វិសាខា ដកខ្លួនពីប្រកួតសេសសល់ក្នុងរដូវកាលពានរង្វាន់លីគ CPL និងពានសម្តេច ហ៊ុន សែន
- ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៥:៥៨ នាទី ល្ងាច

ក្លិបបាល់ទាត់វិសាខា បានប្រកាសដកខ្លួនចេញពីការប្រកួតសេសសល់ នៅក្នុងរដូវកាល ២០២៣-២៤ ទាំងនៅក្នុងពានរង្វាន់លីគលីគកំពូល ខេមបូឌាន ព្រីមៀរលីគ (Cambodian Premier League) និងពានរង្វាន់សម្តេចអគ្គមហារសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧។

«ក្លិបបាល់ទាត់វិសាខា សូមប្រកាសជាសាធារណៈ អំពីការសម្រេចចិត្តដកខ្លួនចេញពីគ្រប់ការប្រកួតទាំងអស់ ដែលរៀបចំដោយក្រុមហ៊ុន ខេមបូឌាន ព្រីមៀរលីគ រដូវកាល ២០២៣-២៤ គិតចាប់ពីសប្តាហ៍ទី២៤ តទៅ។»។ នេះបើតាមសេចក្តីប្រកាសនៅលើហ្វេសបុកផ្លូវការរបស់ក្លិប វិសាខា។
ក្រោយបង្ហោះមិនបាន ៣០នាទីផង ក្រុមជើងខ្លាំងមួយនេះ ក៏បង្ហោះសារថ្មីមួយបន្ថែមទៀត ថាក្លិប ក៏បានសម្រេចចិត្តដកខ្លួនចេញពីពានរង្វាន់មួយបន្ថែមទៀត គឺពានរង្វាន់ Hun Sen Cup លើកទី១៧ ថ្នាក់ជាតិ។

ការសម្រេចចិត្តដកខ្លួនចេញនេះ មិនមានការបញ្ជាក់ពីមូលហេតុច្បាស់លាស់ណាមួយឡើយ ពីសំណាក់ក្លិបបាល់ទាត់វិសាខា ព្រមទាំងភាគីដែលពាក់ព័ន្ធ។
គិតត្រឹមសប្តាហ៍ទី២៣ នៃក្របខណ្ឌ CPL ក្លិប វិសាខា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ឈរពីក្រោមក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ៥៩ពិន្ទុ មានគម្លាតឆ្ងាយគ្នាដល់ ២១ពិន្ទុ និងឈរពីក្រោមក្រុមភ្នំពេញក្រោន ចំណាត់ថ្នាក់លេខ ២ មាន ៥២ពិន្ទុ មានគម្លាតពីគ្នា ១០ពិន្ទុ។
កាលពីពេលថ្មីនេះ វិសាខា ទើបតែបញ្ចប់ការប្រកួតស្មើ ២-២ ទល់នឹងក្រុមភ្នំពេញក្រោន ក្នុងជំនួបពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៧ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទីមួយ៕


© រក្សាសិទ្ធិដោយ thmeythmey.com
Tag: