អ្នកស្រាវជ្រាវខ្មែរ និងកាណាដា បន្តរកឃើញស្លាកស្នាមបន្ថែមលើខឿនព្រះវិហារខាងកើតបាយ័ន
- ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី យប់

កំណាយខឿនព្រះវិហារពុទ្ធសាសនានៅខាងកើតប្រាសាទបាយ័ន។
សៀមរាប៖ អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យតូរិនតូ ប្រទេសកាណាដា បន្តសហការជាមួយ អ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សានៅលើខឿនព្រះវិហារមួយកន្លែង ដែលស្ថិតនៅខាងកើតប្រាសាទបាយ័ន។

ប្រធានគម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គរ លោក Andrew Harris បានឱ្យដឹងថា នេះ ជាលើកទី៤ ហើយចាប់ពីឆ្នាំ២០១៩មក ដែលស្ថាប័នលោកបានសហការជាមួយ អ្នកជំនាញ ខ្មែរ បន្តធ្វើកំណាយស្រាយវជ្រាវនៅខឿនព្រះវិហារមួយចំនួន ស្ថិតនៅក្នុងបរិវេនប្រាសាទបាយ័ន។ លោកបន្តថា កំណាយនេះធ្វើឡើងក្នុងបំណងស្វែងយល់ពីតួនាទីរបស់ខឿនកាកបាទ និងខឿន ព្រះពុទ្ធសាសនា ជាពិសេសអាយុកាល និងការប្រើប្រាស់របស់វា។
កំណាយនៅពេលនេះ អ្នកស្រាវជ្រាវបានបើករណ្ដៅតូចធំចំនួន៧បន្ថែម នៅលើទីតាំងខឿនព្រះវិហារ ដែលនៅចម្ងាយប្រមាណ១៥០ម៉ែត្រពីប្រាសាទបាយ័ន។ ការសិក្សាស្រាវជ្រាវបន្តនេះ ដើម្បីស្វែងយល់បន្ថែមនូវទិន្នន័យសំខាន់ៗ នៃការតាំងទីរបស់សហគមន៍មនុស្ស ការរៀបចំខឿនព្រះវិហារ ដែលមានសម័យកាលវិវត្តជាបន្តបន្ទាប់ រហូតដល់ពេលលែងមានការប្រើប្រាស់ព្រះវិហារនេះ។

អ្នកស្រាវជ្រាវជនជាតិកាណាដា បានបន្ថែមថា លទ្ធផលស្រាវជ្រាវបានបង្ហាញនូវ ៤ដំណាក់កាលនៃការស្ថាបនា និងកែប្រែរូបរាងទម្រងរបស់ខឿនព្រះវិហារ។ ជាពិសេសក្រុមស្រាវជ្រាវបានកំណាយនៅបរិវេណខាងជើង និងខាងកើត របស់ព្រះវិហារ ដើម្បីសិក្សាអំពីការរស់នៅរបស់បុព្វបុរសសម័យមុនស្ថាបនាព្រះវិហារ រហូតដល់ការ បោះបង់ក្រុងអង្គរ។
បុរាណវិទូអាជ្ញាធរជាតិអប្សរា លោក ឆាយ រចនា បានបង្ហាញក្ដីរីករាយ ក្នុងការចូលរួមសិក្សាលើគម្រោងស្រាវជ្រាវនៅពេលនេះ។ ចំណែកការស្រាវជ្រាវលើកទី៤ ដែលចាប់ផ្តើមពីថ្ងៃទី៥ កុម្ភៈមកនេះ មានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ កំណាយពេលនេះបានប្រទះឃើញបំណែករូបចម្លាក់ព្រះពុទ្ធ បំណែកបដិមាចំនួនធំ រួមនិងកុលាលភាជន៍មួយចំនួនទៀត។ បន្ថែមពីនេះ គេក៏ឃើញខឿនសំណង់ចាស់មួយ ដែលស្ថាបនាមុនការកសាងខឿនកាកបាទ រួមនិងបំណែករូបចម្លាក់ធំចំនួន៦ដុំ ដែលគេមិនទាន់កំណត់អត្តសញ្ញាណនៅឡើយ ដែលកប់ក្នុងគ្រឹះចាស់នោះ។

លោក រចនា បានពន្យល់ពីការកប់រូបបដិមា ក៏ដូចជាពុទ្ធរូបនៅខឿនព្រះវិហារ ដែលចាស់បុរាណ មានជំនឿថា ការប្រតិបត្តិនេះនឹងជួយឱ្យសំណង់ថ្មី និងរូបបដិមាថ្មីស្ថិតនៅខាងលើឱ្យកាន់តែមានឫទ្ធិបារមីខ្លាំងក្លាជាង ឫបន្តបារមីបដិមាចាស់ៗទាំងនោះ។
សូមបញ្ជាក់ថា នេះជាលើកទី៤ហើយដែលសាកលវិទ្យាល័យតូរិនតូ បានសហកាជាមួយអាជ្ញាធរជាតិអប្សរា ស្រាវជ្រាវនៅខឿនព្រះវិហារនេះ។ គម្រោងលើកនេះ គ្រោងនឹងបញ្ចប់ ឬលុបរណ្ដៅកំណាយវិញនៅថ្ងៃទី៨ ខែមីនា។ ប្រធានគម្រោងបញ្ជាក់ថា នេះជាគម្រោងចុងក្រោយដែលស្ថាប័នលោកបានសហការជាមួយអាជ្ញាធរជាតិអប្សរា និងរំពឹងថា នឹងមានកិច្ចសហការថ្មីបន្ថែមនាពេលខាងមុខ៕

ការដ្ឋានកំណាយ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: