អតីតប្រធានាធិបតីប៉ាគីស្ថាន លោក Zardari ឡើងកាន់តំណែងក្នុងអាណត្តិទីពីរ
- ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ ម៉ោង ២:៤០ នាទី រសៀល

អតីតប្រធានាធីបតីប៉ាគីស្ថាន លោក Asif Ali Zardari ឈ្នះការបោះឆ្នោតមេដឹកនាំប្រទេស សម្រាប់អាណត្តិទី២ នៅថ្ងៃទី៩ ខែមីនាដែលត្រូវបានគាំទ្រដោយសម្ព័ន្ធកំពុងកាន់អំណាច ក្នុងការបោះឆ្នោតដោយសភា និងសន្និបាតប្រចាំតំបន់។ នេះបើយោងតាមមន្ត្រីរៀបចំការ បោះឆ្នោត លោក Justice Amir Farooq។

សេចក្ដីថ្លែងការមួយរបស់សភាប្រកាសថា លោក Zardari ទទួលបានសំឡេងឆ្នោត ៤១១ សំឡេង វ៉ាដាច់មេដឹកនាំជាតិនិយម លោក Mehmood Khan Achakzai ដែលទទួល បានត្រឹមតែ ១៨១ សំឡេងប៉ុណ្ណោះ។ លោក Achakzai ត្រូវបានគាំទ្រដោយគណបក្សរបស់មេដឹកនាំជាប់ពន្ធនាគារ Imran Khan ។
ប្រធានាធិបតីត្រូវបានជ្រើសរើសដោយការបោះឆ្នោតនៅក្នុងសភាជាន់ទាប និងជាន់ខ្ពស់ និងសភានីតិបញ្ញត្តិខេត្តចំនួនបួន។
យោងតាមសេក្ដីប្រកាសរបស់មន្ត្រីរៀបចំការបោះឆ្នោតប៉ាគីស្ថាន លោក Farooq អំពី លទ្ធផលបោះឆ្នោតតាមរយៈការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ លោក Zardari ត្រូវបាន ជ្រើសរើសជាប្រធានាធិបតី និងព្រមទាំងជាមេបញ្ជាការកំពូលនៃកងកម្លាំងយោធា ប្រទេស ផងដែរ ដែលនឹងអនុញ្ញាតឱ្យលោកបង្រួបបង្រួម ឬបំបែកជួររដ្ឋាភិបាលឡើងវិញ។
លោក Zardari ត្រូវបានស្គាល់ជា បុគ្គលឆ្នើមក្នុងការស្ដារទំនាក់ទំនងឱ្យល្អប្រសើរ ដែល នឹងជួយដល់សមាជិកសម្ព័ន្ធគ្រប់គ្រងទទួលបានការឯកភាពគ្នាដោយគ្មានជំទាស់ ដើម្បីកែ តម្រូវសេដ្ឋកិច្ចដែលកំពុងទន់ខ្សោយដោយការត្រួសត្រាយផ្លូវ និងស្វែងរកជំនួយពីមូលនិធិ រូបិយវត្ថុអន្តរជាតិ (IMF)។
Zardari គឺជាស្វាមីរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកស្រី Benazir Bhutto ដែល លោកទទួលបានឋានៈនយោបាយបន្ទាប់ពីការស្លាប់របស់ភរិយារបស់លោកក្នុងការ ធ្វើឃាតដោយការបំផ្ទុះគ្រាប់បែកក្នុងខែធ្នូឆ្នាំ ២០០៧។ លោកបានបន្តកាន់កាប់គណបក្សប្រជាជនប៉ាគីស្ថាន (PPP) ស្របតាមបំណងប្រាថ្នាដែលបានបង្ហាញនៅក្នុងឆន្ទៈរបស់ លោកស្រី Bhutto។
ចាប់ពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០៤ លោកត្រូវបានជាប់ពន្ធនគារ ១១ ឆ្នាំពីបទចោទប្រកាន់អំពើពុករលួយ ដែលមិនដែលមានភស្តុតាងនៅក្នុងតុលាការណាមួយឡើយ ។ ក្រោយមកលោកបានក្លាយជាប្រធានាធិបតីក្នុងឆ្នាំ ២០០៨ និងបានបម្រើការរហូតដល់ឆ្នាំ ២០១៣ ដែលជារយៈពេលដែលកងកម្លាំងពិសេសរបស់អាម៉េរិកបានវាយឆ្មក់នៅក្នុងប៉ាគីស្ថាន និងបានរកឃើញ ហើយសម្លាប់ លោក Osama bin Laden នៅក្នុងឆ្នាំ ២០១១។
ស្នាដៃដ៏សំខាន់របស់លោក Zardari គឺអំឡុងអាណត្តិដំបូងរបស់លោកដែលលោក សម្រេចបានការព្រមព្រៀងនយោបាយដ៏កម្រមួយក្នុងការដាក់ចេញប្រើប្រាសនៃច្បាប់ និង ក្របខ័ណ្ឌថ្មីមួយដើម្បីធ្វើវិមជ្ឈការអំណាច និងទប់ស្កាត់អំណាចប្រធានាធិបតី ដែលកាន់ដោយអតីតមេដឹកនាំយោធា៕
© រក្សាសិទ្ធិដោយ thmeythmey.com