Arsenal ឡើងវគ្គ៨ក្រុម UCL លើកដំបូង ក្រោយរង់ចាំ១៤ឆ្នាំ
  • ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ​​ ម៉ោង ៩:១៥ នាទី ព្រឹក
Arsenal ឡើងវគ្គ៨ក្រុម UCL លើកដំបូង ក្រោយរង់ចាំ១៤ឆ្នាំ

Arsenal ឡើងវគ្គ៨ក្រុមចុងក្រោយ UEFA Champions League លើកដំបូងក្រោយខកខាន ១៤ឆ្នាំ តាមរយៈការទម្លាក់ FC Porto ដោយបាល់កាត់សេចក្តី១១ម៉ែត្រក្នុងលទ្ធផល ៤-២។ Barcelona បានយកឈ្នះ Napoli ក្នុងលទ្ធផលទាំងពីរជើង ៤-២ បានកៅអីវគ្គ៨ក្រុមលើកដំបូង ក្នុងរយៈពេល៤ឆ្នាំ។
TTN-Free-Banner-In-Article-PC


ក្នុងជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយ នៅកីឡដ្ឋាន Emirates រាត្រីថ្ងៃទី១២ ខែមីនា Leandro Trossard ជាអ្នកសម្រេចទីគ្រាប់ជ័យជម្នះដើម្បីជួយ Arsenal ឈ្នះ Porto ១-០។ ដោយជើងទី១ ក្រុមពីព័រទុយហ្កាល់ ឈ្នះក្រុមអង់គ្លេស ១-០ (សរុបទាំងពីរជើង ១-១) តម្រូវឱ្យក្រុមទាំងពីរ ថែមម៉ោង ១៥នាទីពីរដង។ ៣០នាទីក្នុងម៉ោងបន្ថែម ក្រុមទាំពីរនៅតែមិនអាចរកគ្រាប់បាល់បាន ទើបឈានដល់វគ្គកាត់ក្តីប៉េណាល់ទី ដោយ Arsenal ឈ្នះ Porto ៤-២។
 
ក្រោមការដឹកនាំដ៏លេចធ្លោរបស់អ្នកចាត់ការទូទៅ Mikel Arteta ទីបំផុតកាំភ្លើងធំ អាចបង្ហាញមុខក្នុងក្របខណ្ឌអឺរ៉ុបវគ្គ៨ក្រុមចុងក្រោយលើកដំបូង ក្រោយរង់ចាំ១៤ឆ្នាំ។ Arsenal ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ចំនួន៧លើកជាប់គ្នា។
  


ដោយឡែក Barcelona ក៏បានឈានទៅវគ្គ៨ក្រុមផងដែរ ក្រោយឈ្នះ Napoli នៅជើងទី២ វគ្គ១៦ក្រុម ៣-១ និងសរុបទាំងពីរជើង ៤-២។ នេះជាលើកទី១ សម្រាប់ក្រុមរហស្សនាមអ្នកមានបុណ្យ សម្រាប់កៅអី៨ក្រុមចុងក្រោយ Champions League ក្រោយខកខាន៤ឆ្នាំជាប់គ្នា។
 
គិតត្រឹមពេលនេះ គេបានរកឃើញ៦ក្រុមហើយ បានកៅអីវគ្គ១/៤ផ្តាច់ព្រ័ត្រ ក្នុងនោះរួមមាន ម្ចាស់ការពារតំណែងជើងឯក Man City, Bayern Munich, Real Madrid, PSG, Barca និង Arsenal៕
 

អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​