លោក Li Tie ត្រូវកាត់ទោសជាប់ពន្ធនាគារមួយជីវិត ពីបទពុករលួយក្នុងវិស័យបាល់ទាត់ចិន
- ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៨:៥៩ នាទី យប់

លោក Li Tie អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិចិន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ជុំវិញបទសូកប៉ាន់ និងកំណត់លទ្ធផលប្រកួត។ អតីតខ្សែការពារ Everton រូបនេះ បានប្តឹងឧទ្ធរណ៍ ដោយចាត់ទុកនេះជាការដាក់ទោសដ៏ធ្ងន់ធ្ងរហួសហេតុ។

លោក Tie ដែលបានដឹកនាំជម្រើសជាតិចិនចន្លោះឆ្នាំ ២០១៩-២០២១ បានសារភាពថា ខ្លួនបានផ្តល់សំណូករាប់សែនដុល្លារ ដើម្បីទទួលបានការងារជាគ្រូបង្វឹកចិន ព្រមទាំងករណីរៀបចំលទ្ធផលប្រកួតក្នុងក្លិបទៀតផង។ ដើម្បីទទួលបានតំណែងគ្រូចិន លោក Tie បានយកប្រាក់៣០ម៉ឺនដុល្លារ សូកប៉ាន់លោក លោក Chen Xuyuan ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់ចិន (CFA)។
បើទោះជាខ្លួនបានសារភាពក្តី ប៉ុន្តែអតីតកីឡាករចិន វ័យ៤៦ឆ្នាំ រូបនេះ នៅតែត្រូវបានតុលាការចោទប្រកាន់ និងដាក់ទោសឱ្យជាប់ពន្ធនាគាររហូតអស់មួយជីវិត។ យោងតាមការផ្សាយរបស់កាសែត Epoch Times ក្រៅពីកាត់ទោសលោក Tie លោក Chen Xuyuan ដែលជាប់ករណីសូនប៉ាន់ជាមួយគ្នា ទទួលការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៥ ឆ្នាំ។ ដោយឡែក លោក Du Zhaocai អតីតអគ្គលេខាធិការ CFA ក៏ត្រូវបានកាត់ទោសឱ្យជាប់គុក ១៣ ឆ្នាំ ផងដែរ។

ដាក់ទោសខ្លួនដល់ទៅមួយជីវិត ប៉ុន្តែអ្នកពាក់ព័ន្ធគ្រាក់ៗដូចជាលោក Xuyuan និង Zhaocai ជាប់ទោសតែជាង១០ឆ្នាំ បានធ្វើឱ្យលោក Tie មិនសុខចិត្ត។ លោក Tie ចាត់ទុកថានេះជាការកាត់ទោសធ្ងន់ធ្ងរពេកបើប្រៀបធៀបនឹងមន្ត្រីទាំងពីរ ដូច្នេះខ្លួនបានស្នើសុំការប្តឹងឧទ្ធរណ៍។
នៅក្នុងកម្មវិធីទូរទស្សន៍ CCTV ដែលផ្សាយជាទៀងទាត់នូវចម្លើយសារភាពរបស់ជនសង្ស័យឧក្រិដ្ឋជន រួមទាំងអតីតមន្ត្រី មុនពេលត្រូវបង្ហាញខ្លួនក្នុងតុលាការនោះ លោក Tie សារភាពថា ខ្លួនបានរៀបចំសំណូកជាង៣០ម៉ឺនដុល្លារ ដើម្បីទទួលបានតំណែងគ្រូបង្វឹកចិន ព្រមទាំងបានកំណត់លទ្ធផលប្រកួតទុកមុនអំឡុងធ្វើជាអ្នកចាត់ការទូទៅក្លិប។ បុរសវ័យ៤៦ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាគ្រូបង្វឹកចិន នៅឆ្នាំ២០១៩ ដើម្បីជំនួសលោក Marcello Lippi ដោយការនោះលោកត្រូវមានភារកិច្ចដឹកនាំក្រុមយក្សចិនធ្វើយ៉ាងណា ឡើងទៅកានវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ២០២២ នៅកាតា។
ដោយឡែកលោក Xuyuan ដែលធ្លាប់កាន់ការជាប្រធានស្ថាប័នកំពូលកីឡាចិន និងជាប្រធាន CFA ត្រូវបានចោទប្រកាន់កាលពីខែកញ្ញា ឆ្នាំ២០២៣ ក្នុងបទពុករលួយ បន្ទាប់ពីលោកបានសារភាពនៅក្នុងភាពយន្តឯកសាររបស់ទូរទស្សន៍ CCTV ថាបានទទួលយកប្រាក់សំណូកយ៉ាងច្រើនដល់ទៅជាង ១១លានដុល្លារ ដើម្បីផ្តល់តួនាទីក្នុងប្រភេទកីឡាផ្សេងៗ ជាពិសេសកីឡាបាល់ទាត់។ បុរស វ័យ៦៧ឆ្នាំ ដែលជាសមាជិកបក្សកុម្មុយនិស្តចិនផង បានសារភាពទទួលកំហុស និងសូមទោសអ្នកគាំទ្រជនជាតិចិន ជុំវិញការប្រព្រឹត្តិរបស់ខ្លួនក្នុងវិស័យកីឡា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: