មានស៊ុយអែតជាសមាជិកមួយទៀត តើតំបន់សមុទ្របាល់ទិក និងក្លាយជា “បឹងរបស់អូតង់”?
- ថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ៧:៥៩ នាទី ព្រឹក

ទង់ជាង់ស៊ុយអែត និងទង់របស់អង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា Nato/OTAN REUTERS - DADO RUVIC
ដោយ៖ RFI ខេមរភាសា
សភាហុងគ្រីបានបោះឆ្នោតយល់ព្រម ឲ្យប្រទេសស៊ុយអែត ក្លាយជាសមាជិកថ្មីនៃអង្គការសម្ព័ន្ធមិត្តអូតង់ កាលពីថ្ងៃចន្ទ ទី២៦ កុម្ភៈ ។ វត្តមានរបស់ស៊ុយអែត ក្នុងនាមជាសមាជិកទី៣២របស់អូតង់នេះ នឹងហុចអត្ថប្រយោជន៍ជាច្រើន ដល់សមត្ថភាពការពារ របស់អូតង់នៅក្នុងតំបន់សមុទ្របាល់ទិក ទល់នឹងការគំរាមរបស់រុស្ស៊ី។ ចាប់ពីថ្ងៃនេះទៅ ប្រទេសទាំងអស់នៅជុំវិញសមុទ្របាល់ទិក លើកលែងតែរុស្ស៊ីមួយ គឺសុទ្ធតែជាសមាជិកអូតង់។ តើមានន័យថា ចាប់ពីពេលនេះទៅ តំបន់សមុទ្របាល់ទិកនឹងក្លាយ ប្រៀបបីដូចជាបឹងមួយ ស្ថិតក្រោមការគ្រប់គ្រងរបស់អូតង់ ឬមួយក៏រុស្ស៊ីនៅតែអាច មានលទ្ធភាពគំរាមបាន?

ជាមួយនឹងការចូលជាសមាជិក ពីសំណាក់ហ្វាំងឡង់កាលពីឆ្នាំមុន និងពេលនេះថែមស៊ុយអែតមួយទៀត មានន័យថា ប្រទេសទាំងអស់ដែលនៅព័ទ្ធសងខាងសមុទ្របាល់ទិក លើកលែងតែរុស្ស៊ីមួយ គឺសុទ្ធតែជាសមាជិករបស់អង្គការសម្ព័ន្ធមិត្តអូតង់។ អ្នកវិភាគខ្លះ បានសំឡឹងឃើញថា ចាប់ពីពេលនេះទៅ សមុទ្របាល់ទិក ប្រៀបបីដូចជា បឹងមួយរបស់អូតង់ ដែលអង្គការសម្ព័ន្ធមិត្តនេះ អាចមានលទ្ធភាពធំ ក្នុងការត្រួតត្រា រារាំងទៅលើចរាចរណ៍របស់នាវាចម្បាំងរុស្ស៊ី ក្នុងករណីមានបញ្ហាវិវាទណាមួយកើតឡើង។
តែទន្ទឹមគ្នានេះ អ្នកវិភាគខ្លះ បានរំឭកថា មិនត្រូវប្រមើលមើលនិងវិភាគ ដោយសាមញ្ញបែបនេះទេ ព្រោះថាអ្វីៗអាចមិនស្រួលដូចការគិត។ ស៊ុយអែតចូលជាសមាជិកអូតង់ អាចធ្វើឲ្យអូតង់មានលទ្ធភាពការពារបណ្តាប្រទេសបាល់ទិកបានកាន់តែច្រើនក៏ពិតមែន ក៏ប៉ុន្តែមិនមែនមានន័យថា រុស្ស៊ីនឹងឈប់ធ្វើសកម្មភាពគំរាមតទៅទៀតនោះដែរ។ រុស្ស៊ីនៅតែអាចគំរាមមកលើសន្តិសុខតំបន់បាល់ទិក បានជានិច្ច តួយ៉ាងតាមរយៈការប្រើប្រាស់តំបន់ កាលីនីនហ្ក្រាដ ដែលរុស្ស៊ីបានដាក់បញ្ឈរអាវុធយ៉ាងសន្ធឹកនៅទីនោះ។
លោកស្រី Minna Alander អ្នកស្រាវជ្រាវនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិហ្វាំងឡង់ បានលើកឡើងថា បើយើងក្រឡេកមើលភូមិសាស្ត្រតំបន់សមុទ្របាល់ទិក គឺយើងអាចយល់ថា តំបន់នេះនឹងក្លាយជាបឹងមួយ ក្រោមការគ្រប់គ្រងរបស់អូតង់ផ្តាច់មុខ។ តែធាតុពិត វាមិនស្រួលប៉ុន្មានទេ សម្រាប់អូតង់។ បើរាប់ចាប់ពីថ្ងៃដែលរុស្ស៊ី បានលើកទ័ពចូលទៅធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ថ្ងៃទី២៤កុម្ភៈ ២០២២ គេបានសង្កេតឃើញនូវ ហេតុការណ៍ជាច្រើនករណី។ ជាក់ស្តែង ករណីផ្ទុះបំពង់បង្ហូរឧស្ម័ន នៅក្រោមបាតសមុទ្របាល់ទិក និងករណីដាច់ខ្សែកាបអុបទិក បាតសមុទ្រជាដើម ដែលបញ្ជាក់ថាអូតង់មានចំណុចខ្សោយ ឬមានការខ្វះខាតក្នុងការគ្រប់គ្រងតំបន់នេះ។
កាលពីខែ កញ្ញាឆ្នាំ២០២២ បំពង់បង្ហូរឧស្ម័ន Nord Stream ដែលភ្ជាប់ពីរុស្ស៊ីទៅកាន់អឺរ៉ុប ត្រូវបានជនមិនស្គាល់មុខ វាយប្រហារឲ្យផ្ទុះបែកធ្លាយ។ ជាងមួយឆ្នាំហើយ គេនៅរកមុខអ្នកធ្វើអំពើនេះ មិនទាន់ឃើញផងទេ។ ហើយកាលពីខែតុលាឆ្នាំ២០២៣ បំពង់បង្ហូរឧស្ម័ន និងខ្សែកាបអុបទិកបាតសមុទ្រ ដែលតភ្ជាប់រវាវ ហ្វាំងឡង់ ស៊ុយអែត និងអេស្តូនី ក៏បានរងការខូចខាតដែរ។ ផ្អែកតាមសមត្ថកិច្ចហ្វាំងឡង់ ករណីខូចខាតនេះ គឺដោយសារនាវាដឹកទំនិញមួយ របស់ចិន។
ក្រោយករណីគ្រោះថ្នាក់ផ្ទួនៗនេះ អូតង់បានព្យាយាមបង្កើនសមត្ថភាព និងមធ្យោបាយនាវា ដើម្បីធ្វើយ៉ាងណា តាមដានការពារសន្តិសុខ សុវត្ថិភាព ក្នុងតំបន់បាល់ទិកឲ្យម៉ដ្ឋចត់ជាងមុន។ តែយ៉ាងណា ការតាមដានសកម្មភាពនៅក្រោមបាតសមុទ្រ វាមិនមែនជារឿងងាយនោះឡើយ។ លោក Julian Pawlak អ្នកស្រាវជ្រាវម្នាក់នៅសកលវិទ្យាល័យកងទ័ពអាល្លឺម៉ង់ បានលើកឡើងថា ករណីវាយប្រហារនៅបំពង់បង្ហូរឧស្ម័ន Nord Stream បានបង្ហាញថា វាជារឿងលំបាកខ្លាំងណាស់ ក្នុងការតាមដានការពារសុវត្ថិភាពបាតសមុទ្រ។
បើយើងក្រឡេកទៅមើលមួយផ្នែកទៀត វត្តមានជាសមាជិកអូតង់ របស់ស៊ុយអែត គឺមិនត្រឹមតែនឹងផ្តល់ឆ្នេរឡោមព័ទ្ធសមុទ្របាល់ទិកប៉ុណ្ណោះទេ គឺអូតង់អាចមានលទ្ធភាពឈរជើង ខិតមកក្នុងកណ្តាលសមុទ្រតែម្តង តាមរយៈកោះ Gotland របស់ស៊ុយអែត។ កោះនេះ គឺជាទីតាំងយុទ្ធសាស្ត្រជួរមុខ រវាងស៊ុយអែត និងឡេតូនី ហើយប្រការនេះ នឹងអនុញ្ញាតឲ្យ អូតង់អាចបិទផ្លូវឆ្លងកាត់ ឬរាំងខ្ទប់ត្រង់ចំនុចនេះតែម្តង។
តែទន្ទឹមនឹងនេះ រុស្ស៊ី នៅមិនទាន់អស់ក្រឡាដើរនោះទេ។ រុស្ស៊ីនៅមានមូលដ្ឋានយុទ្ធសាស្ត្រមួយ គឺតំបន់កាលីនីនហ្ក្រាដ។ តំបន់ដែលស្ថិតនៅចំងាយជាង១០០០គីឡូម៉ែត្រ ដាច់ពីទីក្រុងម៉ូស្គូនេះ គឺជាទីតាំងជួរមុខលយចូលជ្រៅមកខាងអឺរ៉ុប សម្រាប់ឲ្យកងទ័ពរុស្ស៊ីអាចបើកប្រតិបត្តិការវាយប្រហារបាន។ តំបន់កាលីនីនហ្ក្រាដ ដែលស្ថិតនៅចន្លោះ រវាងប៉ូឡូញ និងលីទុយអានីនេះ គឺជាដែនដីដែលមានវត្តមានយោធា និងគ្រឿងសព្វាវុធដ៏ច្រើនជាងតំបន់ណាៗ ទាំងអស់ទូទាំងអឺរ៉ុប ក្នុងនោះរុស្ស៊ីបានដាក់បញ្ឈរកម្លាំងប្រព័ន្ធនុយក្លេអ៊ែរថែមទៀតផង។
ផ្អែកតាមលោក John Deni អ្នកស្រាវជ្រាវនៅសាលាសិកសង្គ្រាមអាមេរិក គឺធាតុពិតទៅ បើនិយាយពីនាវាចម្បាំងរបស់រុស្ស៊ីប្រចាំការនៅតំបន់សមុទ្របាល់ទិក គឺតិចតួច និងចាស់ៗណាស់ បើប្រៀបធៀបទៅសម័យសង្គ្រាមត្រជាក់។ តែទន្ទឹមគ្នានេះ គេសង្កេតឃើញថា រុស្ស៊ីនៅតែប្រឹងវិនិយោគ និងចំណាយប្រាក់ ជាពិសេសក្នុងសមត្ថភាពនាវាមុជទឹកបាតសមុទ្រ។ រុស្ស៊ីនៅតែមានសមត្ថភាពអាចបំផ្ទុះភ្លើង បំភ័យគំរាមមកលើអូតង់បានជានិច្ច ឬក៏អាចបញ្ជូនទ័ពចូលឈ្លានពាន ឡើងគោកតាមឆ្នេរ ក៏រុស្ស៊ីនៅអាចធ្វើបាន។ លោក John Deni បានទទួលស្គាល់ទៀតថា បើនិយាយពីសមត្ថភាពសព្វាវុធកាំភ្លើងធំ រថក្រោះជាដើម គឺរុស្ស៊ីមានកម្លាំង ជាងប្រទេសតំបន់បាល់ទិកទាំងអស់។
គួរបញ្ជាក់ថា ប្រទេសបាល់ទិកទាំង៣ អេស្តូនី ឡេតូនី និងលីទុយអានី ជាយូរយាមកហើយ ត្រូវបានគេគិតថា គឺប្រទេសជួរមុខរបស់អូតង់ ក្នុងករណីមានការប្រឈមណាមួយជាមួយរុស្ស៊ី។ តែធាតុពិត ប្រទេសទាំង៣នេះ ភ័យបារម្ភខ្លាំងណាស់ នៅពេលឃើញអ៊ុយក្រែនរងគ្រោះដោយការឈ្លានពានមិនញញើតរបស់រុស្ស៊ី។ នៅពេលបានដឹងដំណឹងថា ហ្វាំងឡង់ និងស៊ុយអែត នឹងចូលជាសមាជិកអូតង់ ប្រទេសបាល់ទិកទាំង៣នេះ បានដកដង្ហើមធំ ធូរទ្រូងខ្លាំងណាស់។
កន្លងមក អូតង់ធ្លាប់បានត្រិះរិះរកមធ្យោបាយដែរ ដើម្បីការពារប្រទេសបាល់ទិកទាំង៣នេះ កុំឲ្យឯកោ ប្រសិនបើថ្ងៃណាមួយ រុស្ស៊ីសម្រេចចិត្ត ទន្រ្ទានតាមខ្សែព្រំដែនលីទុយអានី ដែលមានប្រវែង៦៥គីឡូម៉ែត្រ ដើម្បីភ្ជាប់ទឹកដីរុស្ស៊ីជាមួយនឹងតំបន់កាលីនីនហ្ក្រាដ។ ចាប់ពីពេលនេះទៅ អូតង់មានដំណោះស្រាយហើយ ជាមួយនឹងវត្តមានរបស់ស៊ុយអែត។ តាមរយៈភូមិសាស្ត្រខ្លួន ស៊ុយអែតជាអ្នកគ្រប់គ្រងការចេញចូល សមុទ្របាល់ទិក និងសមុទ្រខាងជើង។ មានន័យថា ចាប់ពីពេលនេះទៅ អូតង់នឹងអាចមានលទ្ធភាពច្រើន ក្នុងការការពារប្រទេសបាល់ទិកទាំង៣។
តែទោះជាយ៉ាងណា លោក John Deni យល់ថាមិនត្រូវ និយាយពាក្យថា “សមុទ្របាល់ទិក ក្លាយជាបឹងរបស់អូតង់” នោះទេ ព្រោះថាបើនិយាយបែបនេះ វាហាក់ដូចជាអូតង់អួតខ្លួនឯង ហើយភ្លេចខ្លួន។ ចូរកុំភ្លេចថា រុស្ស៊ីនៅតែមានសមត្ថភាពអាចគំរាម អាចបង្កបញ្ហានៅក្នុងតំបន់នេះបានយ៉ាងងាយ ហើយបច្ចុប្បន្ននេះ សម្ព័ន្ធមិត្តអូតង់នៅខ្វះសមត្ថភាពឆ្លើយតបវិញ ប្រសិនបើរុស្ស៊ីបង្កវិបត្តិពិតមែន៕
© រក្សាសិទ្ធិដោយ thmeythmey.com