សិស្ស៤នាក់នៅវិទ្យាល័យបច្ចេកទេសជម្ពូវ័ន ច្នៃកូនឡានជូតសម្អាតវត្ថុ និងទីកខ្វក់
- ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៨:៥៩ នាទី ព្រឹក

យុវជន លី ហុងមាន, យុវជន និត សុវណ្ណរ័ត្ន, យុវជន ទួន សុខរក្សា និងយុវជន ស៊ីដាសុខលាភ ដែលជាសិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័នបានរួមគ្នាបង្កើតកូនឡានឆ្លាតវៃ ដែលអាចជូតសម្អាតរបស់កខ្វក់បាន។ យុវជន លី ហុងមានប្រធានក្រុម បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗឱ្យដឹងថា ការបង្កើតកូនឡានឆ្លាតវៃនេះដើម្បីសម្រួលដល់ការសម្អាតនៅកណ្ដាលតូចចង្អៀត ជាពិសេសជួយសម្រួលការលំបាករបស់មនុស្សចាស់ផងដែរ។

កូនឡាននេះ ប្រើថ្ម និងបញ្ជតាមកម្មវិធីទូរសព្ទដៃ។
បើតាមប្រធានក្រុម លី ហុងមាន ការកែច្នៃកូនឡាននេះ បានប្រើរយៈពេល៥ខែរាប់ចាប់តាំងពីពេលធ្វើគម្រោង។ សម្រាប់ការបង្កើតកូនឡាននេះ ក៏មានលំបាកមួយចំនួនផងដែរ។
ចំណែកយុវជន និត សុវណ្ណរ័ត្ន ដែលជាសមាជិកក្រុម បានលើកឡើងថាឡាននេះ ចំណាយថវិកាប្រមាណ ៣០ដុល្លារ ក្នុងការទិញគ្រឿងបង្គុំផ្សេងៗ។
ក្រោយបង្កើតកូនឡាន ដែលអាចជូតសម្អាតរបស់កខ្វក់បាន យុវជន និត សុវណ្ណរ័ត្ននិងមិត្តរួមក្រុម ក៏មានគម្រោងបង្កើតកូនឡាននេះលក់លើទីផ្សារផងដែរ។ «មុនដំបូងខ្ញុំមិននឹកស្មានថាពួកខ្ញុំ អាចធ្វើបានដែរ ព្រោះពិបាកក្នុងការរកគ្រឿងបង្គុំនិងត្រូវចំណាយពេលសរសេរកូដទៀត»។ នេះជាការលើកឡើងរបស់យុវជន និត សុវណ្ណរ័ត្ន។
យុវជន និត សុវណ្ណរ័ត្ន និងមិត្តរួមក្រុម សុទ្ធតែជាសិស្សរៀនជំនាញអេឡិចត្រូនិក នៅក្នុងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន។ មូលហេតុដែលជំរុញឱ្យយុវជន និត សុវណ្ណរ័ត្ន ចាប់អារម្មណ៍លើជំនាញនេះ ដោយយល់ថា ការសិក្សាពីអេឡិចត្រូនិក អាចជួយដល់អ្នកសិក្សាផ្ទាល់ និងសង្គមជាតិនាពេលខាងមុខ។
ជាមួយគ្នានេះ យុវសិស្សវ័យ ១៦ឆ្នាំ និត សុវណ្ណរ័ត្ន បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលចាប់អារម្មណ៍លើជំនាញអេឡិចត្រូនិក អាចសិក្សាលើជំនាញនេះ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: