៤ម៉ោង! បេសកកម្មដែលជិតបានសម្រេច នៅរមណីយដ្ឋានបុរេប្រវត្តិភ្នំក្បាលរមាស
- ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤ ម៉ោង ១១:៣៩ នាទី ព្រឹក

កំពត៖ ចេញពីក្រុងកំពតតែ៣០នាទីប៉ុណ្ណោះ ពួកខ្ញុំក៏បានទៅដល់ជើងភ្នំក្បាលរមាស ដែលជារមណីយដ្ឋានបុរេប្រវត្តិសាស្ត្រដ៏យូរលង់មួយ។ ជាភ្នំតូចដែលមានកម្ពស់ត្រឹមជាង៣០ម៉ែត្រក៏ពិតមែន ប៉ុន្តែខ្ញុំ និងក្រុមការងារនៃសារព័ត៌មានឌីជីថលថ្មីៗ បានចំណាយពេលវេលាដល់ទៅជាង៤ម៉ោង ដើម្បីឡើងចុះ និងទស្សនាទិដ្ឋភាពផ្សេងៗនៅរូងភ្នំ ក្នុងនោះក៏មានអ្នកលើក «ទង់ជ័យស»ផងដែរ។

ឡើងភ្នំ! ឡើងភ្នំ! ខ្ញុំប្រុងប្រៀបស្មារតី និងទន្ទេញក្នុងអារម្មណ៍ជាប់ជានិច្ច ក្នុងដំណើរតាមរ៉ឺម៉កកង់បី ជាមួយសហការី៤នាក់ផ្សេងទៀត ឆ្ពោះទៅកាន់ភ្នំក្បាលរមាស ដែលស្ថិតនៅក្នុងឃុំត្រពាំងព្រីង ក្នុងស្រុកទឹកឈូ និងមានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីទីរួមខេត្ត។
ទោះឆ្លងកាត់ផ្លូវបេតុងផង ផ្លូវក្រួសក្រហមផង វាមិនមានឧបសគ្គអ្វីធំដុំនោះឡើយ ហើយខ្ញុំ និងក្រុមការងារបានទៅដល់ជើងភ្នំ ក្រោយចេញដំណើរបានប្រមាណកន្លះម៉ោង។ ជាផ្នែកមួយនៃការផ្សព្វផ្សាយទេសចរណ៍ខេត្តកំពត ដែលសារព័ត៌មានឌីជីថលថ្មីៗ សហការជាមួយរដ្ឋបាលខេត្ត យើងមិនអាចរំលងរមណីយដ្ឋានបុរេប្រវត្តិមួយនេះបានឡើយ។

នាជើងភ្នំ មន្ត្រីមន្ទីរទេសចរណ៍ខេត្ត២នាក់ និងមគ្គទេសក៍នាំភ្ញៀវឡើងភ្នំ៤នាក់ មានវត្តមានរង់ចាំក្រុមការងាររបស់យើងរួចជាស្រេច។ ក្រុមមគ្គទេសក៍អ្នកនាំផ្លូវ ពាក់មួកការពារ និងអាវពណ៌ខ្មៅ ដែលមានអក្សរសរសេរថា «Climbodia»។ បង្កើតឡើងនាអំឡុងឆ្នាំ២០១៣ «ក្លែមបូឌា» គឺជាក្រុមផ្តល់សេវាផ្នែកកីឡាទេសចរណ៍ឡើងជញ្ជាំងភ្នំ នៅតំបន់រូងភ្នំបុរេប្រវត្តិក្បាលរមាសដោយផ្ទាល់។
ក្រោយគំនាប់គ្នារួច ខ្ញុំ និងក្រុមការងារ បានរៀបចំសម្ភារផ្សេងត្រៀមឡើងភ្នំ ដែលមានអាយុកាល ប្រមាណ៥០០០ឆ្នាំមុនគ្រឹស្តសករាជ។ មុនពេលឡើង លោក អោក សីហា ដែលជាអ្នកដឹកនាំក្រុមក្លែមបូឌា បានពន្យល់ប្រាប់យើងពីរបៀបឡើង ទីតាំងត្រូវឡើង និងណែនាំពីឧបករណ៍ការពារខ្លួន មានដូចជាមួកពាក់ការពារក្បាល និងខ្សែក្រវាត់ការពារ ដែលចងភ្ជាប់ដោយខ្សែពួរ។

បេសកកម្មបានចាប់ផ្តើម ដោយក្នុងចំណោមគ្នាយើងទាំង៥រូប មានខ្ញុំតែម្នាក់ប៉ុណ្ណោះ ជាស្ត្រី ហើយក៏ជាទេសចរជាតិដ៏កម្រផងដែរ។ បើតាមមគ្គទេសក៍ឡើងភ្នំ ទោះបីជារមណីយដ្ឋានបុរេប្រវត្តិនេះ នៅជិតទីរួមខេត្តកំពត និងកែបក៏ដោយ ប៉ុន្តែអ្នកដែលនិយមផ្សងព្រេងឡើងទៅកំពូល ភាគច្រើនគឺជនជាតិបរទេស។
មគ្គទេសក៍២នាក់បានឡើងទៅមុន បន្ទាប់មកទើបពួកគាត់ទម្លាក់ខ្សែពួរចុះមកឱ្យមគ្គទេសក៍ម្នាក់ទៀត ចងភ្ជាប់ជាមួយខ្សែក្រវាត់ពួកខ្ញុំ ដើម្បីការពារខ្លួនមុនពេលឡើង។ ខ្ញុំមានអារម្មណ៍ថាភ័យ និងស្ទាក់ស្ទើរចិត្តបន្តិច ដោយយល់ថាវាពិបាក ហើយមានគ្រោះថ្នាក់ និងម្យ៉ាងទៀត វាជាលើកដំបូងរបស់ខ្ញុំផង។

កុំភ័យ! តាំងចិត្ត! មុនពេលចាប់ផ្ដើមឡើង មគ្គទេសក៍បានប្រាប់ខ្ញុំម្ដងទៀតពីរបៀបឡើង ដោយត្រូវប្រើដៃតោងថ្ម ហើយជើងត្រូវជាន់តាមប្រឡោះថ្មម្ដងមួយជំហានៗ និងចង្អុលប្រាប់ផ្លូវផងដែរ។ កម្ពស់ត្រឹម៣០ម៉ែត្រ ខ្ពស់អីប៉ុណ្ណឹង? ប្រាកដណាស់វាមិនខ្ពស់ពេកនោះឡើយ ប៉ុន្តែផ្លូវឡើងរាងចោត ដូច្នេះខ្ញុំត្រូវប្រើកម្លាំងដៃតោងថ្មប្រឹងឡើងតាមដំណាក់ ហើយជើងត្រូវជាន់ថ្មតាមប្រឡោះផងដែរ។ ដោយសារជាលើកទីមួយ សម្រាប់ខ្ញុំ វារៀងពិបាក កន្លែងខ្លះថ្មមិនសូវមានប្រឡោះជ្រៅឱ្យងាយស្រួលតោង ឬជាន់នោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ វាក៏មិនពិបាករហូតដល់ទ្រាំលែងបាននោះដែរ។ សំណាងណាស់ ខ្ញុំពាក់ខោសាច់ក្រណាត់យឺត ដូច្នេះវាមិនធ្វើឱ្យខ្ញុំពិបាកបោះជើងឡើងនោះឡើយ។ ចំណែកឯស្បែកជើង ខ្ញុំពាក់សុទ្ធតែប្រែន New Balance 530 ដែលស្រាល មិនធ្វើឱ្យខ្ញុំពិបាកឡើង។ តែខ្ញុំហប់ និងស្អុះស្អាប់ខ្លួនបន្តិច ដោយសារខ្ញុំពាក់អាវ២ជាន់ ព្រោះខ្លាចខ្មៅស្បែក។ ឆ្លងកាត់បទពិសោធន៍ខ្លួនឯងដូច្នេះ ធ្វើឱ្យដឹងកាន់តែច្បាស់ថា សម្លៀកបំពាក់ និងស្បែកជើងជារឿងសំខាន់សម្រាប់ការឡើងភ្នំ។

ជាង១០នាទីក្រោយមក ខ្ញុំក៏បានឡើងទៅដល់គោលដៅដំបូងកម្ពស់៣៥ម៉ែត្រ ជាមួយមគ្គទេសក៍២នាក់ និងសហការីខ្ញុំម្នាក់ទៀត។ អំឡុងពេលរង់ចាំសហការីផ្សេងទៀត មគ្គទេសក៍ម្នាក់បានសួរខ្ញុំ៖«យ៉ាងម៉េចដែរ? ពិបាកអត់?» ឮដូច្នេះមគ្គទេសក៍ម្នាក់ទៀតក៏ឆ្លើយភ្លាម «អត់ដែលឡើងអ៊ីចឹងដឹងតែពិបាកហើយ» គាត់សើច ហើយខ្ញុំក៏សើច ដោយបន្តថា៖«ពិបាកបង ខ្ញុំមិនដែលឡើងភ្នំអ៊ីចឹងផង»។
យេ! មកដល់ត្រឹមនេះ ខ្ញុំលែងមានអារម្មណ៍ថាភ័យខ្លាំងដូចពេលចាប់ផ្តើមឡើងហើយ ផ្ទុយទៅវិញ ខ្ញុំសប្បាយចិត្តដែលខ្លួនឯងអាចឡើងមកដល់ទីនេះ។ ជាអ្នកសារព័ត៌មាន ខ្ញុំ និងសហការីក៏មិនភ្លេចផ្តិត ទិដ្ឋភាពទាំងរូបភាព និងវីដេអូ អំពីទស្សនីយភាពទេសភាពធម្មជាតិនោះឡើយ។

ភ្នំក្បាលរមាស ជាទីតាំងទស្សនាទេសភាពខេត្តកំពត និងកែបពីទីខ្ពស់ដ៏ល្អបំផុត ព្រោះយើងអាចមើលឃើញភ្នំបូកគោ កោះត្រល់ ស្រែអំបិល ឆ្នេរកែប និងទេសភាពវាលស្រែចម្ការដ៏ខៀវស្រងាត់។ អង្គុយគយគន់សម្រស់ធម្មជាតិ និងស្រូបខ្យល់បរិសុទ្ធបានបន្តិចក្រុមការងារក៏បានឡើងមកដល់។
«Good Job ឬ ធ្វើបានល្អ»។ នេះជាសម្ដីលើកទឹកចិត្តរបស់មគ្គទេសក៍និយាយមកកាន់ក្រុមការងារសារព័ត៌មានថ្មីៗ នៅពេលពួកយើងឡើងមកដល់ជុំគ្នា។ បន្ទាប់ពីជុំគ្នាអស់ហើយ យើងក៏បន្តដើរតាមជ្រលងភ្នំចម្ងាយជាង២០ម៉ែត្រទៀត ទើបដល់គោលដៅសំរូតខ្លួនចុះក្រោមវិញ។ មគ្គទេសក៍បានពន្យល់ប្រាប់ក្រុមយើងបន្ថែមពីរបៀបថ្ពក់ឧបករណ៍ការពារខ្លួនជាមួយខ្សែកាប ដែលគេព័ទ្ធតាមជ្រលងភ្នំ ដើម្បីរក្សាសុវត្ថិភាព។ ចាប់ពីកន្លែងនេះទៅ យើងលែងតោងថ្មភ្នំឡើងទៀតហើយ ប៉ុន្តែត្រូវដើរចំហៀងតាមជម្រាលភ្នំពីឆ្វេងទៅស្ដាំវិញ។

បេសកកម្មហាក់ដូចពិបាកជាងមុនបន្តិច ព្រោះថ្មតាមជម្រាលភ្នំមិនសូវមានប្រឡោះឱ្យខ្ញុំងាយស្រួលជាន់ និងមិនសូវមានកន្លែងតោងច្រើននោះឡើយ។ មួយវិញទៀតយើងត្រូវបន្តថ្ពក់ខ្សែការពារពីមួយកន្លែងទៅមួយកន្លែង និងព្យាយាមដើរយឺតៗ។
ចម្ងាយត្រឹមជាង២០ម៉ែត្រប៉ុណ្ណោះ តែខ្ញុំប្រើពេលដើរជាង២០នាទី ដោយសារផ្លូវដើរថ្មខ្លះធំ ថ្មខ្លះតូច ធ្វើឱ្យខ្ញុំពិបាកជាន់ និងតោង។ ដើរតាមជ្រលងភ្នំបែបនេះ ខ្ញុំត្រូវប្រយ័ត្នជាងមុនទៅទៀត ព្រោះខ្លាចរអិលជើង និងរបូតដៃជាដើម។ មគ្គទេសក៍ដែលដើរខាងក្រោយព្យាយាមនិយាយលេងសើច ហើយសួរនាំខ្ញុំ និងក្រុមការងាររហូត «យ៉ាងម៉េចដែរ? សប្បាយទេ? ដើរមួយៗ ធ្វើអារម្មណ៍ឱ្យសប្បាយៗ»។ ខ្ញុំ និងសហការីក៏មិនទុកសំណួរគាត់ចោលឡើយ តែងឆ្លើយទៅវិញជារឿយ៖«សប្បាយណាស់បង!»។

និយាយគ្នាបណ្ដើរ ដើរបណ្ដើរ យើងក៏ទៅបានដល់ទីតាំងសម្រូតខ្លួនតាមខ្សែពួរចុះទៅក្រោមវិញ។ យើងត្រូវសម្រូតខ្លួនចុះតាមរូងភ្នំ ដោយប្រើខ្សែពួរ២ខ្សែចងភ្ជាប់ជាមួយខ្លួនចុះមកក្រោម ដៃត្រូវទាញខ្សែសម្រូតចុះម្ដងបន្តិច ហើយជើងត្រូវធាក់រូងភ្នំដើម្បីទប់លំនឹង និងការពារខ្លួនកុំឱ្យប៉ះជាមួយថ្ម។ សម្រាប់ខ្ញុំមានអារម្មណ៍ថាភ័យនៅពេលចុះមកដំបូង ប៉ុន្តែបន្ទាប់ពីចុះមកបានពាក់កណ្ដាលក៏សប្បាយវិញ។
ឡើងភ្នំលើកដំបូងនេះ ជាបទពិសោធន៍ថ្មីប្លែកដ៏ល្អបំផុតសម្រាប់ខ្ញុំ ព្រោះបានឆ្លងកាត់ជាច្រើនដំណាក់កាល ហើយធ្វើឱ្យខ្ញុំអាចវាស់ស្ទង់សមត្ថភាពខ្លួនឯង មានសេចក្ដីក្លាហាន និងភាពអត់ធ្មត់ជាងមុន ចំណែកឯអារម្មណ៍ស្មុគស្មាញនានា ក៏រសាត់ទៅបាត់ផងដែរ។

ក្រោយឡើងភ្នំ ខ្ញុំ និងក្រុមការងារ បន្តសកម្មភាពចូលទៅទស្សនារូងភ្នំក្បាលរមាស។ ដោយសារជាទីតាំងដែលអ្នកស្រុកមានជំនឿ នៅពេលចូលទៅដល់ខ្ញុំបានឃើញទីសក្ការ២កន្លែង ដែលមានព្រះពុទ្ធរូប១អង្គក្នុងមួយកន្លែង និងគ្រឿងសក្ការផ្សេងៗ។ ខ្ញុំឃើញមគ្គទេសក៍លើកដៃសំពះ ខ្ញុំក៏ធ្វើតាមគាត់ដោយនិយាយក្នុងចិត្តថា៖«សូមកូនចៅសុខសប្បាយ»។ បន្ទាប់មកមគ្គទេសក៍នាំខ្ញុំទៅមើលសំណល់ថ្មប្រាសាទនាងសេដាឱន ដែលបានបាក់បែកខូចខាតតាំងពីសម័យសង្រ្គាម។
«ភ្នំនាងសេដាឱន» ក៏ជាឈ្មោះដែលអ្នកស្រុកទម្លាប់ហៅជំនួស «ភ្នំក្បាលរមាស» ផងដែរ។ ពុំមានប្រវត្តិពិស្តារអំពីប្រាសាទភ្នំនាងសេដាឱននោះឡើយ ប៉ុន្តែការសិក្សាមួយបង្ហាញថា ការកំណត់ហៅនេះ គឺមានដតំណាលតៗគ្នាទាក់ទងនឹងរឿង «រាមកេរ្តិ៍»។

មគ្គទេសក៍បន្តនាំខ្ញុំ និងក្រុមការងារ ទៅទស្សនារូងភ្នំផែ្នកខាងក្នុង ដែលមានថ្មរូបរាងដូចជាសត្វស្វា និងដំរី ហើយថ្មខ្លះទៀតមានសភាពភ្លឺផ្លេកទៀតផង។ តាមការលើកឡើងរបស់មគ្គទេសក៍ ទីតាំងភ្នំនេះទំនងធ្លាប់ជាតំបន់សមុទ្រ ព្រោះថ្មភ្លឺដូចខ្សាច់សមុទ្រ ហើយក៏ឃើញមានសំណល់សំបកខ្យង និងសំបកគ្រឿងសមុទ្រផ្សេងៗនៅជាប់ថ្មភ្នំផងដែរ។ មួយវិញទៀត ខ្ញុំចាប់អារម្មណ៍ថានៅក្នុងរូងភ្នំ ទោះបីងងឹតឈឹង បិទជិតគ្មានប្រឡោះ ប៉ុន្តែត្រជាក់ និងមិនហប់ទៅវិញ។
បន្ទាប់ពីចេញមកវិញ ខ្ញុំបានសាកល្បងឡើងជញ្ជាំងភ្នំ ដែលជាសកម្មភាពកីឡាចុងក្រោយនៅទីតាំងភ្នំក្បាលរមាសនោះ។ មានមោទកភាពដែលគេមើលឃើញថា ជាស្រ្តីដែលក្លាហានជាងគេក្នុងចំណោមសហការីបុរស៤នាក់ទៀតដែលទៅជាមួយខ្ញុំ។ មគ្គទេសក៍បន្តចងភ្ជាប់ខ្សែពួរជាមួយខ្លួនខ្ញុំដដែល ប៉ុន្តែពេលឡើងខ្ញុំត្រូវរកប្រឡោះជញ្ជាំងភ្នំតោងឡើងដោយប្រើកម្លាំងខ្លួនឯងសុទ្ធសាធ។ សំឡេងមគ្គទេសក៍ស្រែកប្រាប់ខ្ញុំពីខាងក្រោម៖«រកប្រឡោះតោង ហើយប្រឡោះជាន់ប្រឹងឡើងទៅ»។ ខ្ញុំឆ្លើយតបដោយអារម្មណ៍ភ័យបន្តិចថា៖«អត់មានកន្លែងតោងទេបង ធ្វើម៉េចទៅ?»។ ក្រុមការងារទំនងជាចង់ធ្វើបាបខ្ញុំ ទើបឆ្លើយទាំងសើចមកស្រុះគ្នាថា៖«អត់ដឹងទេ ឡើងអត់ដល់ ចុះមកវិញអត់កើតទេ»។

យ៉ាងណាខ្ញុំព្យាយាមឡើងបានត្រឹមពាក់កណ្ដាលគោលដៅប៉ុណ្ណោះ កម្ពស់ជាង១០ម៉ែត្រ ក៏សម្រេចចិត្តបោះបង់ ហើយស្រែកឱ្យមគ្គទេសក៍ជួយសម្រូតខ្លួនខ្ញុំចុះមកក្រោមវិញ ដោយសារគ្មានកម្លាំង និងស្ថានភាពពិបាកពេក។ បើនិយាយពីស្ថានភាពកន្លែងឡើងជញ្ជាំងនេះ គឺជញ្ជាំងមានប្រឡោះថ្មតូចៗ ពិបាកតោង និងមិនមានកន្លែងជាន់ច្រើននោះឡើយ។ វាជាដំណាក់កាលពិបាកជាងគេនៅទីតាំងនោះ។ សម្រាប់ខ្ញុំគិតថា នេះជាលើកដំបូងរបស់ខ្ញុំ ប៉ុន្តែមិនមែនជាលើកចុងក្រោយរបស់ខ្ញុំឡើយ បើសិនជាមានឱកាសខ្ញុំនឹងទៅឡើងម្ដងទៀតឱ្យដល់គោលដៅ ដូចជាគេតែងនិយាយភាសាអង់គ្លេសថា «Come Back Stronger»។
ទោះបីជាយ៉ាងណាក៏ក្នុងបេសកកម្មជាង៤ម៉ោងនេះ ខ្ញុំហ៊ានដាក់ចំណាត់ថ្នាក់លេខ១ឱ្យខ្លួនឯង ពីព្រោះសហការី៤នាក់ផ្សេងទៀតដែលសុទ្ធតែជាបុរស គឺ សុផាត, ចំណា, ចន្ថា និងភារៈ មិនបានព្យាយាមសាកល្បងឡើងជញ្ជាំងភ្នំ ដំណាក់កាលចុងក្រោយដូចខ្ញុំឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com
Tag: