ខាតធនធានកីឡាករជម្រើសជាតិ បើវិសាខា មិនចូលប្រកួតលីគ និងពានសម្ដេច
- ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៥:១៩ នាទី ល្ងាច

សកម្មភាពហ្វឹកហាត់របស់កីឡាករក្រុមជម្រើសជាតិ រូបពីសហព័ន្ធបាល់ទាត់កម្ពុជា
វិសាខា មានកីឡាករ ៣រូបប៉ុណ្ណោះចូលរួមក្នុងក្រុមជម្រើសជាតិ សម្រាប់ការប្រកួត FIFA Series នៅអារ៉ាប៊ីសាអូឌីត នាថ្ងៃទី២២-២៦ ខែមីនា ឆ្នាំ២០២៤ ។ នេះជាចំនួនតិចជាងរាល់លើក ដែលមានចន្លោះពី៥នាក់ឡើងទៅ។ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា យល់ឃើញថា នេះជាការខាតបង់ធំបំផុតសម្រាប់ធនធានកីឡាករជម្រើសជាតិ ប្រសិនវិសាខា មិនចូលរួមប្រកួតលីគ និងពានសម្ដេច។

នាថ្ងៃទី១៣ ខែមីនា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញសមាសភាពកីឡាករចំនួន ២៣រូប ចូលរួមប្រកួត FIFA Series នៅអារ៉ាប៊ីសាអូឌីត ជាមួយក្រុមជម្រើសជាតិ ហ្គីណេអេក្វាទ័រ មកពីទ្វីបអាហ្វ្រិក និងក្រុមជម្រើសជាតិហ្គីយ៉ាន មកពីអាហ្វ្រិកខាងត្បូង។
ដោយឡែក សម្រាប់ព្រឹត្តិការណ៍នេះ វិសាខា មានកីឡាករ ត្រឹមតែ៣នាក់ប៉ុណ្ណោះ ត្រូវបានជ្រើសរើសចូលជាក្រុមជម្រើសជាតិ។ នេះខុសប្លែកពីរាល់លើក ដែលវិសាខា មានកីឡាករច្រើនជាងនេះ។
សហព័ន្ធបាល់ទាត់កម្ពុជា បានព្យាយាមសម្រុះសម្រួល ដើម្បីឲ្យវិសាខា ត្រឡប់មកចូលរួមប្រកួតលីគ និងពានសម្ដេច ហ៊ុន សែន សារជាថ្មី។ ជាការឆ្លើយតប ក្លិបវិសាខា ក៏បានបើកភ្លើងខៀវក្នុងការវិលត្រឡប់មកវិញដែរ ប៉ុន្ដែសម្រាប់រដូវកាលក្រោយ ក្លិបនេះ នឹងពិចារណាម្ដងទៀត ក្នុងការចូលរួម ឬក៏អត់។ នេះបើតាមការបញ្ជាក់របស់ កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លិបវិសាខា បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។
លោក កែវ សារ៉េត យល់ថាប្រសិនជាវិសាខា ប្រកាន់ភ្ជាប់មិនប្រកួតលីគ នឹងធ្វើឲ្យកីឡាករ បាត់បង់គុណភាព ព្រោះអ្នកទាំងនោះ ត្រូវការប្រកួតជាក់ស្ដែងលើទីលាន ដើម្បីឲ្យសមត្ថភាពកើនឡើង។
«ជាការខាតបង់ធំ ប្រសិនជាគេទុកកីឡាករ មានសមត្ថភាពច្រើន ព្រោះនឹងធ្លាក់គុណភាពតាមនឹង។ កីឡាករ ហ្វឹកហាត់ ហើយត្រូវការប្រកួត ទើបខ្លាំង។ បើវិសាខា មិនវិលត្រឡប់មកវិញ គឺជាការខ្ជះខ្ជាយមួយសម្រាប់ធនធានជម្រើសជាតិយើង។ យើង ចង់បានវិសាខាត្រឡប់ចូលលេងវិញ។ សហព័ន្ធបាល់ទាត់ និងគ្រួសារបាល់ទាត់កម្ពុជា ស្វាគមន៍ជានិច្ច ការវិលត្រឡប់មកវិញរបស់វិសាខា។»។ លោក កែវ សារ៉េត បាននិយាយដូច្នេះ។
ដោយឡែក សមាសភាពកីឡាករ ២៣រូប ដែលត្រូវចូលរួមប្រកួតក្នុង FIFA Series មានដូចជា៖
ក្លិបវិសាខា ៣នាក់៖ ហ៊ុល គឹមហ៊ុយ, ស៊ិន សុផាណាត់ និង ស រតនា
ក្លិបភ្នំពេញក្រោន ៥នាក់៖ អ៊ុំ វិចិត្រ, ផាច សុជាវីឡា, យ៉ើ ម៉ូស្លីម, យូឌៃ អូកាវ៉ា និង លឹម ពិសុទ្ធ
ក្លិបព្រះខ័នរាជស្វាយរៀង ៧នាក់៖ វីរៈ ដារ៉ា, សឿយ វិសាល, សារ៉េត គ្រីយ៉ា, ធារី ចន្ថាប៊ីន, ថេឡរ នីកូឡាស់ ឌឿង, គួច ដានី និង មិន រតនៈ
ក្លិបណាហ្គាវើលដ៍ ២នាក់៖ ជា ច័ន្ទដារ៉ា និង សុះ ស៊ូហាណា
ក្លិបអាយ អេស អាយ ដង្កោសែនជ័យ ១នាក់៖ កែម វ៉ាន់ដា
ក្លិបខេត្តព្រៃវែង ២នាក់៖ គង់ លីហួរ និង ផាន សុផេន
ក្លិបទ័ព្ធ ១នាក់៖ ញាណ សុស៊ីដាន
ក្លិបបឹងកេត ២នាក់៖ សៀង ចន្ធា និង ម៉ាត់ នូរុណ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: