តុលាការកំពូល សម្រេចប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីបង្កើនប្រសិទ្ធភាពការងារ
- ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ១០:២៩ នាទី ព្រឹក

(ឆ្វេង) លោក ជីវ កេង ប្រធានតុលាការកំពូល និង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីប្រៃសណីយ៍ និងទូរគមនាគមន៍ .
តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល សម្រេចប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីបង្កើតប្រសិទ្ធភាពការងារ។ ការប្រើប្រាស់នូវថ្នាលនេះ ត្រូវបានរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត ជាមួយលោក ជីវ កេង ប្រធានតុលាការកំពូល នាថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៤។ ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍ នឹងជួយគាំទ្រដល់តុលាការកំពូល ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
ក្នុងដំណាក់កាលទី១ ក្រសួងប្រៃសណីយ៍ នឹងដាក់QR Codeស្តង់ដា លើឯកសាររបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល Verify.gov.kh។ លើសពីនេះ ក្រសួង នឹងរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិត ស្របតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង រួមទាំងការកំណត់តម្រូវការនៃប្រើប្រាស់កុំព្យូទ័រ ឬ ឧបករណ៍ឌីជីថលជារបស់រដ្ឋ និងការប្រើប្រាស់ Software ដែលមានអាជ្ញាបណ្ណក្នុងការងារប្រចាំថ្ងៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា Verify.gov.kh គឺជាថ្នាលដំណោះស្រាយឌីជីថល ដែលជួយបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង-ស្ថាប័ននីមួយៗ លើការផ្តល់សេវាសាធារណៈបានយ៉ាងរហ័ស មានសុវត្ថិភាពខ្ពស់ រួមទាំងកាត់បន្ថយចំណាយមិនចាំបាច់នានា បានច្រើនថែមទៀត។ លោកបានរំលឹកយ៉ាងដូច្នេះ ៖ «សម្រាប់វិស័យអប់រំមួយ ដែលប្រើថ្នាលឌីជីថលនេះ ក្រសួងអប់រំចំណេញយ៉ាងតិច២-៣លានដុល្លារក្នុងមួយឆ្នាំៗ តាមរយៈការកាត់បន្ថយចំណាយប្រតិបត្តិការនានា។ ជាពិសេស គឺការមិនចំណាយលើបោះពុម្ពសញ្ញាបត្របណ្តោះអាសន្នដល់សិស្សប្រឡងជាប់បាក់ឌុប»។
ក្រៅពីដាក់QR Codeស្តង់ដា លើឯកសារតាមថ្នាល Verify.gov.kh ហើយនោះ ក្រសួងប្រៃសណីយ៍ ក៏ដាក់កម្មវិធីកំណត់មុខសញ្ញាមន្ត្រីជំនាញ ដែលត្រូវទទួលបានការបណ្តុះបណ្តាល និងពិគ្រោះយោបល់រៀបចំផែនការសកម្មភាពការងារ ក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល រួមទាំងគិតគូរពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រាប់ការងារប្រចាំថ្ងៃដល់មន្ត្រីរបស់តុលាការកំពូល ផងដែរ។
ថ្នាលផ្ទៀងផ្ទាត់ឯកសារនេះ ត្រូវបានក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់ ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ជាពិសេសផ្តល់ភាពងាយស្រួលក្នុងការ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។
លោក ជា វ៉ាន់ដេត បានអះអាងថា ការផ្ទៀងផ្ទាត់ឯកសារតាមថ្នាល Verify.gov.kh ត្រូវបានធ្វើឡើងតាមរយៈការដាក់បញ្ជូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន(Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកឯកសារនីមួយៗ។ ការប្រើប្រាស់ឯកសារមានដាក់QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
កាលពីថ្ងៃទី១កុម្ភៈ ឆ្នាំ២០២៤ ថ្នាលផ្ទៀងផ្ទាល់ឯកសារ verify.gov.kh បានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ខណៈ«ប្រព័ន្ធសុខាភិបាលឌីជីថល»របស់ថៃទទួលបានមេដាយប្រាក់ ហើយ «ប្រព័ន្ធសំបុត្រកំណើត និងសំបុត្រមរណភាព» របស់សិង្ហបុរីទទួលបានមេដាយសំរឹទ្ធ។
គិតមកទល់បច្ចុប្បន្ន គឺមានក្រសួងនិងគ្រឹះស្ថានអប់រំចំនួន៣៥ហើយ ដែលប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារVerify.gov.kh នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: