Bellingham ថាអាជ្ញាកណ្តាលដាក់ពិន័យខ្លួន ដើម្បីគំរាមកីឡាករដទៃ
- ថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៣:៤០ នាទី រសៀល

Jude Bellingham ខ្សែបម្រើក្រុម Real Madrid ប្រត្តិកម្មចំពោះការដាក់ពិន័យ ២ប្រកួត ក្នុងក្របខណ្ឌ La Liga។ កីឡាករសញ្ជាតិអង់គ្លេស ចាត់ទុកការដាក់ពិន័យនេះហាក់ដូចជារឿងដ៏គួរឱ្យអស់សំណើច ហើយថែមទាំងអះអាងថាព្រោះតែខ្លួនជាកីឡាករចំណូលថ្មីនៅក្នុងលីគអេស្ប៉ាញ ទើបក្រុមអាជ្ញាកណ្តាលយកធ្វើជាឧទាហរណ៍ដើម្បីគំរាមកីឡាករដទៃទៀត។

កីឡាករវ័យ ២០ឆ្នាំ រង់ពិន័យ ២ប្រកួត ពីសំណាក់គណៈកម្មាធិការវិន័យក្របខណ្ឌ La Liga បន្ទាប់គេទទួលបានកាត់ក្រហមនៅក្នុងការប្រកួតស្មើ ២-២ ទល់នឹងក្រុម Valencia កាលពីសប្តាហ៍មុន ចំពោះការតវ៉ាទាមទារគ្រាប់បាល់បញ្ចូលទីក្រោយពេលអាជ្ញាកណ្តាលការប្រកួតបានផ្លុំបញ្ចែបញ្ចប់ការប្រកួតជាមុន។
Bellingham បានប្រើអាកប្បកិរិយាមិនសមរម្យលើអាជ្ញាកណ្តាល និងនិយាយដោយប្រើពាក្យមិនសមរម្យ«It’s F…ing Goals» ដដែលៗសំដៅទាមទារគ្រាប់បាល់ជ័យជម្នះពីអាជ្ញាកណ្តាល។
«វាពិតជាពិបាកក្នុងការនិយាយ ព្រោះថាពាក្យបណ្តឹងឧទ្ធរណ៍កំពុងតែដំណើរការ។ អ្វីដែលខ្ញុំអាចនិយាយបានគឺរឿងដែលកើតឡើង ជាមួយនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាលដែលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ ខ្ញុំមិនបាននិយាយប្រមាថ ពេលខ្លះខ្ញុំអារម្មណ៍ដូចជាអ្នកចំណូលថ្មី សម្រាប់ពួកគេយកធ្វើជាគំរូ។ ខ្ញុំត្រូវទទួលខុសត្រូវចំពោះទង្វើរខ្ញុំ ហើយខ្ញុំគិតថារឿងនេះគួរឱ្យអស់សំណើចបន្តិចដែរ។»។ Bellingham បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ Movistar បែបនេះ។
បម្រាម ២ប្រកួត នឹងត្រូវបានគេមើលឃើញថា កីឡាករអន្តរជាតិអង់គ្លេស ត្រូវខកខានការប្រកួតរបស់ Real Madrid ក្នុងសប្តាហ៍នេះទល់នឹងក្រុម Celta Vigo និង Osasuna នៅថ្ងៃទី១៦ ខែមីនា។
កាលពីថ្ងៃទី៦ ខែមីនា កីឡាករវ័យ ២០ឆ្នាំ បានចូលលេងក្នុងជំនួប Real Madrid ស្មើដោយលទ្ធផល ១-១ ទល់នឹងក្រុម RB Leipzig ហើយខ្សែបម្រើបានបញ្ជូនបាល់យ៉ាងល្អទៅកាន់មិត្តរួមក្រុម Vinicius Jr ដើម្បីស៊ុតបញ្ចូលទី និងរក្សាបានកៅអីទៅវគ្គ ១/៤ ចុងក្រោយ នៃពានរង្វាន់ UEFA Champions League៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: