវផ្អាកប្រារពវិញនៅឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។ នៅឆ្នាំ២០២២ ក្រុមការងាររៀបចំតុក្កតាយក្ស និងអាជ្ញាធរស្រុកបន្ទាយស្រី បានដង្ហែក្បួននេះ នៅផ្លូវភូមិព្រះដាក់។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប។
តាមប្រភពដដែល ឆ្នាំនេះគម្រោងបង្កើតតុក្កតាយក្ស មានអ្នកចូលរួម៦៥០នាក់ ដែលកុមារមកពីបណ្ដាសាលារដ្ឋ និងឯកជន ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលចំនួន១៩ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: