រដ្ឋបាលក្រុងសំពៅលូន បកស្រាយថា ទ័ពវៀតណាមនៅកោះទៀវ គឺរុករកអដ្ឋិធាតុទាហាន
  • ថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ ​​ ម៉ោង ១១:២៩ នាទី ព្រឹក
រដ្ឋបាលក្រុងសំពៅលូន បកស្រាយថា ទ័ពវៀតណាមនៅកោះទៀវ គឺរុករកអដ្ឋិធាតុទាហាន
រថយន្តនិងទីតាំងទ័ពវៀតណាមនៅខេត្តកណ្ដាល។ រូបពី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

ភ្នំពេញ៖ រដ្ឋបាលក្រុងសំពៅលូន ខេត្តកណ្ដាល បានអះអាងថា ទ័ពវៀតណាមបោះតង់ នៅលើកោះទៀវ ដើម្បីរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត។ ការបកស្រាយនេះ ធ្វើឡើងក្រោយពីអាជ្ញាធរ ពិនិត្យឃើញមានការចែកចាយព័ត៌មានលើបណ្ដាញសង្គម ថា មានកងទ័ពវៀតណាម បានបោះតង់នៅខេត្តកណ្ដាល ក្នុងបរិវេណសាលាបឋមសិក្សាកោះទៀវ និងវត្តកោះទៀវ នៅភូមិកោះទៀវ សង្កាត់សំពៅលូន ។
TTN-Free-Banner-In-Article-PC
 
ក្នុងសេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលក្រុងសំពៅលូន ចេញផ្សាយថ្ងៃទី៤មីនា បានបញ្ជាក់ថា ទាហានវៀតណាម ដែលចូលមកតំបន់ខាងលើ គឺមានការព្រមព្រៀងគ្នា តាមការអនុវត្តកំណត់ហេតុកិច្ចសហប្រតិបត្តិការ ស្តីពីផែនការបន្តស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២៣ រដូវប្រាំងឆ្នាំ២០២៣-២០២៤ រវាងគណៈប្រតិភូ គណៈកម្មាធិការថ្នាក់ជាតិវៀតណាម និងគណៈប្រតិភូគណៈកម្មាធិការកម្ពុជា។ ការឯកភាពគ្នានេះ បានចុះហត្ថលេខា តាំងពីថ្ងៃទី១១ តុលា ឆ្នាំ២០២៣។ 
 
រដ្ឋបាលក្រុងសំពៅលូន បានបញ្ជាក់យ៉ាងដូច្នេះ៖ «កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល យោធាភូមិភាគពិសេស បានសហការជាមួយក្រុម K90 ភាគីវៀតណាម ចុះស្រាវជ្រាវ រុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានបាត់បង់ជីវិតក្នុងសម័យសង្រ្គាមកន្លងមក នៅភូមិសាស្រ្តក្រុងសំពៅពូន»។ 
 
បើតាមរដ្ឋបាលក្រុងសំពៅលូន ការជីកលើកអដ្ឋិធាតុនេះ ចាប់ផ្តើមពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ កក្កដា ឆ្នាំ២០២៤។ 
 
រដ្ឋបាលក្រុងសំពៅលូន បានពន្យល់ថា ក្រោយពីការបំពេញភារកិច្ចបញ្ចប់ ក្រុម K90 វៀតណាម នឹងចាកចេញពីភូមិសាស្រ្តទឹកដីកម្ពុជា ត្រឡប់ចូលប្រទេសវៀតណាមវិញ តាមច្រកទ្វារអន្តរជាតិជ្រៃធំ។ ដូច្នេះ រដ្ឋបាលក្រុងសំពៅលូន បានអំពាវនាវទៅមហាជន កុំឱ្យមានការភាន់ច្រឡំ៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី